ប្រព័ន្ធ​ផ្លូវ​ដែក​ធ្វើ​ឲ្យ​កម្ពុជា​ប្រកួត​ប្រជែង​ខាង​តម្លៃ

STUART ALAN , Phnom Penh Post,ថ្ងៃពុធ ទី ១៨ខែមេសា ឆ្នាំ ២០១២

ផ្លូវដែកទុកចោលមិនប្រើប្រាស់។ ផ្លូវដែកនេះនឹងត្រូវគេជួសជុលឡើងវិញសម្រាប់ការដឹកជញ្ជូន។

 ភ្នំពេញៈ បើកម្ពុជានឹងក្លាយជាតួអង្គមួយនៅទីផ្សារអង្ករក្នុងពិភពលោក ប្រព័ន្ធផ្លូវដែកត្រូវតែធ្វើឲ្យបានរួចរាល់ក្នុងឆ្នាំ២០១៣។ នេះបើតាមលោក ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុននាំអង្ករមេគង្គអូរីហ្សា។

លោក ហ៊ុន ឡាក់ លើកឡើងថា ការកាត់បន្ថយការដឹកជញ្ជូនពីដែនដីជង្រុកស្រូវនៅប៉ែកពាយ័ព្យប្រទេសកម្ពុជា មករាជធានីភ្នំពេញគឺសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យ កម្ពុជាអាចប្រកួតប្រជែងនៅលើទីផ្សារអង្ករអន្តរជាតិបាន។

លោកថ្លែងថា៖ «ថ្លៃដឹកជញ្ជូនជាកង្វល់ដ៏សំខាន់មួយនៅឡើយ។ ប្រព័ន្ធផ្លូវដែកជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព និងគួរឲ្យជឿទុកចិត្តបំផុតក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនការប្រកួតប្រជែងខាងទីផ្សារពិតប្រាកដមួយសម្រាប់អង្ករ របស់យើង»។

ផ្នែកជាច្រើននៃបឹងទន្លេសាបមានជម្រៅរាក់ខ្លាំងពេកសម្រាប់ការ ដឹកជញ្ជូនអង្ករតាមផ្លូវទឹក ដូច្នេះមានតែតាមរយៈផ្លូវរថភ្លើង ទើបជាវិធីដ៏មានប្រសិទ្ធភាពបំផុត ដើម្បីសម្រេចបានទិសដៅនាំចេញអង្ករត្រឹមឆ្នាំ២០១៥។

លោក ហ៊ុន ឡាក់ និយាយថា៖ «ការបណ្ដាក់ទុនដ៏ធំមួយក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធដូចជា ប្រព័ន្ធផ្លូវទឹក និងផ្លូវរថភ្លើង នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនសម្រាប់កសិផលរបស់កម្ពុជា»។

លោកបន្ថែមថា គួរតែមានអាទិភាពមួយក្នុងការដាក់ឲ្យដំណើរការពីក្រុង ប៉ោយប៉ែត ទៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ដែលជាផ្នែកមួយក្នុងការធ្វើឲ្យមានទំនាក់ទំនងជាមួយអាស៊ាន កាន់តែខ្លាំងឡើងៗ។

លោកបានថ្លែងថា៖ «ហេតុអ្វីបានជាគេមិនចាប់ផ្ដើមពីក្រុងប៉ោយប៉ែត បន្ទាប់មកទៅកាន់ខេត្តបាត់ដំបង និងរាជធានីភ្នំពេញទៅ? ផ្លូវនេះនឹងបន្តភ្ជាប់ទៅដល់ប្រទេសថៃ និងផ្លូវរថភ្លើងអាស៊ានផ្សេងៗទៀត។ ការដាក់ឲ្យដំណើរការនូវផ្លូវរថភ្លើងកាន់តែឆាប់ ថ្លៃដឹកជញ្ជូនក៏កាន់តែថយចុះ។ វិធីនេះនឹងធ្វើឲ្យទំនិញកម្ពុជាអាចនឹងប្រកួតប្រជែងក្នុង ទីផ្សារពិភពលោកបាន។ យើងសង្ឃឹមថានឹងបន្ថយតម្លៃបានយ៉ាងហោចណាស់ក៏ពាក់កណ្ដាលដែរ បើសិនជាផ្លូវរថភ្លើងដាក់ឲ្យដំណើរការតាមគម្រោងមែននោះ»។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាផលិតបាន ស្រូវប្រហែល៨លានតោន ហើយចំនួននេះអាចផលិតចេញជាអង្ករបានជាង១,៥លានសម្រាប់ការនាំ ចេញ ប៉ុន្តែប្រជាកសិករ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវជាច្រើនមិនមានទុនគ្រប់គ្រាន់សម្រាប់នាំយកស្រូវមកកែច្នៃ និងនាំចេញទេ។

លោកអំពាវនាវឲ្យរដ្ឋាភិបាលបង្កើត «ឃ្លាំងសម្រាប់ស្តុកស្រូវ» មួយជាមួយការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ប្រជាកសិករដើម្បីឲ្យ ពួកគាត់អាចពង្រីកជង្រុកស្រូវ និងការផលិតរបស់ពួកគាត់បាន។ទោះបីជាផុតរដូវច្រូតកាត់ហើយក៏ដោយ ក៏យើងនៅតែមានស្រូវជាច្រើនដើម្បីនាំចេញទៅប្រទេសជិតខាង យើងដែរ»។

ការស្តុកទុកស្រូវនៅក្នុងប្រទេសនឹងជួយបំពេញតាមបរិមាណនៃការបញ្ជាទិញពីអន្តរជាតិដែរ»។

លោក ឡាក់ ថ្លែងថា៖ «លោកតែងតែជួបប្រជាកសិករ ហើយពួកគាត់ជាញឹកញាប់ចង់ចុះកិច្ចសន្យាបញ្ជាទិញក្នុងទ្រង់ទ្រាយ ធំទាំងអង្ករផ្កាខ្ញី និងអង្ករធម្មតា។ ប៉ុន្តែយើងមិនអាចបំពេញតាមការបញ្ជាទិញក្នុងទំហំដ៏ធំបែបនេះទេ ព្រោះយើងមានស្រូវមិនគ្រប់នៅក្នុងឃ្លាំង។ គុណភាពរោងម៉ាស៊ីនកិនស្រូវមិនទាន់គ្រប់គ្រាន់»។

ថ្លៃដឹកជញ្ជូនជាអ្នកធ្វើឲ្យតម្លៃអង្ករប្រែប្រួល។ ប្រទេសឥណ្ឌា និងវៀតណាមកំពុងគ្រប់គ្រងតម្លៃប្រកួតប្រជែងនៅក្នុងទីផ្សារ នាំចេញទាំងនេះ។

លោកបានថ្លែងថា៖ «អង្ករនៅឥណ្ឌាអាចនាំចេញក្នុងតម្លៃ៤៤០ដុល្លារក្នុងមួយតោន (ដឹកតាមនាវា)បើធៀបនឹងកម្ពុជា មានតម្លៃ៥០៥ដុល្លារ ក្នុងមួយតោនសម្រាប់អង្ករបាក់៥ភាគរយ»។ លោកលើកឡើងថា៖ «ថ្មីៗនេះវៀតណាមបានទម្លាក់ថ្លៃអង្ករមកត្រឹម៤២០ដុល្លារក្នុង មួយតោន ហើយភាគច្រើនវៀតណាមពឹងផ្អែកទៅលើទីផ្សារអាហ្វ្រិក និងចិន។ ថ្មីៗនេះដែរអាហ្វ្រិកបាននាំចូលអង្ករពីឥណ្ឌា ទើបធ្វើឲ្យវៀតណាមទម្លាក់តម្លៃរបស់ខ្លួន ដើម្បីប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ បណ្ដាប្រទេសអឺរ៉ុបក៏កំពុងតែស្វែងរកទិញអង្ករពីវៀតណាមផង ដែរ»។

លោក ហ៊ុន មានប្រសាសន៍ថា ការនាំចេញអង្ករកម្ពុជាទៅអឺរ៉ុបនឹងមានផលពិបាក ព្រោះតម្លៃអង្កររបស់យើងថ្លៃជាងគេ ហើយយើងមិនអាចលក់ចេញបានក្រោមតម្លៃអប្បបរមាបានទេ»។

ឥណ្ឌាគ្រោងនឹងនាំចេញអង្ករពី៤លានតោនទៅ៥លានតោននៅឆ្នាំនេះ ជាមួយតម្លៃដឹកតាមនាវាពី៤២០ ទៅ៤៥០ដុល្លារ សម្រាប់អង្ករបាក់មួយតោន រីឯវៀតណាមវិញប្រកាសថាខ្លួននឹងនាំចេញ៧លានតោននៅ២០១២ ក្នុងតម្លៃដឹកតាមនាវាចន្លោះពី៤១០ ទៅ៤៤០ដុល្លារក្នុងមួយតោន»។

លោក ហ៊ុន ឡាក់ បន្តថា៖ «នេះមានន័យថា កសិករខ្មែរ នឹងមានពេលវេលាចង្អៀតក្នុងការប្រកួតប្រជែងដោយសារថ្លៃ សេវាទឹកភ្លើង និងការដឹកជញ្ជូនក្នុងទីផ្សារអង្ករអន្តរជាតិខ្ពស់ជាងគេ»។

កាលពី២០១១ បណ្ដាប្រទេសជិតខាងកម្ពុជាបានដើរតួនាទីដ៏ធំមួយនៅក្នុងការកំណត់ តម្លៃអង្ករនៅក្នុងទីផ្សារ។ ថៃជាប្រទេសនាំចេញអង្ករដ៏ធំបំផុតក្នុងពិភពលោកក៏បានទម្លាក់ តម្លៃដឹកតាមនាវាពី៦១០ មកត្រឹម៥២០ដុល្លារសម្រាប់អង្ករបាក់៥ភាគរយផងដែរ។

ប្រជាពលរដ្ឋកម្ពុជាជាង៨០ភាគរយរស់នៅជនបទ ហើយពួកគេភាគច្រើនរស់នៅពឹងផ្អែកលើការដាំស្រូវ។ អ្នកជំនាញជាច្រើនបានបញ្ចេញមតិទូទៅថា ការនាំចេញអង្ករក្នុងទ្រង់ទ្រាយធំ និងបានចំណេញច្រើនគឺជាវិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីខែតុលាឆ្នាំមុនស្ដីពីការបង្កើតវិស័យរដ្ឋាភិបាល និងឯកជនរួមគ្នាហៅថាក្រុមការងារ៩ ដើម្បីបង្កើនវិស័យអង្ករ។ ជាលទ្ធផលរដ្ឋាភិបាលបានលុបបំបាត់ពន្ធលើការនាំចេញអង្ករមួយភាគរយ ដែលកាត់បន្ថយតម្លៃដឹកជញ្ជូនសរុបពី៣៥ មកត្រឹម៣០ដុល្លារក្នុងមួយតោន ហើយកាលពីឆ្នាំ២០១០ ធ្លាក់ពី៤៥ មកត្រឹម៣៨ដុល្លារ។

លោក ហ៊ុន ថ្លែងថា៖ «តម្លៃទីផ្សារអង្ករយើងមានកម្រិតខ្ពស់នៅឡើយបើធៀបនឹងវៀតណាម និងថៃ។ ថ្លៃដឹកជញ្ជូនរបស់គេសរុបទាំងអស់មានចំនួនប្រហែលពី១៥ដុល្លារ ទៅ ២០ដុល្លារប៉ុណ្ណោះក្នុងមួយតោន»។

លោកបន្តថា ប្រជាកសិករគួរតែផ្ដោតទៅការដាំស្រូវផ្កាខ្ញីដើម្បីទទួលបានផលចំណេញកាន់តែប្រសើរជាងមុន។

លោកបានលើកឡើងថា៖ «ពាក់ព័ន្ធនឹងសន្ទុះតម្លៃទីផ្សារសម្រាប់អង្កររបស់យើង  យើងត្រូវស្វែងយល់ឲ្យបានច្រើនស៊ីជម្រៅពីតម្លៃទីផ្សារ និងតម្រូវការអង្ករអន្តរជាតិ។ ឥណ្ឌា និងវៀតណាម ជាតួអង្គកំណត់តម្លៃទីផ្សារអង្ករដ៏សំខាន់។ យើងមិនអាចនិយាយថា តម្លៃអង្កររបស់យើងថ្លៃប៉ុណ្ណេះ ឬប៉ុណ្ណោះ បានទេ ព្រោះពេលនេះតម្លៃមិនទាន់កំណត់ច្បាស់នៅឡើយទេ»៕ PN