ក្រុមហ៊ុន​ពីរ​វិនិយោគ​សង់​ផ្លូវ​ដែក​ថ្មី រោងចក្រ​និង​កំពង់​ផែ​

ម៉ៃ គុណមករា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១ មករា ២០១៣

130101_14

តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​នៅក្នុង​ពិធីចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​កាល​ពីម្សិលមិញ​​។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ ក្រុមហ៊ុន Cambodia Iron & Steel Mining Industry Group (CISMIG) និង​ក្រុមហ៊ុន China Railway Group Limited (CRG) កាល​ពី​ថ្ងៃ​ចន្ទ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ​ដែល​មាន​ចំនួន​ទឹក​ប្រាក់ ៩,៦​ពាន់​លាន​ដុល្លារ​ដើម្បី​សាង​សង់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​កំពង់​ផែ​ថ្មី​និង​រោងចក្រ​ដែក​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​។

អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ដែល​ត្រូវ​បាន​ធ្វើ​សាក្សី​ដោយ​ផ្ទាល់​ដោយ លោក ត្រាំ អ៊ីវតឹក រដ្ឋ​មន្រ្តី​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​លោក Zhang Chuan You អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន CISMIG និង​លោក Liu Ziming ប្រធាន​ក្រុម​ហ៊ុន China Railway Major Brigde Engineering Groupនៅ​រាជធានី​ភ្នំពេញ។

ផ្លូវ​ដែក​ថ្មី​នឹង​មាន​ប្រវែង​៤០៤,៤៨១​គីឡូ​ម៉ែត្រ​ដោយ​ចាប់​ផ្តើម​ពី​តំបន់​រក​រ៉ែ​នៃ​ខេត្ត​ព្រះវិហារ​ទៅ​ភាគ​ខាង​ត្បូង​ឆ្លង​កាត់​ខេត្ត​កំពង់ធំ​កំពង់​ឆ្នាំង​កំពង់​ស្ពឺ​និង​បញ្ចប់​នៅ​ខេត្ត​កោះ​កុង​។​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍។

លោក Zhang Chuan You ប្រធាន​ក្រុមហ៊ុន CISMIG បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ពិធី​ចុះ​ហត្ថលេខា​ថា​ទឹក​ប្រាក់​៩,៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៃ​ការ​វិនិយោគ​នេះ នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​សាង​សង់​ផ្លូវ​ដែក​ថ្មី​ពី​ខេត្ត​ព្រះវិហារ​ទៅ​ខេត្ត​កោះ​កុង​សាង​សង់​ផែ​ថ្មី​និង​ស្ពាន​ថ្មី​ក្នុង​ខេត្ត​កោះ​កុង​និង​រោងចក្រ​ដែក​ដែល​មាន​ទឹក​ប្រាក់​១,៦ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ។

លោក​បាន​ថ្លែង​ថា ក្រុមហ៊ុន​បាន​ទទួល​ដី​សម្បទាន​ទំហំ​១៣០០០​គីឡូម៉ែត្រ​ក្រឡា​ពី​រដ្ឋាភិបាល សម្រាប់​ប្រតិបត្តិការ​ខណៈ​រោងចក្រ​នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃ​ដី​ទំហំ ១០​គីឡូម៉ែត្រ​ក្រឡា​នៅ​ខេត្ត​ព្រះ​វិហារ។

លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​នឹង​ចាប់​ផ្តើម​គម្រោង​របស់​យើង​នៅ​ខែ​កក្កដា​ឆ្នាំ​នេះ​ហើយ​វា​នឹង​មាន​រយៈ​ពេល​ប្រហែល​៤​ឆ្នាំ​»​។ លោក​បាន​បន្ថែម​ថា យើង​បាន​ធ្វើ​ការ​សិក្សា​រួម​គ្នា​ពី​លទ្ធភាព​និង​ផល​ប៉ះ​ពាល់​បរិស្ថាន​រវាង​អ្នក​ជំនាញ​ចិន​និង​កម្ពុជា​តំាង​ពី​ខែ​តុលា ឆ្នាំ​២០១០។

លោក​បន្ត​ថា​៖ «​រោងចក្រ​របស់​យើង​គឺ​ដើម្បី​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ពី​ព្រោះ​យើង​ចង់​កាត់​បន្ថយ​ឲ្យ​ដល់​កម្រិត​អប្បបរមា​ចំពោះ​ការ​នាំ​ចូល​ដែក។

ជាង​នេះ​ទៀត​យើង​ក៏​មាន​ផែន​ការ​នាំ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ផង​ដែរ​ដូច​ជា​វៀត​ណាម និង​ថៃ​»។​ការ​សាង​សង់​រោង​ចក្រ​នឹង​មាន​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​ហើយ​អាច​ផលិត​ដែក​បាន​១លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​ជំហាន​ទី​មួយ​ដែល​មាន​រយៈ​ពេល​៣​ឆ្នាំ។

លោក​បាន​ថ្លែង​បន្ត​ថា​ក្រុមហ៊ុន​នឹង​មិន​នាំ​ចូល​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​កម្ម​ទេ​ពី​ព្រោះ​នៅ​កន្លែង​នោះ​សម្បូរ​ទៅ​ដោយ​រ៉ែ​រួច​ហើយ។​លោក​បាន​បន្ថែម​ថា រ៉ែ​ដែក​មិន​ត្រឹម​តែ​យក​មក​ពី​ខេត្ត​ព្រះវិហារ​ទេ​ប៉ុន្តែ​ថែម​ទាំង​យក​ពី​ខេត្ត​រតនគិរី​កំពង់​ធំ និង​ស្ទឹងត្រែង​ផង​ដែរ។

លោក ត្រាំ អ៊ីវតឹក​បាន​ស្វាគមន៍​ការ​វិនិយោគ​នេះ ដែល​នឹង​ផ្តល់​លទ្ធផល​ដ៏​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​លោក​បាន​ថ្លែង​ថា៖ «វា​ជា​ការ​វិនិយោគ​ដ៏​ធំ​រវាង​ក្រុមហ៊ុន Cambodian Iron និង​ក្រុមហ៊ុន China Railway​ដើម្បី​កសាង​ផ្លូវ​រថភ្លើង​ថ្មី​ដើម្បី​ដឹក​ដែក​ពី​ព្រះ​វិហារ​ដែល​ជា​ខេត្ត​សម្បូរ​ដែក​ទៅ​កំពង់​ផែ​ក្នុង​ខេត្ត​កោះ​កុង​»។

លោក​បន្ត​ថា​៖ «​វា​គឺជា​ផ្លូវ​ដែក​ថ្មី​មិន​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ដែក​ចាស់​ទេ​ដោយ​សារ​វា​ត្រូវ​បាន​សាង​សង់​ជាមួយ​ស្តង់​ដារ​ទម្ងន់​៤៣៥ mm ដែល​អាច​ដឹក​ជញ្ជូន​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​»។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ប្រសិន​បើ​ការ​វិនិយោគ​នេះ​ទទួល​បាន​ជោគ​ជ័យ វា​ពិត​ណាស់​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ពី​ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​យើង​ដឹក​ជញ្ជូន​ដែក​ទេ​ប៉ុន្តែ​ថែម​ទាំង​ជួយ​ដឹក​ជញ្ជូន​ផលិត​ផល​កសិកម្ម​និង​ឧស្សាហកម្ម​ព្រម​ទាំង​អ្នក​ដំណើរ​ជា​ពិសេស​អ្នក​ទេសចរ​»។

លោក Zhang​បាន​អះ​អាង​ថា​ក្រុមហ៊ុន​គ្រោង​រួច​ហើយ​នឹង​បង្កើត​ស្ថានីយ​ចំនួន​១១​នៅ​លើ​ខ្សែ​រថភ្លើង​នោះ។

លោក យន់ ហេង​ប្រធាន​នាយក​ដ្ឋាន​វាយ​តម្លៃ​និង​លើក​ទឹក​ចិត្ត​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​បាន​អះ​អាង​ថា​ក្រុមហ៊ុន CISMIG​បាន​ទទួល​ការ​អនុម័ត​ពី​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០១០។

ទិន្នន័យ​ពី​CDC​បាន​បង្ហាញ​ថា​ការ​វិនិយោគ​ពី​ចិន​មក​កម្ពុជា​ដែល​ទទួល​បាន​ការ​អនុម័ត​សរុប​មាន​ចំនួន​៩,១ ពាន់​លាន​ដុល្លារ​រវាង​ពី​ឆ្នាំ​១៩៩៤​រហូត​ដល់​ចុង​ខែ​កក្កដា ឆ្នាំ​នេះ​។​ការ​វិនិយោគ​ភាគ​ច្រើន​គឺ​វិស័យ​កាត់​ដេរ​វាយនភ័ណ្ឌ​កសិកម្ម និង​រ៉ែ។

លោក យឹម សុវណ្ណ​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី​បាន​អះ​អាង​ថា​ការ​អនុម័ត​ណា​មួយ​ឲ្យ​ក្រុមហ៊ុន​បរទេស​វិនិយោគ​ក្នុង​វិស័យ​ណា​មួយ​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​តាម​ដំណើរ​ការ​ដេញ​ថ្លៃ​អន្តរជាតិ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖​«​ខ្ញុំ​មិន​ជំទាស់​ជាមួយ​ក្រុមហ៊ុន​បរទេស​ទាំង​អស់​ដែល​វិនិយោគ​ក្នុង​ប្រទេស​ទេ​ឲ្យ​តែ​ក្រុមហ៊ុន​ទាំង​នោះ​បម្រើ​អត្ថប្រយោជន៍​ប្រទេស​តាម​រយៈ​ការ​បង្កើត​ការ​ងារ​និង​ការ​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រសើរ​ឡើង​ហើយ​ខ្ញុំ​មិន​ចង់​ឃើញ​ពួក​គេ​ធ្វើ​ឲ្យ​ប្រជាជន​ឈឺ​ចាប់​តាម​រយៈ​ការ​រំលោភ​យក​ទ្រព្យ​សម្បត្តិ​របស់​ប្រជាជន​និង​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​យើង​ទេ​»។

លោក​បន្ថែម​ថា​៖ «​រដ្ឋាភិបាល​ក៏​ត្រូវ​តែ​បើក​ឲ្យ​មាន​ដំណើរ​ការ​ដេញ​ថ្លៃ​ដោយ​យុត្តិធម៌​សម្រាប់​ក្រុមហ៊ុន​ទាំង​អស់​ពី​មុន​ពេល​ពួក​គេ​ធ្វើ​ការ​សម្រេច​លើ​ការ​អនុម័ត​។​ប្រសិន​បើ​ពួក​គេ​គ្រាន់​តែ​ធ្វើ​រវាង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​វា​នឹង​ផ្តល់​ឱកាស​ដល់​មន្រ្តី​ពុក​រលួយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​»៕ PS