ការ​ផ្តល់​ប្រាក់​ស្តារ​ផ្លូវ​ដែក​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ធ្លាក់​ចុះ

NATALIE BUGALSKI ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី០៥ កក្តដា ២០១២

120705_02a

ស្ត្រីរងគ្រោះដោយការបណ្តេញចេញពីផ្លូវដែកកាន់មេទ្វារផ្ទះនៅកន្លែងតាំងទីលំនៅថ្មីភូមិត្រពាំងអញ្ចាញ។ លីណា

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB )បានបង្ហោះខ្សែវីដេអូខ្លីមួយ នៅលើគេហទំព័ររបស់ខ្លួន បង្ហាញពីផលប៉ះពាល់ នៃការតាំងទីលំនៅថ្មីនៃប្រជាពលរដ្ឋកម្ពុជា ដែលប៉ះពាល់ដោយគម្រោងស្តារឡើងវិញផ្លូវដែកដែលខ្លួនបានផ្តល់ ថវិកា។

ដោយលើកឡើង ពីលក្ខណៈប្រសើរជាច្រើន ចំពោះជីវភាពរស់នៅរបស់ពលរដ្ឋ វីដេអូរយៈពេល ៣ នាទីនោះ បានបង្ហាញពីដំណើរការ នៃការរើទៅតាំងទីលំនៅថ្មីថាជាជោគជ័យដ៏ធំមួយ ដែលផ្តល់ប្រយោជន៍ទៅដល់គ្រួសារពលរដ្ឋកម្ពុជាក្រីក្រ ដែលបច្ចុប្បន្ន ឬទៅថ្ងៃអនាគត មានជីវភាពប្រសើរជាងនៅគម្រោងស្តារផ្លូវដែកនេះចាប់ផ្តើម។ ទោះបីសំឡេងអ្នកអត្ថាធិប្បាយដ៏ស្រទន់ បានលើកឡើងយ៉ាងខ្លីថា វាមានការរិះគន់ និងទុក្ខវេទនាមួយចំនួនក្តី នាយកប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ីបានប្រញាប់ធ្វើការធានា ចំពោះអ្នកមើលថា ធនាគារកំពុងសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធានាថា បញ្ហាដែលនៅសេសសល់ត្រូវបានដោះស្រាយ។

នេះជាផ្នែកមួយ នៃការឃោសនាដែលធ្វើឲ្យលោក Goebbels មុខក្រហម។ កាលពីខែមុន ខណៈធនាគារអភិវឌ្ឍន៍អាស៊ីរវល់ធ្វើការពន្យល់បកស្រាយ ផ្នែកនៃទំនាក់ទំនងសាធារណៈនេះ ក្រុមអង្គការសិទ្ធិមនុស្សលីកាដូបានធ្វើការងារយ៉ាងមានប្រយោជន៍ ដោយបានចែកជូនក្រុមគ្រួសារពលរដ្ឋដែលប៉ះពាល់ ដោយសារគម្រោងផ្លូវដែកនោះ នូវជំនួយសង្គ្រោះបន្ទាន់មនុស្សធម៌។ ពលរដ្ឋជាច្រើនគ្រួសារ ដែលបច្ចុប្បន្ន កំពុងរស់នៅកន្លែងតាំងទីលំនៅថ្មី នៅជាយក្រុងភ្នំពេញ កំពុងប្រវេប្រវាជាមួយនឹងទម្ងន់នៃបំណុលវ័ណ្ឌក ហើយមើលទៅ មិនអាចសងបំណុលគេរួចទេ។ ដំណើរការបណ្តេញចេញយ៉ាងខ្ជីខ្ជានេះបានរុញច្រានពលរដ្ឋទាំងនេះជា ច្រើនឲ្យធ្លាក់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ក្នុងប្រទេសកម្ពុជាដោយសារតែការបាត់បង់ការងារ ឬការធ្លាក់ចុះប្រាក់ចំណូលយ៉ាងគំហុក។

អ្នកស្រីសុវណ្ណា ជាម្តាយវ័យ ៤៦ ឆ្នាំម្នាក់ ដែលបានសម្ភាសនៅក្នុងរបាយការណ៍ថ្មី ដែលមានចំណងជើងថា បាត់បង់ដីរបស់សមាគមធាងត្នោត បានឲ្យដឹងថា ចំណូលយ៉ាងរលូន របស់គ្រួសារអ្នកស្រី បានធ្លាក់ចុះពី ២២៥ ដុល្លារ នៅមុនពេលមកតាំងទីលំនៅថ្មី មកនៅត្រឹមតែ ៣២ ដុល្លារ នៅទីតាំងថ្មីនៅជាយរាជធានីក្នុងសង្កាត់ត្រពាំងអញ្ចាញ។

មិនខុសពីគ្រួសារពលរដ្ឋប៉ះពាល់ភាគច្រើនទេ អ្នកស្រីសុវណ្ណា(ដែលមិនមែនជាឈ្មោះពិតរបស់គាត់) បានខ្ចីបុលប្រាក់កាក់ពីអ្នកចងការប្រាក់ ដើម្បីចំណាយលើការសាងសង់លំនៅដ្ឋានថ្មី របស់អ្នកស្រី ព្រោះប្រាក់ ៧៥០ ដុល្លារដែលអ្នកស្រីទទួលបានជាសំណងនោះមិនគ្រប់គ្រាន់ឡើយ។ អ្នកស្រីឥឡូវនេះ មិនអាចរកប្រាក់សងគេក្នុងមួយខែ ៧២ ដុល្លារបានទេ ហើយមិនយូរទេនឹងបាត់បង់ដីឡូត៍របស់គាត់ ទៅឲ្យអ្នកចងការប្រាក់។

ពលរដ្ឋ ៥ គ្រួសារ ក្នុងសង្កាត់ត្រពាំងអញ្ចាញ បានរាយការណ៍ថា ពួកគេបានបាត់បង់ដីឡូត៍របស់ពួកគេទៅហើយ ហើយបានរស់នៅគ្មានទីជម្រក ដោយសារតែគម្រោងការអភិវឌ្ឍនោះ។

គ្រួសារទាំងនេះមិនមែនប្រឈមមុខនឹងផលប៉ះពាល់កើតឡើងដោយចេតនា ពីការបណ្តេញចេញយ៉ាងអាក្រក់នៅក្នុងនាមនៃការអភិវឌ្ឍតែឯងនោះទេ។

កាលពីខែកុម្ភៈ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ស្ពានទៅកាត់ព្រំដែន បានចេញផ្សាយរបាយការណ៍មួយ ដែលមានចំណងជើងថា «ខុសផ្លូវ» ដែលបានពណ៌នាលម្អិត ពីទុក្ខវេទនារបស់ក្រុមគ្រួសារពលរដ្ឋដែលត្រូវបានឲ្យទៅតាំងទី លំនៅថ្មីព្រោះតែគម្រោងស្តារផ្លូវដែករបស់កម្ពុជាទាំងនោះ។

របាយការណ៍នេះ បានកត់ត្រានូវការបរាជ័យផ្ទួនៗក្នុងការគោរពគោលការណ៍ការពាររបស់ ធនាគារអភិវឌ្ឍន៍អាស៊ីខ្លួនឯង បណ្តាលឲ្យមានហានិភ័យ នៃភាពក្រីក្រអូសបន្លាយយូរកើតឡើងចំពោះពលរដ្ឋដែលប៉ះពាល់នៅ ទូទាំងប្រទេស។ ទោះបីប្រាកដណាស់ គ្រួសារពលរដ្ឋមួយចំនួនបានទទួលអត្ថប្រយោជន៍ ពីការតាំងទីលំនៅថ្មីនេះក្តី វាពុំមានចម្ងល់ទេដែលថា ពលរដ្ឋជាច្រើនទៀតជួបនូវបញ្ហា។ ធនាគារអភិវឌ្ឍន៍អាស៊ី ដឹងយ៉ាងច្បាស់អំពីបញ្ហានេះ។

ស្ថាប័ននេះ បានថតចម្លងពាក្យតវ៉ា ពីពលរដ្ឋប៉ះពាល់រាប់រយ ហើយបុគ្គលិករបស់ខ្លួន បានចូលរួមការប្រជុំជាច្រើនដែលក្នុងពេលទាំងនោះ តំណាងសហគមន៍បានរៀបរាប់លម្អិតពីស្ថានភាពលំបាកលំបិនដែលពួកគេ ប្រឈមមុខនៅទីតាំងថ្មីទាំងនោះ។ គ្រួសារពលរដ្ឋដែលត្រូវបានឲ្យមកតាំងទីលំនៅថ្មីទាំងនោះ បានសរសេរលិខិតផ្ញើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ស្នើសុំកម្ចី ដើម្បីពួកគេអាចចិញ្ចឹមគ្រួសារពួកគេបាន។

ពាក្យតវ៉ាយ៉ាងវែងដែលសរសេរពីការរំលោភគោលការណ៍ជាច្រើន និងការរងទុក្ខវេទនា ដែលជាលទ្ធផលបណ្តាលមកពីគម្រោងផ្លូវដែកនោះ ត្រូវបានផ្ញើទៅឲ្យយន្តការគណនេយ្យភាពផ្ទៃក្នុងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដោយប្រជាពលរដ្ឋប៉ះពាល់ចំនួន ១៥០ គ្រួសារ។

ទោះបីវាបង្ហាញឲ្យឃើញកាន់តែច្បាស់បែបនេះក្តី ដោយមិនទទួលស្គាល់ពីមហន្តរាយកើតចេញពីការតាំងទីលំនៅថ្មី និងមិនទទួលថា ខ្លួនមានការទទួលខុសត្រូវក្នុងកម្រិតណាមួយនោះ ចំពោះការបំផ្លាញការរស់នៅរបស់ប្រជាជន ម៉ាស៊ីនឃោសនារបស់ធនាគារអភិវឌ្ឍន៍អាស៊ីត្រូវបានបង្កើនថាមពលឡើង។

វីឌីអូនេះ គឺជាការប្រើប្រាស់ថវិកាសាធារណៈពុំបានល្អ ដើម្បីបិទបាំងការរំលោភបំពានលើសិទ្ធិមនុស្ស ដែលបានកើតឡើងទៅលើគ្រួសារពលរដ្ឋក្រីក្របំផុតមួយចំនួន ក្នុងប្រទេសកម្ពុជា ដោយសារគម្រោងអភិវឌ្ឍន៍ដែលគ្រប់គ្រងកាន់តែខុសច្រើនឡើង ក្រោមជំនួយហិរញ្ញវត្ថុ ពីស្ថាប័នដែលមានតួនាទី ប្រឆាំងនឹងភាពក្រីក្រនៅទ្វីបអាស៊ីនេះ៕