ពលរដ្ឋ​រង​ប៉ះ​ពាល់​គម្រោង​ស្តារ​ផ្លូវ​ដែក​ប្តឹង​ត​ទៅ IRC

មុំ គន្ធា ភ្នំពេញ ប៉ុស្ដិ៏ថ្ងៃទី ២១ ឧសភា ២០១៣

ភ្នំពេញៈ ប្រជា​ពលរដ្ឋ​៩០​គ្រួសារ​ដែល​ប៉ះ​ពាល់​ដោយ​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​ ស្ថិត​ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈ​កម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ថ្នាក់​អន្តរ ក្រសួង​(IRC) ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​រដ្ឋសភា​ដើម្បី​សុំ​អន្តរាគមន៍​ផ្តល់​ប្រាក់​សំណង​បន្ថែម ចំពោះ​ការ​បណ្តេញ​ចេញ។

អ្នក​ស្រី លុយ អ៊ីម តំណាង​ដើម​បណ្តឹង​មក​ពី​ទួល​សង្កែ​បាន​និយាយ​ថា តំណាង​មក​ពី​សហគមន៍​ចំនួន​បី​គឺ​សហគមន៍​ត្រពាំង​អញ្ចាញ​មាន​ចំនួន​៦៥ គ្រួសារ ភូមិ​២៣​ចំនួន​៦​គ្រួសារ​និង​ទួល​សង្កែ​១៩​គ្រួសារ​បាន​ដាក់​ពាក្យ​បណ្តឹង​ ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពី​ព្រោះ​អ្នក​ស្រី ទទួល​បាន​សំណង​តែ​ជាង​១០០​ដុល្លារ​ដែល​ផ្ទះ​របស់​អ្នក​ស្រី ត្រូវ​បាន​គេ​កាត់​ដាច់​ចំ​ពី​មុខ​កាល​ពី​ឆ្នាំ​២០១១ ព្រោះ​វា បាន​ប៉ះ​ពាល់​ផ្លូវ​ដែក​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​ត្រូវ​ការ​សំណង​ច្រើន​ជាង​នេះ ប៉ុន្តែ​ខ្ញុំ មិន​ដឹង​ថា ប៉ុន្មាន​ទេ​។ ខ្ញុំ បាន​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ជួស​ជុល​ផ្ទះ​របស់​ខ្ញុំ ចាប់​តាំង​ពី​ផ្នៃក​ខាង​មុខ​ផ្ទះ​របស់​ខ្ញុំ ត្រូវ​បាន​គេ​វាយ​កម្ទេច នៅ​ពេល​ដែល​ពួក​គេ​ពង្រីក​ផ្លូវ​ដែក​ពួក​គេ​បាន​ទទួល​យក​ពាក្យ​បណ្តឹង​របស់​ យើង​ប៉ុន្តែ​ពួក​គេ​មិន​បាន​សន្យា​ជួយ​ពួក​យើង​ទេ​»។

យោង​តាម​សេចក្តី​ប្រកាស​រួម​មួយ​របស់​សមាគម​ធាង​ត្នោត និង​អង្គការ​សមធម៌​កម្ពុជា បាន​និយាយ​ថា ពួក​គេ​ត្រូវ​រងគ្រោះ​ដោយ​សារ​គម្រោង​នេះ​មិន​ទទួល​បាន​សំណង​ត្រឹម​ត្រូវ ដូច​ដែល​មាន​នៅ​ក្នុង​ផែនការ​ដោះស្រាយ​របស់​គម្រោង​។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា បាន​ថ្លែង​ថា IRC នឹង​ចាត់​ការ​ឲ្យ​បាន​ហ្មត់ចត់​លើ​បណ្តឹង​ថ្មីៗ​ទាំង​នេះ​ប្រកប​ដោយ​ យុត្តិធម៌ តម្លាភាព និង​សមធម៌​៕