ជន ស្រីណុច និង អ៊ឹង ប៊ុនថន VOD ថ្ងៃទី១៨ កក្កដា ២០១២
ប្រជាពលរដ្ឋប្រមាណជា៥០គ្រួសារត្រូវប្រឈមនឹងបណ្តេញចេញពីផ្លូវដែក ស្ថិតនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរបានដាក់ឱសានវាទ ឲ្យចាប់ផ្តើមរុះរើពីថ្ងៃទី១៦ខែកក្កដានេះ និងត្រូវឲ្យរួចរាល់ក្នុងរយៈពេលត្រឹមតែ១០ថ្ងៃខាងមុខ ដោយមិនមានសំណងសមរម្យឡើយ ។
តំណាងពលរដ្ឋម្នាក់ឈ្មោះ គង់ ផល្លី បានប្រាប់VODនៅថ្ងៃពុធនេះថា អាជ្ញាធរបានស្រែកគំរាមឲ្យប្រជាពលរដ្ឋដែលរស់នៅលើផ្លូវដែកទាំងអស់ឆាប់ចេញជាប្រញាប់ ដោយមិនមានសំណងសមរម្យទេ។ ពលរដ្ឋរូបនេះបន្តថា មិនមានពលរដ្ឋណាម្នាក់សុខចិត្តឡើយ ព្រោះសំណងដែលឲ្យនោះគឺមួយគ្រួសារខ្លះឲ្យត្រឹមតែ១០ដុល្លារប៉ុណ្ណោះ ហើយពលរដ្ឋទាំងអស់នៅតែទាមទារឲ្យសាលាក្រុងប៉ោយប៉ែតគោរពតាមគោលនយោបាយ ធនាគារអភិវឌ្ឍន៍អាស៊ីADB ៖”
មន្រ្តីអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ថ្លែងថា ករណីបណ្តេញពលរដ្ឋចេញនេះលោកថា មិនមែនខុសច្បាប់ទេតែលោកសុំឲ្យរាជរដ្ឋាភិបាល ពិនិត្យឡើងវិញដើម្បីផ្តល់ជាសំណងឲ្យបានសមរម្យជាមុនសិន ៖”
អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុង អឿន មានប្រសាសន៍ថា រដ្ឋាភិបាលបានចំណាយលុយប្រមាណ១,៥លានដុល្លារ សម្រាប់ជាថ្នូរនឹងការជម្លៀសពលរដ្ឋទាំងនោះ។តែទទួលស្គាល់ថា គ្រួសារពលរដ្ឋខ្លះ បានសំណងតិចតួចដែរ៖”
ការិយាល័យសម្របសម្រួលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ធ្លាប់បានចេញសេចក្តីប្រកាសថានឹងមិនមានការបណ្តេញប្រជាពលរដ្ឋចេញទាំងបង្ខំនោះទេ តែបើដេញត្រូវមានសំណងសមរម្យជួនប្រជាពលរដ្ឋ ។ គួរបញ្ជាក់ថា ផ្លូវដែកនោះគឺសាងសង់ពីភ្នំពេញទៅប៉ោយប៉ែត និងពីភ្នំពេញទៅក្រុងព្រះសីហនុ មានប្រវែងសរុប៦០០គីឡូម៉ែត៕