ស្ថិតិ​មិន​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​ប៉ះ​ពាល់​សេដ្ឋកិច្ច

Sarah Thust  ភ្នំពេញ ប៉ុស្ដិ៏ថ្ងៃទី ២១ ឧសភា ២០១៣

130521_12a

ក្មេងៗកំពុងរត់លេង​លើផ្លូវ​រថភ្លើងខណៈ​ផ្លូវ​ដែក​​នេះ​កំពុងត្រូវ​បាន​​កែលម្អឡើងវិញ​នា​ពេលកន្លងមក។ ការ​អភិវឌ្ឍទាម​ទារ​​ទិ​ន្នន័យដែល​ទុក​ចិត្ត​បាន​​​​។ ប៉ុស្តិ៍

ភ្នំពេញៈ អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ទិន្នន័យ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​កម្ពុជា ខណៈ​ទិន្នន័យ​ទាំង​នោះ​ជា​មូលដ្ឋាន​យោង​ពេល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កំពុង ​ធ្វើ​សេចក្ដី​ព្រាង​គោល​នយោបាយ​របស់​ខ្លួន។

អ្នក​វិភាគ​និយាយ​ថា ទិន្នន័យ​បាន​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ដែល​ស្ថិត​ក្រោម​ក្រសួង​ផែនការ អាច​ទុក​ចិត្ត​បាន​ប៉ុន្តែ​ស្ថិតិ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ផ្សេង​គ្នា ​នឹង​មិន​អាច​ទុក​បាន​ទេ។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ដែល​ធ្វើ​ការ​ជាមួយ​ទិន្នន័យ​សេដ្ឋកិច្ច ​បាន​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា៖ «​ពួកគេ​តែង​តែ​គិត​លេខ​និង​ព្យាករ​តាម​របៀប​លាក់​លៀម​មិន​ធ្វើ​តាម​របៀប​ ចូល​រួម​នោះ​ទេ​។ សូម្បី​តែ​ក្រសួង​ផែនការ​ក៏​មាន​ក្បួន​ច្បាប់​ផ្ទាល់​របស់​ខ្លួន​ដែរ ក្នុង​ការ​ធ្វើ​ផែនការ​និង​ការ​គិត​លេខ​។ លើស​ពី​នេះ​ទៅ​ទៀត​ខ្ញុំ​អាច​ផ្ដល់​អត្រា​នៃ​ការ​ទុក​ចិត្ត​យ៉ាង​ទាប​ដោយ​ សារ​តែ​ហេតុផល​នយោបាយ​និង​បញ្ហា​ពុករលួយ​»។ លោក​បន្ត​ថា ក្រសួង​នីមួយៗ​មាន​ឱកាស​តិច​តួច​ដើម្បី​ទទួល​បាន​ទិន្នន័យ​របស់​ក្រសួង​ដទៃ​ ទៀត​ដូច្នេះ​ចំនួន​អាច​ខុស​គ្នា​ពី​ប្រភព​មួយ​ទៅ​ប្រភព​មួយ​ទៀត​។ លោក​អះអាង​ថា៖ «​មិន​ទាក់​ទង​គ្នា​នៅ​ក្នុង​ខ្សែ​បណ្ដាញ​នាយកដ្ឋាន និង​ក្រសួង​។ ការ​គ្មាន​មជ្ឈមណ្ឌល​ព័ត៌មាន​ទិន្នន័យ​ជាតិ»។

លោក សុក ចិន្តាសោភា អគ្គ​លេខាធិការ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC ) បាន​និយាយ​ក្នុង​អំឡុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ឆ្នាំ​មុន​ថា ទិន្នន័យ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់ CDC គិត​ពិចារណា​ពី​គម្រោង​ដែល​ទទួល​បាន​ការ​យល់​ព្រម​ប៉ុន្តែ​មិន​មាន​អ្នក​ ត្រួត​ពិនិត្យ​ថា​តើ​ការ​វិនិយោគ​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឬ​អត់​នោះ​ទេ។

លោក Peter Evans បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​២០១២​របស់​លោក​អំពី​វិស័យ​ទូរគមនាគមន៍​ កម្ពុជា​ថា៖ «នៅ​មាន​ភាព​មិន​ច្បាស់​លាស់​មួយ​ចំនួន​ជុំវិញ​ភាព​ត្រឹម​ត្រូវ​នៃ​ស្ថិតិ​ អ្នក​ជាវ​ដែល​ចេញ​ពី​ទីផ្សារ​ទូរគមនាគមន៍​កម្ពុជា​»។ លោក​សន្មត​ថា ការ​គិត​ច្រឡំ​អាច​មាន​ពី​១៥​ទៅ​២០​ភាគរយ។

លោក​Peter Brimble នាយក​រង​ប្រចាំ​ប្រទេស​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និយាយ​ថា៖ «ត្រូវ​តែ​ទទួល​ស្គាល់​ថា​មាន​ឱកាស​ដើម្បី​កែ​លម្អ​ឡើង​វិញ​»។ លោក​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ក៏​ដោយ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​ ទិន្នន័យ​ល្អ​ដើម្បី​ជួយ​ដល់​ការ​កែ​ទម្រង់​ការ​អភិវឌ្ឍ​ក្នុង​ពេល​អនាគត​ ហើយ​កំពុង​ផ្ដល់​ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដ៏​សំខាន់​ ដើម្បី​កែ​លម្អ​ស្ថានការ​នេះ។

អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដៃ​គូ​អភិវឌ្ឍន៍​ជា​ច្រើន​បាន​ធ្វើ​ ការ​ដើម្បី​កែ​លម្អ​ស្ថិតិ​និង​ទិន្នន័យ​នៅ​តាម​ក្រសួង​ផ្សេងៗ​។ កាល​ពី​ឆ្នាំ​២០០៩ វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​និង អាស៊ី​បូព៌ា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ស្ដី​ពី​ការ​កសាង​សមត្ថភាព​សម្រាប់​ ស្ថិតិ​នៅ​កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។

របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា៖ «ពេល​ប្រទេស​ណា​មួយ​មិន​បាន​អនុវត្ត​ឲ្យ​ទាន់​ដំណើរ​ការ​នេះ មាន​ន័យ​ថា​តំបន់​នេះ​នឹង​មិន​បាន​បំពេញ​ការ​រៀប​ចំ​ស្ថិតិ​របស់​ខ្លួន​នោះ​ ទេ។ ស្ថិតិ​រដ្ឋាភិបាល​ជា​មូលដ្ឋាន​យោង​នៅ​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ កិច្ច​ប្រជុំ​កំពូល​អាស៊ី​អាគ្នេយ៍​និង​រដ្ឋ​មន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ ធ្វើ​សេចក្ដី​ព្រាង​គោល​នយោបាយ​របស់​ខ្លួន»។

វិទ្យាស្ថាន​ជាតិ​ស្ថិតិ NIS បាន​សរសេរ​ក្នុង​ផែនការ​មេ​ស្ថិតិ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ថា កិច្ច​ប្រឹង​ប្រែង​ត្រូវ​បាន​ធ្វើ​ឡើង។

ឯកសារ​បង្ហាញ​ថា៖ «​ជំនាញ​ស្ថិតិ​និង​សមត្ថភាព​នៅ NIS ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​។ ការ​កែ​លម្អ​បន្ថែម​នៅ​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ​ទាំង​ការ​អនុវត្ត​ការ​ អង្កេត​និង​ជំរឿន»។​ឯកសារ​បន្ត​ថា៖ «ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​តម្រូវ​ឲ្យ​មាន​ការ​ផ្ដល់​មូលនិធិ​កាន់​តែ​ច្រើន ​ពី​រដ្ឋាភិបាល​ដើម្បី​បង្កើត​ប្រព័ន្ធ​ស្ថិតិ​ដែល​មាន​ស្ថិរភាព»។

លោក អ៊ុក ឆាយ រដ្ឋ​លេខាធិការ​ក្រសួង​ផែនការ​បាន​និយាយ​ក្នុង​សុន្ទរកថា​នៅ​សិក្ខា​សាលា​ ប្រចាំ​តំបន់​អាស៊ាន​ស្ដី​ពី​ផែនការ​យុទ្ធសាស្ដ្រ​នៅ​ហ្សាការតា​ពី​ខែ​ វិច្ឆិកា​មុន​ថា គោល​នយោបាយ​ស្ដី​ពី​ការ​ចែក​រំលែក​ទិន្នន័យ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ ទំនាក់​ទំនង​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​។ លោក​បន្ត​ថា​៖ «​បើ​គ្មាន​ស្ថិតិ​ដ៏​ល្អ​នោះ​ទេ​យើង​មិន​អាច​ដឹង​ពី​កំហុស​របស់​យើង​ទេ​ហើយ ​អ្នក​ធ្វើ​គោល​នយោបាយ​ក៏​មិន​អាច​សង្កេត​មើល​ពី​បញ្ហា​ណា​មួយ​បាន​ដែរ»។

លោក Peter Brimble បាន​ឲ្យ​ដឹង​ថា ទិន្នន័យ​កាន់​តែ​ប្រសើរ​នឹង​ជួយ​ដល់​ការ​អនុវត្ត​កម្មវិធី​ដែល​ផ្អែក​លើ​ លទ្ធផល​និង​គម្រោង​ជាច្រើន​និង​ជួយ​ឲ្យ​ការ​ត្រួត​ពិនិត្យ​និង​ការ​វាយ​ តម្លៃ​រាល់​សកម្មភាព​ទាំង​នេះ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ លោក​បាន​បន្ត​ថា៖ «​បញ្ហា​នេះ​នឹង​ជួយ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋាភិបាល​និង​ជំនួយ​ អភិវឌ្ឍន៍​បរទេស​កាន់​តែ​ទទួល​បាន​លទ្ធផល​ល្អ​»។

លោក កែម ឡី ឲ្យ​ដឹង​ថា៖ « កម្ពុជា​ត្រូវ​តែ​បង្កើត​សេរីភាព​ច្បាប់​ព័ត៌មាន​និង​គោល​ការណ៍​ណែនាំ​ សម្រាប់​ការ​ចូល​រួម​របស់​ភាគី​ដែល​ពាក់​ព័ន្ធ​។ ដៃ​គូ​អភិវឌ្ឍន៍​ត្រូវ​តែ​បង្កើត​ឡើង​ផង​ដែរ​និង​ជួយ​គាំទ្រ​ដល់​អ្វី​ដែល​ រដ្ឋាភិបាល​មិន​អាច​ធ្វើ​បាន​។ ពេល​នេះ​ដៃ​គូ​អភិវឌ្ឍន៍​ជួយ​គាំទ្រ​ដល់​អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន​និង​ មិន​មាន​អ្វី​ដែល​ប្រជាជន​ត្រូវ​ការ​នោះ​ទេ​»៕