អ្នក​បណ្តេញ​ពី​ផ្លូវ​រថភ្លើង​មាន​ ជីវភាព​កាន់​តែ​លំបាក

ដោយ Sean Teehan និង ឆាយ ចន្ទនីដា ភ្នំពេញប៉ុស្ដិ៏ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣

130606_08

ស្ត្រី​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​ផ្ទះ​នៅ​ក្បែរ​ផ្លូវ​រថ​ភ្លើង​ក្នុង​ខណ្ឌ​ឫស្សី​កែវ​ នៅ​ឯទី​កន្លែង​ តាំង​​ទី​លំនៅ​ថ្មី ក្នុង​ភូមិ​ត្រពាំង​អញ្ចាញ​ពី​ចុង​ឆ្នាំ​មុន​​​​។ រូបថត ផា លីណា​

ភ្នំពេញៈ ចាប់​តាំង​ពី​គម្រោង​ជួស​ជុល​ផ្លូវ​រថភ្លើង​កម្ពុជា​បាន​ចាប់​ផ្តើម​ក្នុង​ ឆ្នាំ ២០១១ មក​បាន​បង្ខំ​ឲ្យ​អ្នក​ស្រី យឿង ភារុណ ផ្លាស់​ទីលំនៅ​ពី​ផ្ទះ​របស់​អ្នក​ស្រី ក្នុង​ខណ្ឌ​ឫស្សីកែវ ទៅ​ត្រពាំង​អញ្ចាញ​មក​នោះ អ្នក​ស្រី និង​ប្តី​ពុំ​អាច​ធ្វើ​ការ ឬ​ប្រកប​មុខ​របរ​អ្វី​បាន​សោះ​ឡើយ។

អ្នក​ស្រី ភារុណ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ​ថា៖ « កាល​ពី​មុន ខ្ញុំ​លក់​ខោ​អាវ​ជជុះ នៅ​ផ្សារ​ទួលសង្កែ ហើយ​ប្តី​ខ្ញុំ​ជា​ជាង​ឈើ​ប៉ុន្តែ​នៅ​ទី​នេះ យើង​ឈប់​ទៅ​លក់​ដូរ ឬ​ទៅ​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ​ទៀត​ហើយ​ព្រោះ​វា​នៅ​ឆ្ងាយ​ពេក​។ យើង​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ៣០០០០ រៀល (៧,៥ ដុល្លារ​អាមេរិក) លើ​ការ​ធ្វើ​ដំណើរ យើង​មិន​មាន​លទ្ធភាព​ទេ​»។​ឥឡូវ​នេះ គ្រួសារ​របស់​អ្នក​ស្រី​ភារុណ ជំពាក់​បំណុល​គេ​ជាង ៤០០០ ដុល្លារ ហើយ​អ្នក​ស្រី ភារុណ ត្រូវ​បាន​មន្រ្តី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហៅ​ទៅ​សាក​សួរ ៦ លើក​មក​ហើយ​ដោយ​សារ​តែ​ការ​បង់​ប្រាក់​យឺត​យ៉ាវ។ អ្នក​ស្រី ភ័យ​ខ្លាច​ថា អ្នក​ស្រី​អាច​នឹង​ជាប់​គុក។

យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​របស់​សមាគម​ធាង​ត្នោត ជា​ទីភ្នាក់ងារ​មិន​មែន​រដ្ឋាភិបាល ដែល​ផ្តោត​លើ​លំនៅដ្ឋាន​ក្នុង​ទីក្រុង បាន​ឲ្យ​ដឹង​ថា​អ្នក​ស្រី ភារុណ និង​ប្តី​របស់​អ្នក​ស្រី​ជា​គ្រួសារ​មួយ​នៃ​ប្រជា​ពលរដ្ឋ​ប្រហែល ១៤៣ គ្រួសារ ដែល​បាន​ផ្លាស់​ទី​លំនៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្នុង​រាជធានី​ភ្នំពេញ ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ភូមិ​ត្រពាំង​អញ្ចាញ​ដែល​មាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ ពី​ភ្នំពេញ​។​យោង​តាម​របាយ​ការណ៍​ចុង​ក្រោយ របស់​សមាគម​ធាង​ត្នោត ប្រជាជន​ដែល​ជ្រើស​រើស​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ផ្ទាល់​ខ្លួន​ក្នុង​ ទីក្រុង មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​អ្នក​ដែល​ផ្លាស់​ទៅ​រស់​នៅ​ភូមិ​ត្រពាំង​អញ្ចាញ។

លោក Nora Lindstrom អ្នក​គ្រប់​គ្រង​កម្មវិធី​នៅ​សមាគម​ធាង​ត្នោត និង​ជា​សហ​អ្នក​និពន្ធ​របាយ​ការណ៍​នេះ​បាន​ថ្លែង​ថា៖ «​នេះ​ជា​បរាជ័យ​នៃ​ការ​តំាង​ទីលំនៅ​ថ្មី​។ ជា​អកុសល​វា​ជា​រឿង​អាច​ព្យាករ​បាន​ទាំង​ស្រុង»។

យោង​តាម​គេហទំព័រ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី បាន​ឲ្យ​ដឹង​ថា គម្រោង​ដែល​ទទួល​មូលនិធិ​ចម្បង​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​កម្មវិធី​ជំនួយ​ក្រៅ​ប្រទេស​របស់​រដ្ឋាភិបាល​អូស្រ្តាលី​នេះ មាន​គោល​បំណង​ជួស​ជុល ឬ​សាង​សង់​ឡើង​វិញ​នូវ​ខ្សែ​រថភ្លើង​ប្រហែល ៦៤១ គីឡូម៉ែត្រ។

សមាគម​ធាង​ត្នោត បាន​ស្ទង់​មតិ​ប្រជាជន​សរុប ១៨៧ គ្រួសារ គឺ ៩១ គ្រួសារ រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ដែល​អាច​បន្ត​នៅ​ទី​នោះ​៦៨ គ្រួសារ​ដែល​ផ្លាស់​ទី​ទៅ​ត្រពាំង​អញ្ចាញ​និង ២៨ គ្រួសារ ដែល​ត្រូវ​ចេញ​ពី​ផ្ទះ តែ​បាន​ជ្រើស​រើស​រក​កន្លែង​រស់​នៅ​នៅ​ក្រៅ​កន្លែង​តាំង​ទីលំនៅ​ថ្មី​នោះ​។ សមាគម​ធាង​ត្នោត​ឲ្យ​ដឹង​ទៀត​ថា ការងារ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​ផ្លាស់​ទៅ​ ត្រពាំង​អញ្ចាញ​។ ៥៧ ភាគរយ​នៃ​គ្រួសារ​ទាំង​នោះ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​ដែល​បាត់​បង់​ ការងារ​ចាប់​តាំង​ពី​មាន​ការ​ផ្លាស់​ទីលំនៅ​ថ្មី។ គ្រួសារ ១៤ ភាគរយ​ប៉ុណ្ណោះ ដែល​ផ្លាស់​ទៅ​រស់​នៅ​ទីកន្លែង​ផ្សេង បាន​បាត់​បង់​ការងារ។

ទិន្នន័យ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ចំណូល​ក្នុង​ចំណោម​អ្នក​ដែល​ផ្លាស់​ទៅ​រស់​នៅ​ត្រពាំង​អញ្ចាញ​បាន​ធ្លាក់​ ចុះ​ពី​ឆ្នាំ ២០១១ និង ២០១២ ដោយ​ចំនួន​ប្រជាជន​ដែល​រក​ចំណូល​តិច​ជាង ១៥០ ដុល្លារ​ក្នុង​មួយ​ខែ​កើន​ឡើង​ដល់ ៨៩ ភាគរយ។ ៩៧ ភាគរយ​បាន​រាយការណ៍​ថា ពួកគេ​ខិត​ខំ​តស៊ូ ដើម្បី​បង់​សង​បំណុល។ ក្រុម​ប្រជាជន​ដែល​ផ្លាស់​ទី​កន្លែង​ផ្សេង​ទៀត គឺ​មាន​ចំនួន​កើន​ឡើង ៤៥ ភាគរយ ចំពោះ​អ្នក​ដែល​រក​បាន​ចំណូល​តិច​ជាង ១៥០ ដុល្លារ​ក្នុង​មួយ​ខែ។ ៦១ ភាគរយ​បាន​រាយការណ៍​ថា បាន​ជួប​បញ្ហា​ក្នុង​ការ​បង់​សង​បំណុល។

លោក Eric Sidgwick នាយក​ប្រចាំ​ប្រទេស​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា មាន​ការ​ជឿន​លឿន​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថានភាព​រស់​នៅ​របស់​អ្នក ​ភូមិ​នៅ​ត្រពាំង​អញ្ចាញ កាន់​តែ​ល្អ​ប្រសើរ​ឡើង ចាប់​តាំង​ពី​សមាគម​ធាង​ត្នោត​បញ្ចប់​ការ​ប្រមូល​ទិន្នន័យ។ សេចក្តី​ថ្លែង​ការណ៍​របស់​លោក Sidgwick បាន​ឲ្យ​ដឹង​ថា៖ «ទិន្នន័យ​ដំបូង​ពី​ខែ​មីនា ឆ្នាំ ២០១៣ ដែល​ពាក់​ព័ន្ធ​នឹង​ប្រជាជន ៤៤ គ្រួសារ​នៅ​ត្រពាំង​អញ្ចាញ​បាន​បង្ហាញ​ថា បំណុល​របស់​គ្រួសារ​ជា​មធ្យម​បាន​ថយ​ចុះ​មក​ត្រឹម ៨៧៥ ដុល្លារ​។ ប្រាក់​ចំណូល​គ្រួសារ​ជា​មធ្យម​បាន​កើន​ឡើង​ដល់ ៣៧៣,៦៧ ដុល្លារ​អាមេរិក»។

លោក Lindstrom ទទួល​ស្គាល់​ថា ការ​ខិត​ខំ​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ត្រពាំង​អញ្ចាញ​ឲ្យ​ ល្អ​ប្រសើរ​ឡើង ដូច​ជា​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​និង​ផែនការ​សាង​សង់​ មជ្ឈមណ្ឌល​សហគមន៍។ ប៉ុន្តែ ដោយ​សារ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បដិសេធ​មិន​បញ្ចេញ​ទិន្នន័យ​ជា​សាធារណៈ​ដែល​ពួកគេ​ប្រមូល​ក្នុង​របាយ​ ការណ៍ ការ​រីក​ចម្រើន​នោះ​នៅ​តែ​ជា​ចម្ងល់​ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ AusAID បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​តាំង​ទីលំនៅ​ ថ្មី របស់​ប្រជាជន​ខ្លួន​ក៏​ដោយ ក៏​ប៉ុន្តែ AusAID បាន​ខិត​ខំ​ធ្វើ​ការ​ជាមួយ​នឹង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​កម្ពុជា ដើម្បី​កែ​លម្អ​លទ្ធផល​សម្រាប់​ប្រជាជន​ដែល​តាំង​ទីលំនៅ​ថ្មី»៕​