គ្រួសារ​រង​គ្រោះ​ពី​គម្រោង​ស្តារ​ផ្លូវ​ដែក​ប្តឹង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស

Rosa Ellen ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៩ តុលា ២០១២

ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​តាម​ផ្លូវ​ដែក​​​នាពេល​កន្លង​មក​។ ពួក​គេ​ប្រឈម​នឹង​ការបណ្ដេញ​ចេញ​។ ភ្នំពេញ ប៉ុស្ដិ៍

ភ្នំពេញៈ ពលរដ្ឋ​ចំនួន​៣០​គ្រួសារ ដែល​រងគ្រោះ​ពី​គម្រោង​ស្តារ​ផ្លូវ​ដែក​នៅ​កម្ពុជា បាន​ដាក់​បណ្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​របស់​អូស្រ្តាលី ដោយ​បាន​ចោទ​ប្រកាន់​ថា មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​កើត​ចេញ​ពី​គម្រោង​ស្តារ​ផ្លូវ​ដែក ដែល​ផ្តល់​មូលនិធិ មួយ​ផ្នែក​ដោយ AusAid។
បណ្តឹង​ទៅ​គណៈ​កម្មការ សិទ្ធិ​មនុស្ស​អូស្រ្តាលី​ (AHRC) ត្រូវ​បាន​ធ្វើ​ឡើង តំណាង​ឲ្យ​គ្រួសារ​ទាំង​នេះ ដោយ​អង្គការ Equitable Cambodia និង​អង្គការ Inclusive Development International ដែល​ថា រដ្ឋាភិបាល​អូស្រ្តាលី​បរាជ័យ​មិន​បាន​លើក​ស្ទួយ​កាតព្វ​កិច្ច​សិទ្ធិ មនុស្ស​អន្តរជាតិ​របស់​ខ្លួន ខណៈ​មាន​ការ​ទាមទារ​ឲ្យ​ដោះ​ស្រាយ​ជា​បន្ទាន់ ចំពោះ​ការ​បណ្តេញ​ប្រជាជន​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​សារតែ​ការ​គាំ​ពារ​គម្រោង​កម្ពុជា​មួយ​នេះ។
ប្រជាពលរដ្ឋ​ជាង​៤ពាន់​គ្រួសារ បាន​រង​ការ​ប៉ះ​ពាល់​ពី​គម្រោង​ស្តារ​ផ្លូវ​ដែក​នេះ ហើយ​យ៉ាង​ហោច​មាន​១២០០​គ្រួសារ​បាន​តម្រូវ​ឲ្យ​ទៅ​រស់​នៅ​កន្លែង​ថ្មី ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​ស្តារ​ផ្លូវ​ដែក​នេះ ដែល​ជា​ការ​អភិវឌ្ឍ​រួម​គ្នា​រវាង​ក្រុម​ហ៊ុន Toll Holdings របស់​អូស្រ្តាលី និង​ក្រុម​ហ៊ុន Royal Group របស់​កម្ពុជា។
តាមរយៈ​កម្មវិធី​ជំនួយ​របស់ AusAid រដ្ឋាភិបាល​អូស្រ្តាលី​បាន​ផ្តល់​មូលនិធិ​២៦​លាន​ដុល្លារ​អូស្រ្តាលី ប្រមាណ​១៥​ទៅ​២០​ភាគ​រយ​នៃ​គម្រោង។ មូល​និធិ​ភាគ​ច្រើន​នៃ​គម្រោង​នេះ ផ្តល់​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។
ក្រុមសិទ្ធិ​មនុស្ស​ថ្លែង​ថា​ជីវភាព​ប្រជាជន​ដែល​បាន​ឲ្យ ទៅ​រស់​នៅ​កន្លែង​ថ្មី កំពុង​ស្ថិត​ក្នុង​សភាព​កាន់​តែ​ក្រ និង​ជំពាក់​បំណុល​គេ ហើយ​កុមារ​ជា​ជន​ងាយ​រង​គ្រោះ​បំផុត។
សេចក្តី ថ្លែងការណ៍​របស់​ក្រុម​ប្រជា​ជន​ទាមទារ​ទាំង​នេះ​ឲ្យ​ដឹង​ថា៖ «កត្តា​ផ្សេងៗ ដូច​ជា ប្រាក់​ចំណូល​ថយ​ចុះ ការ​ចំណាយ​កើន​ឡើង និង​ការ​ផ្តល់​សំណង​មិន​គ្រប់​គ្រាន់​ធ្វើឲ្យ​គ្រួសារ​ទាំង​នេះ​ជំពាក់ បំណុល​គេ​យ៉ាង​ច្រើន»។
បទសម្ភាស​ធ្វើ​ដោយ​អង្គការ Equitable Cambodia ជាមួយ​នឹង​គ្រួសារ​ដែល​បាន​ឲ្យ​ទៅ​រស់​នៅ​កន្លែង​ថ្មី បង្ហាញ​ថា ឪពុក​ម្តាយ​មួយ​ចំនួន​ពុំ​មាន​លទ្ធភាព​ផ្តល់​អាហារ​គ្រប់​គ្រាន់​ដល់​កូនៗ ឯអត្រា​បោះ​បង់​ការ​សិក្សា​កូនៗ​ពួកគេ កាន់​តែ​ខ្ពស់​ឡើង។
អង្គការ​នេះ​បន្ត​ថា ទាំង AusAid និង ADB ត្រូវ​បាន​ប្រាប់​អំពី​ហានិភ័យ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដែល​នឹង​កើត​មាន​ជាមួយ​នឹង​ការ​បណ្តេញ​ប្រជាជន​ឲ្យ​ទៅ​រស់​នៅ​កន្លែង ថ្មី​ចាប់​ពី​ប៉ោយ​ប៉ែត រហូត​ដល់​ខេត្ត​ព្រះសីហនុ។
ក្នុងខែ មិថុនា​ឆ្នាំ​នេះ AusAid បាន​ឆ្លើយ​តប​នៅ​ក្នុង​របាយ​ការណ៍​លេច​ធ្លាយ​មួយ ដោយ​លើក​ឡើង​អំពី​ការ​ចំណាយ​ខ្ពស់​ជាង​មុន និង​លទ្ធភាព​នៃ​ការ​អាច​ផ្តល់​សំណង​បន្ថែម។
ការិយាល័យ​សម្រប​សម្រួល​គម្រោង​ពិសេស របស់​ADB កំពុង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វាយ​តម្លៃ​លើ​ក្តី​បារម្ភ​ពាក់​ព័ន្ធ​នឹង​គម្រោង​នេះ​ដែល​ត្រូវ​បាន​លើក ឡើង​ទៅ​យន្តការ​គណ​នេយ្យ​ភាព​របស់​ADB ពី​ចុង​ឆ្នាំ​២០១១ ដោយ​ក្រុម​ប្រជា​ជន​រង​គ្រោះ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អនុ​ប្រធាន​បេសកកម្ម​ADB លោក Peter Brimble។
សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បន្ត​ថា៖ «ADB ទទួល​យក​រាល់​សំណើ​ទាំង​អស់​សម្រាប់​ការ​ពិនិត្យ​អនុលោម​ភាព ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​នឹង​រក្សា​ការ​សម្ងាត់​ចំពោះ​អ្នក​ដែល​ដាក់​សំណើ​មក ហើយ​ការ​ពិនិត្យ​លើ​សំណើ​នោះ​នឹង​មាន​ឯករាជ​ភាព»។
ប្រសិនបើ AHRC ទទួល​យក​ការ​អះ​អាង​របស់​គ្រួសារ​ទាំង​នេះ ក្រុម​សិទ្ធិ​មនុស្ស​ដែល​តំណាង​ឲ្យ​​គ្រួសារ​ទាំង​នេះ​សង្ឃឹម​ថា ជីវភាព​នឹង​ប្រសើរ​ជាង​មុន សម្រាប់​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នោះ​គឺ​ដូចគ្នា​ទៅ​នឹង​ស្ថាន ភាព​រស់​នៅ​មុន​ការ​បណ្តេញ​ពួកគេ​ចេញ។
លោក David Pred នៅ​អង្គការ Equitable Cambodia បាន​ថ្លែង​ថា វា​ជា​លើក​ទី​មួយ​ដែល​អង្គការ​លោក​កំពុង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ មនុស្ស​បែប​នេះ ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ម្ចាស់​ជំនួយ។
លោក​បាន​បន្ត​ថា៖ «វា​អា​ស្រ័យ​ទៅ​លើ​រដ្ឋាភិបាល​អូស្រ្តាលី ដែល​ជា​អ្នក​ដើរ​តួ​លើ​លទ្ធផល​រក​ឃើញ របស់​គណៈ​កម្មការ​នោះ ហើយ​ជួស​ជុល​ការ​ខូច​ខាត​ដែល​បាន​កើត​មាន​ចំពោះ​ជីវិត​រស់​នៅ​របស់​ប្រជាជន​ទាំង​នោះ ដោយ​សារតែ​គម្រោង​ស្តារ​ផ្លូវ​ដែក​ក្នុង​ប្រទេស​របស់​គេ»។
មន្ត្រីស្ថាន​ទូត​អូស្រ្តាលី​ប្រចំាំ​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ជុំ​វិញ​ករណី​នេះ​បាន​ទេ កាល​ពី​ល្ងាច​មិញ៕​PS