១១១​ខ្នង​ផ្ទះ​បង្ខំ​រុះរើ​ពី​គម្រោង​ផ្លូវ​ដែក​នៅ​ប៉ោយ​ប៉ែត

គឹ​ម​​ ​សា​រុំ​​ ភ្នំពេញប៉ុស្តិ៍  ថ្ងៃទី២២ សីហា ២០១២

120822_07

​លំនៅដ្ឋានប្រ​ជ​ាពល​រដ្ឋ​ដែល​តម្រូវ​ឲ្យ​រុះរើ​​ ចេញពីគម្រោង​​ផ្លូវ​ដែក​អាស៊ាន ​នៅ​ក្រុង​​ប៉ោយ​ប៉ែត​​​។ រូបថត សហ​ការី

បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ ១១១ គ្រួសារ ក្នុង​ភូមិ​ចំនួន​៥ នៅ​សង្កាត់​-ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​ប្រឈម​នឹង​ការ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញ ដោយ​សារ​តែ​រស់​នៅ​ប៉ះ​ពាល់​ទៅ​នឹង​គម្រោង​សាង​សង់​ផ្លូវ​ដែក​អាស៊ាន។

លោក ផេង យ៉ារ៉ុន អាយុ ៤៥ឆ្នាំ ក្នុង​ចំណោម​អ្នក​ភូមិ​ប៉ោយ​ប៉ែត ដែល​ត្រូវ​បង្ខំ​ឲ្យ​រើ​ផ្ទះ​ចាក​ចេញ បាន​ឲ្យ​ដឹង​ថា គាត់​បាន​មក​រស់​នៅ​ទីនេះ​ជិត​៥​ឆ្នាំ​ហើយ និង​បាន​ចំណាយ​លុយ​ដែល​បាន​សន្សំ​មក​ទិញ​ដី​នេះ​រស់​នៅ ប៉ុន្តែ​ពេល​នេះ​គាត់​ត្រូវ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត​តម្រូវ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​និង​ផ្តល់​សំណង​ជា​គោល​នយោ​បាយ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

លោកនិយាយ​ថា៖ «ផ្ទះ​និង​ដី​ខ្ញុំ​បើ​លក់​តាម​តម្លៃ​ទីផ្សារ​បាន​ជិត​៦​ពាន់​ដុល្លារ​ដែរ តែ​ឥឡូវ​រដ្ឋ​ផ្តល់​សំណង​ឲ្យ​តែ​ជាង​២​ពាន់​ដុល្លារ​ប៉ុណ្ណោះ។ បើ​ខ្ញុំ​ទទួល​យក​សំណង​នេះ វា​ខុស​គ្នា​ឆ្ងាយ​ពេក​ហើយ បើ​ធៀប​នឹង​តម្លៃ​ទីផ្សារ​ប៉ុន្តែ​យ៉ាង​ណា​ក៏​គង់​តែ​អាជ្ញាធរ​តម្រូវ​ឲ្យ​ខ្ញុំ​ចាក​ចេញ​ដែរ»។

យោង​តាម​សេចក្តី​ជូន​ដំណឹង​លេខ ០៤៦​សជណ ចុះ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២ របស់​សាលា​ក្រុង​ប៉ោយ​ប៉ែត រាល់​សំណង​លំនៅ​ដ្ឋាន​និង​សំណង់​ផ្សេងៗ​គ្រប់​ប្រភេទ​ដែល​សាង​សង់​លើដី​គម្រោង​សាង​សង់​ផ្លូវ​រថភ្លើង ក្នុង​ភូមិ​ទាំង​៥​(ភូមិ​ផ្សារ​កណ្តាល ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ ភូមិ​អូរ​ជ្រៅ ក្បាល​កោះ និង​ភូមិ​ប៉ោយ​ប៉ែត) នឹង​តម្រូវ​ឲ្យ​រុះរើ​ក្នុង​រយៈ​ពេល​៣ថ្ងៃ បន្ទាប់​ពី​ប្រកាស​ជូន​ដំណឹង​នេះ ប៉ុន្តែ មក​ដល់​ពេល​នេះ ប្រជា​ពលរដ្ឋ ១១១​ខ្នង​ផ្ទះ នៅ​មិន​ទាន់​រើផ្ទះ​ចេញ​នៅ​ឡើយ ដោយ​សារ​ការ​ផ្តល់​សំណង​តិច​តួច​មិន​អាច​រក​ភូមិ​ថ្មី​តាំង​ទី​លំនៅ​បាន។

លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ និង​លោក ង៉ោ ម៉េង​ជ្រួន អភិបាល​ក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ម្សិល​មិញ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។ ប៉ុន្តែ មន្រ្តី​សាលា​ក្រុង​ប៉ោយ​ប៉ែត​មិន​ឲ្យ​ចេញ​ឈ្មោះ​បាន​តប​តាម​ទូរស័ព្ទ​មក​ថា មាន​១១១​ខ្នង​ផ្ទះ នៅ​ក្នុង​ភូមិ​ទាំង​៥ ដែល​អាជ្ញាធរ​កំពុង​គិត​គូរ​ផ្តល់​សំណង​គោល​នយោ​បាយ​ជូន​គាត់ ក្នុង​នោះ​មួយ​គ្រួសារៗ​នឹង​ទទួល​បាន​ប្រមាណ ៣ ពាន់​ដុល្លារ​អាមេរិក។

មន្រ្តី​រូប​នោះ​បញ្ជាក់​ថា តាម​គោល​ការណ៍​របស់​អន្តរ​ក្រសួង គិត​ពី​អ័ក្ស​ផ្លូវ​ដែក​ទៅ ៧ ម៉ែត្រ គឺ​មិន​តម្រូវ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ទេ លើក​លែង​តែ​លំនៅ​ដ្ឋាន​មាន​ចម្ងាយ​កៀក​ជាង​នេះ។ មន្ត្រី​នោះ​ថា អ្នក​ដែល​បាន​ចាក​ចេញ​រួច​ហើយ​ប្រមាណ​ជាង​៦០០​គ្រួសារ បាន​ទៅ​តាំង​លំនៅ​ក្នុង​កន្លែង​ថ្មី​ចម្ងាយ​ពី​ទី​តាំង​ចាស់​តែ​ត្រឹម​៧០០​ម៉ែត្រ​ទេ។ ពួក​គាត់​ក្នុង​១​គ្រួសារ​រដ្ឋ​ផ្តល់​ដី​ទំហំ​៧​គុណ​១៥​ម៉ែត្រ​និង​ចាក់​ផ្លូវ​បេតុង​ឲ្យ​ផង។​គម្រោង​ផ្លូវ​ដែក​នេះ​បើ​តាម​មន្រ្តី​ក្រុង​ប៉ោយ​ប៉ែត​បញ្ជាក់​ថា ប៉ះ​ពាល់​លំនៅ​ដ្ឋាន​ពលរដ្ឋ​ប្រវែង​ជាង​២​គីឡូ​ម៉ែត្រ។

លោក សៀ ភារម្យ នាយក​លេខា​ធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​ប្រទេស​ធ្វើ​ឲ្យ​ទីក្រុង​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្អាត រដ្ឋាភិ​បាល​ក៏​គួរ​គិត​គូរ ពី​បញ្ហា​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ដែរ។ លោក​ថា ៖«ដូច្នេះ​គួរ​តែ​មាន​សំណង​សមរម្យ​ជូន​ដល់​ពួក​គាត់»។ លោក​ប្រាប់​ថា ពាក់​ព័ន្ធ​នឹង​ការ​បណ្តេញ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​នេះ នៅ​ភ្នំពេញ​គិត​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ ២០១១​មាន ៥៤​កន្លែង ប៉ះ​ពាល់​ពលរដ្ឋ​១៤៦.៧៩០​នាក់ ហើយ​ខេត្ត​អនុវត្ត​ការ​បង្ខំ​រើ​ផ្ទះ​ពលរដ្ឋ​ដូច​នេះ មាន​ក្រុង​ភ្នំពេញ ខេត្ត​ព្រះ​សីហនុ រតន​គិរី និង សៀមរាប ជា​ដើម៕