កម្ពុជា​គ្រោង​ស្ថាបនា​ផ្លូវ​ដែក​ថ្មី​ ​ពី​ភ្នំ​រ៉ែ​ខេត្ត​ព្រះ​វិហារ​ទៅ​កោះ​កុង

ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៣១ ធ្នូ ២០១២

_MG_9092

ចំណតផ្លូវដែក នៅរាជធានីភ្នំពេញ។រូបថត ហេង ជីវ័ន

គម្រោង​ស្ថាបនា​ផ្លូវដែក ពីភ្នំ​រ៉ែ ខេត្ត​ព្រះវិហារ ទៅដល់​កំពង់ផែ​សាមិត​ខេត្ត​កោះ​កុង​ត្រូវ​បាន​ចុះ​ហត្ថលេ នៅ​ព្រឹក ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​សណ្ឋាគារ អ៊ី​ន​ខន​ទឺណ​ង​តាល់ រាជធានី​ភ្នំពេញ​។​

គម្រោង​បង្កើត​ផ្លូវដែក ត្រូវបាន​ចុះ​ហត្ថលេខា​ព្រមព្រៀង សម្រាប់​ដឹក​ជញ្ជូន​រ៉ែ ក្នុង​ខេត្ត​ព្រះវិហារ ឆ្ពោះទៅ​កាន់​ទិស​ខាងត្បូង ឆ្លងកាត់​ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ស្ពឺ ហើយ​បញ្ចប់​នៅ​កំពង់ផែ​សាមិត ខេត្ត​កោះកុង ឆ្លងកាត់​តាម​ស្ពាន ឆ្លង​សមុទ្រ កំពង់ផែ​សាមិត ភ្ជាប់​ជាមួយ​ស្ថានីយ​ផ្ទុកទំនិញ តំបន់​ផែ​កោះ​ម្នាស់ ប្រវែង​សរុប ៤០៤,៤៨១ គីឡូម៉ែត្រ​។ ស្ពាន​ឆ្លង​សមុទ្រ​កំពង់ផែ​សាមិត មាន​ប្រវែង ៣.១៩២ ម៉ែត្រ ដែល​ស្ថិតនៅ​កោះ​ម្នាស់ ជិត​ឆ្នេរសមុទ្រ ក្នុង​ទិសនិរតី​ប្រទេស​កម្ពុជា​។​

យោងតាមខិតប័ណ្ណកិច្ចប្រជុំបានឲ្យដឹងថា ផ្លូវដែក​ដឹកជញ្ជូន​រ៉ែ ក្នុង​ខេត្ត​ព្រះវិហារ នឹង​ក្លាយជា​ផ្នែក​មួយ នៃ​ផ្លូវដែក​ចំបង ដែល​ត​ភ្ជាប់​តំបន់​ឦសាន្ត និង​និរតី ក្នុងប្រទេស​។ ក្រោយពេល​ស្ថាបនា​ចប់ នឹង​រួមចំណែក​ជា​កត្តា​មួយ​ជំរុញ​ឲ្យមាន​ការទំនា​ក់​ទំនង​សេដ្ឋកិច្ច​រវាង​ បណ្តាល​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា បង្កើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច តាម​តំបន់ ដែល​ផ្លូវ​ដែក​បាន​ឆ្លងកាត់ លើកស្ទួយ​កំរិតជីវភាព​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​ជំរុញ ដល់​ការអភិវឌ្ឍ​ធនធាន​រ៉ែ នៅតាម​តំបន់​ផ្លូវដែក ហើយ​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​។​

ខិតប័ណ្ណនោះបន្តថា ក្រោយពេល​ដែល​កំពង់ផែ​សាមិត ចាប់ផ្តើម​ដំណើរការ នឹង​អាចជួយ​កែសម្រួល​ដល់​លក្ខខណ្ឌ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ ហើយ​ប្រើប្រាស់​អានុភាព​ភូមិសាស្ត្រ ដើម្បី​កាត់បន្ថយ​សោហ៊ុយ​ដឹកជញ្ជូន នៃ​សហគ្រាស ក្នុង​ខេត្ត​តំបន់​ខាងជើង​ទាំង​បួន​ខេត្ត បង្កើន​ភាព​ទាក់ទាញ​ដល់​ការ​បណ្តាក់​ទុក​មកកាន់​ក្នុងប្រទេស​កម្ពុជា ហើយ​ផ្តល់​ផលប្រយោជន៍​ដល់​ដំណើរការ​នាំចេញ​នាំចូល និង​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​។​

ម្ចាស់​គំរោង​ នេះ គឺ​ក្រុមហ៊ុន ខេ​ម​បូឌា អាយ​រី​ន អេន​ស្ទា​ល ម៉ា​នី​ញ អ៊ី​ន​ដា​ស្ទ្រី គ្រុប ( Cambodia Iron & Steel Mining Industry Group )​។ ចំណែក​ក្រុមហ៊ុន​ម៉ៅការ EPC  គឺជា​ក្រុមហ៊ុន ឆាយ​ណា រ៉ាល់​វេយ គ្រុប លីមីត​ធី​ត ( China Railway Group Limited ) ដែលជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​សំណង់​ខ្នាត​ធំ ដែល​មាន​មុខងារ​ច្រើន ដូច​វាស់ដី និង​គូរ​ប្លង់ ស្ថាបនា​សាងសង់ ឧស្សាហកម្ម​ផលិត ស្រាវជ្រាវ​បច្ចេកទេស ត្រួតពិនិត្យ​ការដ្ឋាន ដឹកជញ្ជូន​បណ្តោះអាសន្ន អភិវឌ្ឍ​អចលនទ្រព្យ និង​អភិវឌ្ឍ​វិស័យ​ធនធាន​រ៉ែ និង​ថាមពល ហើយ​ធ្លាប់​សំរេចបាន​ជោគជ័យ​ជាច្រើន ក្នុង​ការស្ថាបនា​ផ្លូវ​ដែក​៕​