ផ្លូវ​រថភ្លើង​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​នាំ​ចេញ​កើន​ឡើង

អាន ស៊ីថាវ វិទ្យុអាស៊ីសេរី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២

ការ​អភិវឌ្ឍ​ផ្លូវ​គមនាគមន៍​នៅ​កម្ពុជា នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ភាព​ខ្វះ​ខាត​នេះ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ រួម​ទាំង​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ជា​មធ្យម​ក៏​មាន​តម្លៃ​ខ្ពស់។
ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ទាំង​នេះ អ្នក​ធ្វើ​អាជីវកម្ម ឬ​អ្នក​នាំ​ចេញ​របស់​កម្ពុជា បាន​អះអាង​ថា ការ​អភិវឌ្ឍ​សាងសង់​ផ្លូវ​រថភ្លើង​មាន​តួនាទី​សំខាន់​សម្រាប់​ការ​បង្កើន​ភាព​ប្រកួត​ប្រជែង​តាម​រយៈ​តម្លៃ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ ទន្ទឹម​នឹង​ប្រទេស​កម្ពុជា មាន​ចំនួន​រថយន្ត​នៅ​មិន​គ្រប់គ្រាន់​នៅ​ឡើយ​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​កំពង់ផែ។train-305
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ មាន​ប្រសាសន៍​ថា ការ​ប្រើ​ប្រាស់​ផ្លូវ​រថភ្លើង​ធ្វើ​ឲ្យ​អ្នក​នាំ​ចេញ​ចំណេញ​ច្រើន​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​កំពង់ផែ។ លោក​បញ្ជាក់​ថា ជា​លទ្ធផល ការ​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​កាន់​កំពង់ផែ​ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ ហើយ​ផ្លូវ​រថភ្លើង​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នក​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ ជា​ពិសេស​អ្នក​នាំ​ចេញ​អង្ករ​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​យក​កម្រៃ​ក្រៅ​ផ្លូវ​ការ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ដឹក​ជញ្ជូន​ទំនិញ។
លោក ចម ប្រសិទ្ធិ​មាន​ប្រសាសន៍​បន្ត​ថា នៅ​ពេល​ដែល​ផ្លូវ​រថភ្លើង​ចាប់​ដំណើរ​ការ នោះ​ការ​ប្រើប្រាស់​ផ្លូវ​គោក​នឹង​ត្រូវ​បាន​គេ​កាត់​បន្ថយ​ដែរ ដោយ​សារ​តែ​អ្នក​នាំ​ចេញ​យល់​ថា ការ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​នេះ​ចំណាយ​កាន់​តែ​តិច បើ​ធៀប​នឹង​ការ​ប្រើប្រាស់​ផ្លូវ​គោក។
ទោះ​ជា​យ៉ាង​ណា ប្រធាន​សម្ព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ខ្មែរ ហ្វូត (Khmer Food) លោក​ឧកញ៉ា គឹម សាវុធ បាន​ចាប់​អារម្មណ៍​ពី​ការ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​នេះ​ដែរ ដោយ​លោក​បញ្ជាក់​ថា ឧបសគ្គ​ចម្បង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ​អង្ករ​បច្ចុប្បន្ន​មាន​ភាព​ខ្វះ​ខាត​ឡាន​ដឹក​ទំនិញ​ពី​រោងចក្រ​ទៅ​កាន់​កំពង់ផែ​នៅ​ឡើយ។
របាយការណ៍​របស់​វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB = អេ.ឌី.ប៊ី) ប្រចាំ​ប្រទេស​ជប៉ុន បាន​បង្ហាញ​ថា ផល​ប្រយោជន៍​នៃ​ការ​សាង​សង់​ផ្លូវ​រថភ្លើង គឺ​អាច​ដឹក​ជញ្ជូន​ទំនិញ​បាន​ច្រើន ការ​ចំណាយ​ថ្លៃ​ដើម​នៃ​ការ​ដឹក​ទំនិញ​តិច​ជាង​មុន និង​ទីផ្សារ​កើន​ឡើង​នៅ​ពេល​ដែល​ផ្លូវ​រថភ្លើង​នេះ​កាន់​តែ​អភិវឌ្ឍ ហើយ​ភាព​ខ្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ ជា​ការ​រាំង​ស្ទះ​ដល់​កំណើន​សេដ្ឋកិច្ច និង​ជា​ឧបសគ្គ​ចំពោះ​ការ​ប្រកួត​ប្រជែង ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ។
នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​នៅ​កម្ពុជា លោក អ៊ីរិច ស៊ីដវិច (Eric Sidgwick) មាន​ប្រសាសន៍​ថា គម្រោង​ជួស​ជុល​ផ្លូវ​ដែក​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ដែល​អេ.ឌី.ប៊ី ផ្ដល់​ហិរញ្ញប្បទាន​ដល់​រដ្ឋាភិបាល​កម្ពុជា នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ដើម​ឆ្នាំ​២០១៣។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា ផ្លូវ​ដែក​របស់​ប្រទេស​កម្ពុជា គឺ​ផ្ដល់​សារប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់​តំបន់​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក៏​ដូច​ជា​ច្រក​របៀង​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ត​ភ្ជាប់​កម្ពុជា ទៅ​កាន់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ។
ការ​អះអាង​ជា​ទូទៅ​ថា ការ​សាង​សង់​ផ្លូវ​រថភ្លើង​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ពន្យារ​ពេល​សាងសង់​នៅ​រយៈ​កាល​កន្លង​មក ប៉ុន្តែ​លោក អ៊ីរិច ស៊ីដវិច បាន​ទទួល​ស្គាល់​ថា គម្រោង​ផ្លូវ​ដែក​នៅ​កម្ពុជា ពិត​ជា​មាន​ការ​ពន្យារ​ពេល និង​អាក់​ខាន​ប្រាកដ​មែន។ ការ​ពន្យារ​ពេល​នេះ ដោយ​សារ​តែ​ពាក់ព័ន្ធ​លើ​បញ្ហា​ជាច្រើន ដូច​ជា​ផ្នែក​បច្ចេកទេស និង​ការ​តាំង​ទី​លំនៅ តែ​បញ្ហា​ទាំង​អស់​នោះ​ត្រូវ​បាន​ដោះស្រាយ​បាន​ហើយ​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​ផ្លូវ​ដែក​ភាគ​ខាង​ត្បូង​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​កាន់​កំពង់ផែ​ខេត្ត​ព្រះសីហនុ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​កម្ពុជា មាន​ការ​អភិវឌ្ឍ​សាងសង់​ផ្លូវ​រថភ្លើង​តិច​ជាង​គេ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង។ របាយការណ៍​របស់​វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បង្ហាញ​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​ចម្ងាយ​ផ្លូវ​រថភ្លើង​តិច​ជាង​គេ​ពីរ​ដង បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង ដូច​ជា​ថៃ និង​វៀតណាម។ របាយការណ៍​បាន​បញ្ជាក់​ថា នៅ​លើ​ផ្ទៃ​ដី ១០០​គីឡូម៉ែត្រ​ក្រឡា កម្ពុជា មាន​ផ្លូវ​រថភ្លើង ៣៦០​ម៉ែត្រ ដោយ​ឡែក​ប្រទេស​វៀតណាម មាន ៨១០​ម៉ែត្រ ថៃ មាន ៧៩០​ម៉ែត្រ ដោយ​ផ្អែក​លើ​ទំហំ​ផ្ទៃដី ១០០​គីឡូម៉ែត្រ​ក្រឡា​ដូច​គ្នា។
របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា គម្រោង​ស្ថាបនា និង​ស្ដារ​ឡើង​វិញ ផ្លូវ​ដែក​កម្ពុជា ត្រូវ​ប្រើ​ប្រាស់​នូវ​ទឹក​ប្រាក់​សរុប​ចំនួន ៧៤​លាន​ដុល្លារ​អាមេរិក។ ចំពោះ​ប្រទេស​វៀតណាម បាន​ប្រើប្រាស់​ទឹក​ប្រាក់​វិនិយោគ​លើ​ការ​សាង​សង់​ផ្លូវ​រថភ្លើង​ឡើង​វិញ​ចំនួន​ជាង ១.២០០​លាន​ដុល្លារ​អាមេរិក៕