SHANE WORRELL និង ផាក់ ស៊ាងលី ភ្នំពេញប៉ុស្តិ ថ្ងៃទី១៨ កក្កដា ២០១២
ប៉ោយប៉ែតៈ ប្រជាពលរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលបានអះអាងកាលពីម្សិលមិញថា ប្រជាពលរដ្ឋជិត១ពាន់គ្រួសារដែលរស់នៅតាមដងផ្លូវរថភ្លើងក្នុងក្រុងប៉ោយប៉ែត ត្រូវបានដាក់ឱសានវាទឲ្យ១០ថ្ងៃដើម្បីរើទ្រព្យសម្បត្តិចាកចេញទៅរកកន្លែង តាំងលំនៅថ្មី ខណៈត្រូវបណ្តេញចេញដោយបង្ខំ។
លោក អ៊ាង វុទ្ធី មន្រ្តីផ្នែកច្បាប់ប្រចាំអង្គការស្ពានឆ្ពោះទៅកាន់សន្តិភាព កម្ពុជាមានប្រសាសន៍ថា៖ សេចក្តីជូនដំណឹងអំពីការបណ្តេញចេញធ្វើដោយសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះ ព្រមានថា នឹងមានការខាតបង់ ប្រសិនក្រុមគ្រួសារអ្នកទាំងនេះមិនរុះរើផ្ទះនិងសំណង់ផ្សេង ទៀតចេញទេ។
លោក អ៊ាង វុទ្ធី បានបន្តថា៖ «ការសម្រេចជាចុងក្រោយបានលើកឡើងថា ប្រសិនបើពួកគេខកខានមិនបានធ្វើតាមកាលបរិច្ឆេទដាក់ឱសានវាទនេះទេ សាលាក្រុងនឹងចាត់វិធានការតាមច្បាប់ នឹងមិនទទួលខុសត្រូវចំពោះការខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិ ពួកគេឡើយ»។
លោកនិយាយទៀតដែរថា៖«ប្រជាពលរដ្ឋតំបន់នោះមានការភ័យព្រួយដោយសារ ពួកគេគិតថា មិនមានឱកាសចរចា»។
ប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ ត្រូវបានបណ្តេញចេញពីតំបន់ក្នុងក្រុងប៉ោយប៉ែត ដើម្បីយកកន្លែងជួសជុលផ្លូវរថភ្លើងឡើងវិញ ដែលគម្រោងនេះមានការពាក់ព័ន្ធជាមួយរដ្ឋាភិបាលនិងផ្តល់មូលនិធិដោយ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងជំនួយពីរដ្ឋាភិបាលអូស្រ្តាលីតាម រយៈភ្នាក់ងារអភិវឌ្ឍន៍អូស្ត្រាលីអូសអេដ(AusAID)។
លោក អ៊ាង វុទ្ធី បានបន្ថែមថា៖«ការប្រកាសជូនដំណឹងពីការបណ្តេញពលរដ្ឋប្រមាណ១ពាន់គ្រួសារនេះ ចេញពីតំបន់ពួកគេធ្លាប់រស់នៅ វាផ្ទុយទៅនឹងការិយាល័យសម្របសម្រួលគម្រោងពិសេសរបស់ ADB ដែលបាននិយាយសន្យាថា នឹងពុំមានការបណ្តេញចេញបែបនេះទេ។
លោក អាន ទិត្យ ជាពលរដ្ឋអាយុ៤២ឆ្នាំ បានរៀបរាប់ថា គ្រួសាររបស់លោកមិនទាន់បានទទួលសំណងអីទេ។
លោកនិយាយថា៖ «ខ្ញុំនឹងមិនចេញពីទីនេះទេ ប្រសិនមិនបានទទួលសំណងទេនោះ»។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានបញ្ជាក់ដែរថា គ្រប់ក្រុមគ្រួសារដែលប៉ះពាល់នោះបានទទួលសំណងរួចហើយ។
លោកបានបន្ថែមទៀតថា ការចាកចេញនេះវាគឺជាកាតព្វកិច្ចរបស់ពួកគាត់ ដែលត្រូវតែចាកចេញពីទីនោះជាចាំបាច់ ហើយលោកគិតថា មិនមានការបង្ខិតបង្ខំប្រជាពលរដ្ឋណាម្នាក់នោះឡើយ។
ពីម្សិលមិញ ADB មិនឆ្លើយតបមកភ្នំពេញ ប៉ុសិ៍្តទេ៕
