គេ​ថា ADB លាក់​របាយការណ៍​ដែល​គួរ​ឲ្យ​រិះគន់

Shane Worrell និង​ ឃុត សុភចរិយា​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២០​ មីនា ២០១៣

rrrrrrrrrrrrrrrrrrrrrrrrrr
កូនអ្នក​ភូមិ​ត្រពាំងអញ្ចាញ​កំពុង​មុជ​ទឹក​នៅ​ក្រោយ​ផ្ទះ​ឈើប្រក់​​ស័ង្កសីរបស់​ខ្លួន​​។ លីណា

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​លាក់​បាំង​របាយការណ៍​មួយ​ដែល​ក្រុម​សង្គម​ស៊ីវិល​បាន​ថ្លែង​ថា មាន​លក្ខណៈ​គួរ​ឲ្យ​រិះគន់​ខ្លាំង ទៅ​លើ​ដំណើរ​ការ នៃ​ការ​តាំង​លំនៅ​ថ្មី​សម្រាប់​ប្រជា​ពលរដ្ឋ​១២០០​គ្រួសារ ជា​ផ្នែក​នៃ​គម្រោង​ស្តារ​ផ្លូវ​ដែក​ជាតិ​ឡើង​វិញ។

ADB ​បាន​ធ្វើ​ការ​បដិសេធ​ជា​លើក​ទីមួយ មិន​បង្ហាញ​របាយការណ៍​ដែល​ខ្លួន​បំពេញ​ការងារ​នោះ​ពីមុន​ពេល​គណៈកម្មាធិការ​ប្រឹក្សា​ផ្ទាល់​របស់​ខ្លួន បាន​ចាត់​ទុក​របាយការណ៍​នោះ​ថា មាន​លក្ខណៈ​ប៉ះពាល់​មិន​គួរ​បង្ហាញ​។ ​នេះ​បើ​យោង​តាម​អង្គការ Equitable Cambodia សមាគម​ធាង​ត្នោត និង​អង្គការ​ IDI (Inclusive Development International)។

សេចក្តី​ថ្លែង​ការណ៍​មួយ បាន​ឲ្យ​ដឹង​ថា​៖ «របាយការណ៍​នោះ​ គឺមាន​លក្ខណៈ​រិះគន់​ខ្លាំង​ទៅ​លើ​ដំណើរ​ការ​តាំង​លំនៅថ្មី និង​ផល​ប៉ះពាល់​ទៅ​លើ​គ្រួសារ​ប្រជា​ពលរដ្ឋ​ដែល​បាន​បន្សល់​ទុក នូវ​ស្ថានភាព​កាន់​តែ​លំបាក​ជាង​មុន​ខ្លាំង​ឡើង​ថែម​ទៀត»។

លោក អ៊ី សារ៉ុម អ្នក​សម្រប​សម្រួល​ កម្មវិធី​នៅ​សមាគម​ធាង​ត្នោត បាន​ថ្លែង​ថា​ ADB «កំពុង​ព្យាយាម​លាក់​បាំង​របាយការណ៍​នេះ​» ដែល​នៅ​ក្នុង​នោះ ប្រជាជន​បាន​ទទួលរង​ប៉ះពាល់​​ដោយ​សារ​គម្រោង​នេះ​ដែល​មិន​ចេញ​ផ្សាយ របាយការណ៍​របស់​ខ្លួន​ហើយ​ដែល​របាយការណ៍​នេះ ​សរសេរ​ដោយ​លោក Michael Cernea ​អ្នក​ជំនាញ​ផ្នែក​​ តាំង​លំនៅស្ថាន​ថ្មី​។

គ្រួសារ​ពលរដ្ឋ​ប្រមាណ​១២០០ គ្រួសារ បាន​ធ្វើ​ការ​តាំង​លំនៅថ្មី ឬ​នឹង​ត្រូវ​ធ្វើ​ការ​តាំង​លំនៅ​ថ្មី​ដោយ​សារ​គម្រោង​ស្តារ​ផ្លូវ ដែក ដែល​មាន​ទឹក​ប្រាក់​១៤៣ ដុល្លារ ដែល​ពាក់ព័ន្ធ​នឹង ADB រដ្ឋាភិបាល ក្រុមហ៊ុនRoyal Group និង​ក្រុមហ៊ុន​អូស្រ្តាលី Toll Holdings។

បើ​យោង​តាម​របាយការណ៍​ផ្សេងៗ កាល​ពី​ឆ្នាំ​មុន គ្រួសារ​ទាំង​នោះ​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​តាំង​លំនៅថ្មី​នៅ​តំបន់​ដូចជា ត្រពាំង​អញ្ចាញ ក្នុង​ខណ្ឌពោធិ៍​សែនជ័យ បាន​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​គេ​វ័ណ្ឌក ដោយ​សារ​ចំនួន​ទឹក​ប្រាក់​ផ្តល់​សំណង​គឺ​មាន​ចំនួន​តិច​ជាង​ពាក់​កណ្តាល នៃ​តម្លៃ​សាង​សង់​ផ្ទះ​ថ្មី​មួយ​។

អ្នក​ស្រី រស់ បុប្ផា តំណាង​នៅ​សហគមន៍​ត្រពាំង​អញ្ចាញ ដែល​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​១៦០ គ្រួសារ​ត្រូវ​បាន​បញ្ជូន​ទៅ​តាំង​លំនៅស្ថាន​ថ្មី​ក្នុង​ឆ្នាំ​២០១១ បាន​ថ្លែង​ថា គ្រួសារ​ប្រជាជន​នៅ​ទីនោះ ឥឡូវ​មាន​ទឹក​ស្អាត អគ្គិសនី ​និង​ផ្លូវ​ថ្នល់ ប៉ុន្តែ​ពួក​គេ​នៅ​ជួប​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ឡើយ​។ អ្នក​ស្រី​បាន​ថ្លែង​បន្ត​ថា​៖ «គ្រួសារ​មួយ​ចំនួន​នៅ​កំពុង​ជំពាក់​បំណុល​គេ ​ហើយ​កំពុង​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ដោយ​សារ​ម្ចាស់​បំណុល»។

តំណាង ADB ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា របាយការណ៍​នេះ មិន​អាច​ចេញ​ផ្សាយ​បាន​ទេ ពី​ព្រោះ​វា​មាន​ការ​យោង​ច្រើន ទៅ​លើ​ព័ត៌មាន​ផ្ទៃ​ក្នុង​អំពី​ធនាគារ​។

ស្ត្រី​តំណាង​ ADB រូប​នេះ ​បាន​ថ្លែង​បន្ត​ថា​៖ «ទោះ​យ៉ាង​ណាក្តី ADB បាន​កំណត់​ថា អត្ថប្រយោជន៍​ ដែល​បាន​មក​ពី​ការ​បង្ហាញ​អនុសាសន៍​ ដែល​មាន​នៅ​ក្នុង​របាយការណ៍​នេះ គឺ​មាន​ទំហំ​ធំ​ជាង​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​បង្ហាញ​ របាយការណ៍​នេះ​»។ ​អនុ​សាសន៍​ទាំង​នោះ រួម​មាន​ការ​លុប​បំបាត់​​ហានិភ័យ​នៃ​ការ​បាត់បង់​ដី​របស់​ គ្រួសារ​តាំង​លំនៅ​ទាំង​នោះ ការ​ធ្វើ​ឲ្យ​ចំណូល​របស់​ពួក​គេ​ប្រសើរ​ឡើង ឱកាស​ការងារ​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​ដំណើរ​ការ​តាមដាន។

មន្ត្រី អ្នក​នាំ​ពាក្យ​ស្ថានទូត​អូស្រ្តាលី នៅ​ភ្នំពេញ ដែល​ប្រទេស​នេះ ជា​អ្នក​តាម​ដាន ​ហើយ​ប្រទេស​នេះ​ក៏​ជា​ម្ចាស់​ជំនួយ​នៃ​គម្រោង​នេះ​បាន​ថ្លែង​ថា ដៃ​គូ​ជំនួយ​របស់​ខ្លួន​គឺ AusAid ​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ​២ លាន​ដុល្លារ ទៅ​ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ចាប់​តាំង​ពី​ឆ្នាំ​២០១១ និង​គាំទ្រ​ទៅ​លើ​អនុសាសន៍​ទាំង​នោះ៕ PS

រាយការណ៍​បន្ថែម​ដោយ ​Daniel De Carteret