ទុក​១០​ថ្ងៃ​ឲ្យ​អ្នក​នៅ​តំបន់​ផ្លូវ​រថភ្លើង​រើ​ផ្ទះ

SHANE WORRELL និង ​​ផាក់​ ស៊ាង​លី​ ភ្នំពេញប៉ុស្តិ ថ្ងៃទី១៨ កក្កដា​ ២០១២

ប៉ោយប៉ែតៈ ប្រជាពលរដ្ឋ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​ជិត​១ពាន់​គ្រួសារ​ដែល​រស់នៅ​តាម​ដង​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ដាក់​ឱសានវាទ​ឲ្យ​១០​ថ្ងៃ​ដើម្បី​រើ​ទ្រព្យ​សម្បត្តិ​ចាកចេញ​ទៅ​រក​កន្លែង តាំង​លំនៅ​ថ្មី ខណៈ​ត្រូវ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

លោក អ៊ាង វុទ្ធី មន្រ្តី​ផ្នែក​ច្បាប់​ប្រចាំ​អង្គការ​ស្ពាន​ឆ្ពោះ​ទៅ​កាន់​សន្តិភាព កម្ពុជា​មាន​ប្រសាសន៍​ថា​៖ សេចក្តី​ជូន​ដំណឹង​អំពី​ការ​បណ្តេញ​ចេញ​ធ្វើ​ដោយ​សាលាក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នោះ ព្រមាន​ថា នឹង​មាន​ការ​ខាត​បង់ ប្រសិន​ក្រុម​គ្រួសារ​អ្នក​ទាំង​នេះ​មិន​រុះរើ​ផ្ទះ​និង​សំណង់​ផ្សេង ទៀត​ចេញ​ទេ​។

លោក អ៊ាង វុទ្ធី បាន​បន្ត​ថា​៖ «ការ​សម្រេច​ជា​ចុង​ក្រោយ​បាន​លើក​ឡើង​ថា ប្រសិន​បើ​ពួក​គេ​ខកខាន​មិន​បាន​ធ្វើ​តាម​កាល​បរិច្ឆេទ​ដាក់​ឱសានវាទ​នេះ​ទេ សាលា​ក្រុង​នឹង​ចាត់​វិធានការ​តាម​ច្បាប់ នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​និង​បាត់បង់​ទ្រព្យ​សម្បត្តិ​ ពួក​គេ​ឡើយ​»​។

លោក​និយាយ​ទៀត​ដែរ​ថា​៖«ប្រជាពលរដ្ឋ​តំបន់​នោះ​មាន​ការ​ភ័យព្រួយ​ដោយ​សារ ពួក​គេ​គិត​ថា មិន​មាន​ឱកាស​ចរចា​»។

ប្រជាពលរដ្ឋ​ប្រមាណ​៧០០​គ្រួសារ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំបន់​ក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បី​​យក​កន្លែង​ជួសជុល​ផ្លូវ​រថភ្លើង​ឡើង​វិញ​ ដែល​គម្រោង​នេះ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​និង​ផ្តល់​មូលនិធិ​ដោយ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)និង​ជំនួយ​ពី​រដ្ឋាភិបាល​អូស្រ្តាលី​តាម រយៈ​ភ្នាក់ងារ​អភិវឌ្ឍន៍​អូស្ត្រាលី​អូសអេដ(AusAID​)។​

លោក អ៊ាង វុទ្ធី បាន​បន្ថែម​ថា៖«ការ​ប្រកាស​ជូន​ដំណឹង​ពី​ការ​បណ្តេញ​ពលរដ្ឋ​ប្រមាណ​១​ពាន់​គ្រួសារ​នេះ ចេញ​ពី​តំបន់​ពួក​គេ​ធ្លាប់​រស់​នៅ វា​ផ្ទុយ​ទៅ​នឹង​ការិយាល័យ​សម្រប​សម្រួល​គម្រោង​ពិសេស​របស់ ADB ដែល​បាន​និយាយ​សន្យា​ថា នឹង​ពុំ​មាន​ការ​បណ្តេញ​ចេញ​បែប​​នេះ​ទេ។

លោក អាន ទិត្យ​ ជា​ពលរដ្ឋ​អាយុ​៤២​ឆ្នាំ​ បាន​រៀប​រាប់​ថា គ្រួសារ​របស់​លោក​មិន​ទាន់​បាន​ទទួល​សំណង​អី​ទេ។

លោក​និយាយ​ថា​៖ «​ខ្ញុំ​នឹង​មិន​ចេញ​ពី​ទីនេះ​ទេ ប្រសិន​មិន​បាន​ទទួល​សំណង​ទេ​នោះ»។​

ប៉ុន្តែ ទោះ​ជាយ៉ាង​ណាក៏​ដោយ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក​ អ៊ុក កែវរតនៈ​ បាន​បញ្ជាក់​ដែរ​ថា គ្រប់​ក្រុម​គ្រួសារ​ដែល​ប៉ះពាល់​នោះ​បាន​ទទួល​សំណង​រួច​ហើយ​។​

លោក​បាន​បន្ថែម​ទៀត​ថា ការ​ចាក​ចេញ​នេះ​វា​គឺជា​កាតព្វ​កិច្ច​របស់​ពួក​គាត់​ ដែល​ត្រូវ​​តែ​ចាក​ចេញ​ពី​ទីនោះ​ជា​ចាំបាច់​ ហើយ​លោក​គិត​ថា ​មិន​មាន​ការ​បង្ខិត​បង្ខំ​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​នោះ​ឡើយ​។​

ពី​ម្សិលមិញ ADB មិន​ឆ្លើយ​តប​មក​ភ្នំពេញ ប៉ុសិ៍្ត​ទេ៕