កម្ពុជា​សាក​ល្បង​បើក​ដំណើរ​ការ​ផ្លូវ​រថភ្លើង​ថ្មី​ជា​លើកដំ​បូង

លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៣១ ធ្នូ ២០១២

_MG_9099

រថភ្លើងខ្សែទីមួយកម្ពុជា ត្រៀមចេញដំណើរនៅរសៀលនេះ។រូបថតហេង ជីវ័ន

បន្ទាប់​ពី​អសកម្ម​អស់​រយៈពេល​យ៉ាង​យូរ និង​ទទួល​បាន​ការ​អភិវឌ្ឍ​ថ្មី​កន្លង​មក នៅ​ថ្ងៃ​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែ​ធ្នូ​នេះ ប្រទេស​កម្ពុជា​បាន​ចាប់​សាក​ល្បង​បើក​ដំណើរ​ការ ផ្លូវ​រថភ្លើង​ខ្សែ​ទី១ តភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ដែល​មាន​ប្រវែង ២៥៦​គីឡូ​ម៉ែត្រ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB បាន​បញ្ជាក់​ថា គម្រោង​ស្តារ​ឡើង​វិញ​នូវ​ផ្លូវ​ដែក​ក្នុង​ប្រទេស​កម្ពុជា គឺជា​ការ​វិវត្ត​មួយ​ដ៏​មាន​សារ​សំខាន់ ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​មុខ​ងារ​ផ្លូវ​ដែក ដោយ​បាន​តភ្ជាប់​ក្នុង​ទ្វីប​អាស៊ី​ទាំង​មូល ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ ជាពិសេស​ក៏​ជា​ជំហាន​ឆ្ពោះ ទៅ​រក​ការ​តភ្ជាប់​ពី​ប្រទេស​សិង្ហបុរី ទៅ​កាន់​ប្រទេស​ស្កុត​ឡេន​ផង​ដែរ។

ចំណាយ​សរុប​នៅ​ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ដែក​កម្ពុជា​នេះ​មាន​ចំនួន ១៤១,៦​លាន​ដុល្លារ ក្នុង​នោះ​មាន​៨៤​លាន​ដុល្លារ ជា​កម្ចី​ហិញ្ញប្បទាន​របស់ ADB, ២១,៥លាន​ដុល្លារ​ជា​ជំនួយ ឥត​សំណង​របស់​រដ្ឋាភិបាល​អូស្រា្តលី,១៣​លាន​ដុល្លារ ជា​ជំនួយ​របស់ OPEC សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ, ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល ម៉ាឡេស៊ី​ប្រហែល​២,៨លានដុល្លារ និង​សម្បទាន​រដ្ឋាភិបាល​២០,៣​លាន​ដុល្លារ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB បាន​ឲ្យ​ដឹង​ថា ផ្លូវ​រថភ្លើង​ថ្មីនេះ​នឹង​ផ្តល់​ផល​ប្រយោជន៍ ជាច្រើន​ដល់​កម្ពុជា​ដូចជា វា​នឹង​កាត់​បន្ថយ តម្លៃ​ទំនិញ​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ បង្កើត​សុវត្ថិភាព​តាម​ដង​ផ្លូវ និង​កាត់​បន្ថយ ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ។

ADB បន្ត​ថា ផ្លូវ​ដែក​នេះ ក៏​នឹង​កាត់​បន្ថយ​នូវ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច (CO2) និង​ឧស្ម័ន​បំពុល​បរិយាកាស​ផ្សេង​ទៀត។

សូមបញ្ជាក់​ថា ខ្សែ​រថភ្លើង​ដែល​មាន​ប្រវែង ៣៣៧​គីឡូម៉ែត្រ តភ្ជាប់​ពី​ក្រុង​ភ្នំពេញ​ទៅ​កាន់​ប្រទេស​ថៃ ហើយ​រំពឹង​ថា នឹង​បើក​ដំណើរ​ការ ជា ៣ឬ៤​ដំណាក់​កាល នៅ​ឆ្នាំ ២០១៤-២០១៥។