រដ្ឋាភិបាល ផ្លាស់ប្តូរក្រុមហ៊ុនវិនិយោគលើរថភ្លើង ដើម្បីឲ្យផ្លូវដែក ដំណើរការឡើងវិញ

រតនា CEN ថ្ងៃទី២០​ កញ្ញា ២០១២

រដ្ឋាភិបាល ផ្លាស់ប្តូរក្រុមហ៊ុនវិនិយោគលើរថភ្លើង ដើម្បីឲ្យផ្លូវដែក ដំណើរការឡើងវិញ
ក្បាលរថភ្លើង របស់ក្រុមហ៊ុនឯកជនអូស្ត្រាលី Toll Holding បើកសម្ពោធលើផ្លូវដែក ពីភ្នំពេញ ទៅកាន់ខេត្តកំពត កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០

ភ្នំពេញ: កាលពីរសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១២ មាន​ពិធី​ចុះហត្ថលេខាលើ​អនុស្សារណៈ​នៃការយោគយល់គ្នា រវាងក្រុមហ៊ុន​អយស្ម័យយាន Toll Royal ជាមួយក្រុមហ៊ុន Richz Electronic Services នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ។ ពិធីនោះ ធ្វើឡើងក្រោមអធិបតីភាពរបស់​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និងដឹកជញ្ជូន ព្រមទាំងវត្តមានរបស់​លោក​ឧកញ៉ា គិត ម៉េង ដែលជា​ប្រធានក្រុមហ៊ុន Toll Royal ព្រមទាំង​តំណាង​ក្រុមហ៊ុន​បរទេសជាច្រើននាក់​ផ្សេង​ទៀត។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នោះ គឺដើម្បីឲ្យមានការទិញ​ក្បាល​រថភ្លើង និង​ទូរថភ្លើង សម្រាប់ដំណើរការផ្លូវដែក ដែលបានជួសជុល និងបើក​សម្ពោធឲ្យប្រើប្រាស់ឡើងវិញ នូវកំណាត់ផ្លូវដែកពីភ្នំពេញ ទៅកាន់ខេត្តកំពត កាលពី​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០១០។

ក្នុងពេលបើកសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវដែកដំបូងនោះ គឺក្រុមហ៊ុនរបស់​ប្រទេសអូស្ត្រាលី Toll Holding ជាអ្នកទទួលបានសម្បទានវិនិយោគលើផ្លូវដែក នៅ​កម្ពុជា ក្នុងកុងត្រារយៈពេល ៣០ ឆ្នាំ។ ប៉ុន្តែក្រោយមក គម្រោងវិនិយោគផ្លូវ​ដែក​នោះ ក៏បានស្ងប់ស្ងាត់ និងធ្វើឲ្យគម្រោងស្តារឡើងវិញនូវផ្លូវដែក ភ្នំពេញ-កំពត និងបន្តដល់​ខេត្ត​ព្រះសីហនុ ដែលត្រូវចំណាយ​ទឹកប្រាក់​សរុប​ចំនួន ១៤១,៦ លានដុល្លារអាមេរិក មិនបានសម្រេចតាមគម្រោង។

តាមគម្រោង ដំណើរការ​ជួសជុល​ស្តារ​ផ្លូវដែក ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​សរុប ២៦៦ គីឡូម៉ែត្រ ត្រូវ​បញ្ចប់ នៅក្នុង​ខែ​ឧសភា ឆ្នាំ​២០១១​។​

.ដំណើរការផ្លូវដែក ក្រោមឈ្មោះក្រុមហ៊ុនថ្មី Toll Royal និងដៃគូថ្មី
​ពិធី​ចុះហត្ថលេខា​លើអនុស្សារណៈនៃការយោគយល់ រវាងក្រុមហ៊ុនអយស្ម័យយាន Toll Royal និងក្រុមហ៊ុន Richz Electronic Services គឺ​សម្រាប់ដំណើរការឡើងវិញ នូវការវិនិយោគលើផ្លូវដែកនៅកម្ពុជា ដោយការ​ទិញ​ក្បាលរថភ្លើង​ថ្មី​ចំនួន ៤​គ្រឿង និង​ទូ​ផ្ទុកទំនិញ​ថ្មី​ចំនួន ១០០ គ្រឿង​បន្ថែមទៀត រួមទាំង​គ្រឿងបន្លាស់​ផ្សេងៗ ដើម្បី​ស្តារ​ផ្លូវ​​រថភ្លើង និង​បង្កើន​ប្រសិទ្ធិភាព ក្នុងការ​ដឹកជញ្ជូនតាមផ្លូវ​ដែក ​នៅ​កម្ពុជា​។

បន្ទាប់ពី​ពិធី​ចុះហត្ថលេខានោះ លោក ត្រាំ អ៊ី​តឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និងដឹក​ជញ្ជូន បាន​មានប្រសាសន៍ថា ការស្ដារ​ឡើង​វិញ​នូវ​ផ្លូវ​រថភ្លើង គឺមិន​មែន​ជា​ភារកិច្ច​របស់​ក្រុមហ៊ុន​អយស្ម័យយាន Toll Royal និង​ក្រុមហ៊ុន Richz Electronic Services ទេ​។ ក្រុមហ៊ុន​ទាំង​ពីរ ដែលចុះហត្ថលេខាពេល​នេះ មាន​ភារកិច្ច​វិនិយោគ​ក្បាល​រថភ្លើង និង​ទូរថភ្លើង​។ ​តែ​ការស្ដារ​ឡើង​វិញនូវ​ផ្លូវ​ដែក​នៅ​កម្ពុជា ជា​ភារកិច្ច​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ជំនួយ​អូស្ដ្រាលី និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាល​កម្ពុជា។

​លោក ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍ថា “​ការស្ដារ​ផ្លូវ​រថភ្លើង​នេះ មិនមែន​ជា​ភារកិច្ច​ក្រុមហ៊ុន​នេះ​ទេ​។ ក្រុមហ៊ុន​នេះ មាន​ភារកិច្ច​របស់​គាត់ គឺ​វិនិយោគ​ទៅលើ​ក្បាល​រថភ្លើង និង​ទូ ដើម្បី​ដឹក​ជញ្ជូន​”​។​

​លោក ត្រាំ អ៊ីវតឹក បាន​បញ្ជាក់បន្ថែម​ថា “​ការវិនិយោគ​ក្បាលម៉ាស៊ីន ទូ គ្រឿងបន្លាស់​ស្អីៗ​ហ្នឹង គឺ​អ្នក​ដែល​ទទួល​នូវ​សម្បទាន​ហ្នឹង គាត់​ត្រូវ​វិនិយោគ​។ អ៊ីចឹង តាម​គម្រោង​ការ​របស់​គាត់ គាត់​វិនិយោគ​បាន ៨១ លាន​ដុល្លារ ក្នុង​រយៈពេល​ដែល​គាត់​ធ្វើ​ប្រតិបត្តិការ នៅក្នុង​សម្បទាន ដែល​រាជរដ្ឋាភិបាល​ប្រគល់ឲ្យ ហើយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ជំនួយ​អូស្ដ្រាលី និង​រាជរដ្ឋាភិបាល គឺ​ផ្ដល់​នូវ​ឥណទាន ដើម្បី​រក​ក្រុមហ៊ុន ដើម្បី​ស្ដារ​ផ្លូវដែក​ឡើងវិញ​”​។​

​លោក​រដ្ឋមន្ត្រី បាន​ឲ្យដឹង​បន្ត​ថា ការស្ដារ​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ព្រះសីហនុ នឹងត្រូវ​បញ្ចប់ នៅ​ចុងឆ្នាំ​២០១២​នេះ ដែល​ក្នុង​អាណត្តិ​មុន​នោះ ក្រុមហ៊ុន​ដេញថ្លៃ​បាន គឺ​ក្រុមហ៊ុន​របស់​បារាំង TSO និង​មាន​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេសពី​ជប៉ុន​ចំនួន​ពីរ​។​

​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏​បាន​បន្ថែមថា រាជរដ្ឋាភិបាល នឹង​ខិតខំ​រក​ទុន​បន្ថែម ដើម្បី​ភ្ជាប់​ផ្លូវ​រថភ្លើង​របស់​កម្ពុជា ទៅ​ប្រទេស​ថៃ ដែល​នៅពេលនេះ ការស្ដារ​ផ្លូវដែក ពី​ស៊ីសុផុន ទៅ​ប៉ោយប៉ែត នៅសល់​តែ​ប្រមាណ ៦ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

​លោក ត្រាំ អ៊ីវតឹក ក៏​បានឲ្យ​ដឹង​ពី​ការយឺតយ៉ាវ​នៃ​ការ​ស្ដារ​ផ្លូវដែក​មួយ​ខ្សែ​នេះ គឺ​ដោយសារតែ​មាន​បញ្ហា​ដោះស្រាយ​ដីធ្លី និង​នៅ​មិនទាន់​ដឹង​ថា ភាគី​ថៃ​ចង់ភ្ជាប់​នៅ​កន្លែងចាស់ ឬក៏​កន្លែង​ថ្មី​នោះ​ទេ​។ ប៉ុន្តែ​ថ្មីៗ​នេះ ភាគី​កម្ពុជា​បាន​ទៅ​ជួប​ជាមួយ​ភាគី​ថៃ ដោយ​ភាគី​ថៃ បានទាមទារ​ភ្ជាប់​នៅ​កន្លែងចាស់​។ ត្រង់​ចំណុច​នេះ ភាគី​ថៃ បាន​លើកឡើង​ថា នៅ​រង់ចាំ​ការឯកភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​យើង ប្រសិនបើ​ឯកភាគ ថៃ​នឹង​ចាប់ផ្ដើម​ធ្វើ​ការតភ្ជាប់​ម​ក​ប៉ោយ​ប៉ែត គឺ​នៅក្នុង​ឆ្នាំក្រោយ​នេះ ដែល​មាន​ប្រវែង ៦​គីឡូម៉ែត្រ ពី​អារញ្ញ មក​ព្រំដែន​កម្ពុជា​។

.សម្ពោធផ្លូវដែកកម្ពុជាឡើងវិញ ក្រោយការស្តា ក្នុងកិច្ចព្រមព្រៀង​ចាស់
កំណាត់​ផ្លូវ​ដែក ពី​ស្ថានីយ​ភ្នំពេញ ទៅ​ស្ថានីយ​ទូក​មាស ក្នុង​ខេត្ត​កំពត ប្រវែង ១១០ គីឡូម៉ែត្រ ដែល​ការសាងសង់​តាម​ស្តង់ដារ​អន្តរជាតិ ត្រូវបាន​បើក​សម្ពោធ ​​ដាក់​ឱ្យ​ប្រើប្រាស់​ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១០​ ក្រោយពីជួសជុល ស្តាឡើងវិញ។

ការស្តារ​ឡើង​វិញ​នូវ​ផ្លូវដែកនោះ ដើម្បីផ្តើមនូវ​សេវាកម្ម​ផ្លូវដែក ដែលនឹង​ផ្តល់​ភាព​ងាយ​​ស្រួល​​ដល់​ប្រព័ន្ធ​ដឹកជញ្ជូន និងផ្តល់​សុវត្ថិភាព ​សម្រាប់ដឹក​ទំនិញ​ធុន​ធ្ងន់ និង​ប្រកប​​ដោយ​​គ្រោះថ្នាក់ ដូចជា ស៊ីម៉ង់ត៍ និង​កុងទឺណឺ​ ប្រេង ដែលសព្វថ្ងៃ ​កំពុង​ធ្វើ​ការ​ដឹក​​ជញ្ជូន មាន​តម្លៃ​ថ្លៃ និង​ពុំ​សូវ​មាន​សុវត្ថិភាព​ តាមឡាន។ ​

​​ការស្តារ​ផ្លូវដែក​នៅ​កម្ពុជា​ឡើង​វិញ ត្រូវ​ប្រើប្រាស់​នូវ​ទឹកប្រាក់​សរុប​ចំនួន ១៤១,៦ លាន​ដុល្លារ​អាមេរិក ក្នុងនោះ រួមមាន​៖ ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ចំនួន ៨៤ លាន​ដុល្លារ​, ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំនួន ២១,៥ លាន​ដុល្លារ ឥណទាន​​អង្គការ OPEC ចំនួន ១៣ លាន​ដុល្លារ និង​អំណោយ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី នូវ​ដែក​រ៉ៃ គិត​ជា​ទឹកប្រាក់​ចំនួន ២,៨ លាន​ដុល្លារ​អាមេរិក ព្រមទាំង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ចំនួន ២០,៣ លាន​ដុល្លារ​អាមេរិក​។​

​សូម​រម្លឹកថា កំណាត់​ផ្លូវ​ដែក ភ្នំពេញ​-​ទូក​មាស ក្នុង​ខេត្ត​កំពត ដែល​បាន​បើក​សម្ពោធ​កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ស្ថិត​នៅក្នុង​គម្រោង​ជួសជុល​ស្តារ​ផ្លូវដែក ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​សរុប ២៦៦ គីឡូម៉ែត្រ ដែល​ពីមុនកំណត់ថា ​ត្រូវ​បញ្ចប់ នៅក្នុង​ខែ​ឧសភា ឆ្នាំ​២០១១​។​

​គម្រោង​ជួសជុល​ផ្លូវដែក​មាន ៣ ដំណាក់កាល គឺ​ទី​១-​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ មាន​ប្រវែង ២៦៦ គីឡូម៉ែត្រ ដែល​ចែក​ជា​ពីរ​ដំណាក់កាល គឺ​ពី​ភ្នំពេញ ដល់​ស្ថានីយ៍​ទូក​មាស ក្នុង​ខេត្ត​កំពត និង​ស្ថានីយ៍​ទូក​មាស ដល់​ស្ថានីយ៍​ខេត្ត​ព្រះសីហនុ​។ ទី​២-​ភ្នំពេញ​-​សិរី​សោភ័ណ្ឌ ដែល​ចែក​ជា​ពីរ​ដំណាក់កាល គឺ​សិរីសោភ័ណ​-​ប៉ោយ​ប៉ែត ជាប់​ព្រំដែន​ថៃ ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១១ និង​ពី​ភ្នំពេញ ទៅ​សិរី​សោភ័ណ្ឌ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១២​។ ទី​៣-​ការសាងសង់​ស្ថានីយ៍​រថភ្លើង​សំរោង ដែល​ជា​ស្ថានីយ៍​ផ្ទេរ​-​ផ្ទុកទំនិញ និង​ការសាងសង់​ឃ្លាំង​ផ្ទុក​ធំៗ សម្រាប់​បម្រើ​ឲ្យ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក​។ ស្ថានីយ៍​រថភ្លើង​សំរោង ស្ថិត​នៅ​ប្រមាណ ៩ គីឡូម៉ែត្រ ពី​ស្ថានីយ៍​រថភ្លើង​ភ្នំពេញ ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៣​។​
​    ​
ការស្តារ​ឡើង​វិញ​នូវ​បណ្តាញ​ផ្លូវដែក​កម្ពុជា ដើម្បី​ជម្រុញ​ការដឹកជញ្ជូន​ពហុ​រូបភាព និង​សមាហរណកម្ម​ផ្ទៃក្នុង ជាពិសេស ដើម្បី​ធ្វើ​សមាហរណកម្ម​តំបន់ ដោយ​ត​ភ្ជាប់​បណ្ថាញ​ផ្លូវ​ដែកកម្ពុជា ទៅក្នុង​គម្រោង​ផ្លូវ​ដែក​តំបន់​អាស៊ាន​។ នោះ​គឺ​គម្រោង​ផ្លូវ​ដែក​សឹង្ហ​បូរី​-​គុន​មិញ ( SKRL ) ដែល​ត្រូវ​ឆ្លងកាត់​ពី​ប្រទេស​សឹង្ហ​បូរី ម៉ាឡេស៊ី ថៃ កម្ពុជា ទៅ​វៀតណាម និង​គុន​មិញ ប្រទេស​ចិន​។​
​    ​
.​ផ្លូវដែក ត្រូវប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន មកពី​ប្រទេស​អូស្ត្រាលី ជា​អ្នកគ្រប់គ្រង​
​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចរចា​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដើម្បី​ស្តារផ្លូវ​ដែក ដែល​មាន​ស្រាប់​ឡើងវិញ គឺ​ក្រោយ​ការជួសជុល ផ្លូវដែក​កម្ពុជា នឹង​ត្រូវ​ប្រគល់​ការធ្វើ​អាជីវកម្ម ដល់​ក្រុមហ៊ុន​ឯកជន គឺ​ក្រុមហ៊ុន​អូស្ត្រាលី Toll Holding តាមរយៈ​ការដាក់​ដេញថ្លៃ​ជា​លក្ខណៈ​អន្តរជាតិ​។​

​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន Toll Holding របស់​ប្រទេស​អូស្ត្រាលី សម្រាប់​ការធ្វើ​អាជីវកម្ម​លើ​ផ្លូវដែក​។ មានន័យ​ថា ក្រុមហ៊ុន​អូស្ត្រាលី​នេះ មាន​ភារកិច្ច​ធ្វើ​អាជីវកម្ម​លើ​ផ្លូវដែក និង​ជួសជុល​ថែទាំ ក្នុង​រយៈពេល ៣០ ឆ្នាំ​។ ក្រុមហ៊ុន​នេះ ក៏​នឹង​ត្រូវ​រក​ចំណូល ដើម្បី​សង​ប្រាក់ ទៅកាន់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ព្រមទាំង​បង់​ជា​ភាគរយ តាម​សមាមាត្រ​នៃ​ចំណូល​ពី​ផ្លូវដែក ជូន​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​
​    ​
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ ក្នុងពេលបើកសម្ពោធកំណាត់ផ្លូវដែក ភ្នំពេញ-កំពត កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០​ ថា ក្រុមហ៊ុន Toll Holding ត្រូវមាន​ភារកិច្ច​នាំចូល​នូវ​មធ្យោបាយ ដូចជា ក្បាលម៉ាស៊ីន​រថភ្លើង ទូរថភ្លើង​ថ្មីៗ សម្រាប់​ធ្វើ​អាជីវកម្ម ដែល​ទទួលបាន​ការអនុញ្ញាត​រួចហើយ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​ទឹកប្រាក់​ចំនួន ៨១ លាន​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​នេះ មាន​គម្រោង​ដឹក Container ពីរ​ជាន់ និង​ប្រវែង​ខ្សែ​រថភ្លើង ១ គីឡូម៉ែត្រ ដែល​ត្រូវ​អូស​ទូ បាន​ច្រើន ក្នុង​មួយ​ខ្សែ​រថភ្លើង និង​ទម្ងន់​ដឹក​បាន​កាន់តែ​ច្រើន​។​

.ប្រវត្តិផ្លូវដែកកម្ពុជា
​ផ្លូវដែក ដែល​មាន​ស្រាប់ ក្នុងប្រទេស​កម្ពុជា​មាន​ចំនួន ២ ខ្សែ គឺ​ខ្សែ​ទី​១-​ភ្នំពេញ​-​សិរី​សោភ័ណ្ឌ​-​បាត់ដំបង​-​ប៉ោយ​ប៉ែត ជាប់​ព្រំដែន​ប្រទេស​ថៃ ដែល​មាន​ចម្ងាយ​សរុប ៣៨៦ គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ឡើង​ពី​ឆ្នាំ​១៩២៩ ដល់​ឆ្នាំ​១៩៤២ និង​ខ្សែ​ទី​២-​ពី​ភ្នំពេញ-​ខេត្ត​ព្រះសីហនុ ( កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ) ដោយ​ឆ្លងកាត់​ខេត្ត​កំពត មាន​ចម្ងាយ​ចំនួន ២៦៦ គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៦៩​។ សរុប​ផ្លូវដែក​កម្ពុជា​ទាំង​ពីរ​ទិស​មាន​ប្រវែង ៦៥២ គីឡូម៉ែត្រ​។​
​    ​
រហូតដល់​ឆ្នាំ​១៩៧០ ផ្លូវដែក​កម្ពុជា មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ ដើម្បី​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ និង​សង្គម​។

​ក្រោយ​ឆ្នាំ​១៩៧០ ប្រទេសជាតិ បាន​ធ្លាក់​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ ធ្វើឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែ​ក ( ផ្លូវ និង​ស្ពាន ) ត្រូវ​រង​ការបំផ្លាញ និង​ទ្រុឌទ្រោម​ជា​បន្តបន្ទាប់ ជាពិសេស ក្នុងសម័យ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៧ ព្រោះ​ផ្លូវ​ដែក​ជា​មុខសញ្ញា​សំខាន់ ដែល​ខ្មែរក្រហម ធ្វើ​ការបំផ្លាញ​។
​    ​
ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ផ្លូវដែក​កម្ពុជា បាន​ទទួល​ជំនួយ​បន្តិចបន្តួច ពី​ធនាគា​អភិវឌ្ឍន៍អាស៊ី និង​រដ្ឋាភិបាល​បារាំង​។ ប៉ុន្តែ​ជំនួយ​នោះ គ្រាន់តែ​ទ្រទ្រង់​សកម្មភាព​អាជីវកម្ម តាម​ផ្លូវ​ដែក អាច​ដំណើរការ​បាន​តែ​ប៉ុណ្ណោះ​។ ក្នុង​កាលៈទេសៈ​នោះ ខ្សែ​រថភ្លើង​អាចរ​ត់​បាន​ត្រឹម​ល្បឿន​ពី ២០ គីឡូម៉ែត្រ ទៅ ៣០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ហើយ​ជារឿយៗ ខ្សែ​រថភ្លើង តែងតែ​ធ្លាក់​ពី​ផ្លូវ​ជា​ញឹកញាប់​៕​