របាយការណ៍៖ ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ស្ដារ​ផ្លូវ​ដែក​មាន​ជីវភាព​កាន់​តែ​ក្រ​លំបាក

ដោយ វណ្ណ វិចារ វិទ្យុអាស៊ីសេរី ថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ ២០១៤

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បញ្ជាក់​ថា គម្រោង​ស្ដារ​ផ្លូវ​ដែក​នៅ​កម្ពុជា ធ្វើ​ឲ្យ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​កាន់​តែ​ក្រ​លំបាក។ របាយការណ៍​ចុង​ក្រោយ​របស់​គណៈកម្មការ​ត្រួត​ពិនិត្យ​ឯករាជ្យ ដែល​សិក្សា​ពី​គម្រោង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ បង្ហាញ​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ បាន​បាត់​បង់​ដីធ្លី និង​ប្រាក់​ចំណូល បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​នៅ​តាម​បណ្តោយ​ផ្លូវ​ ដែក។

ផ្លូវ​រថភ្លើង ៣០៥

១-មេសា-២០១៣៖ ពលរដ្ឋ​រស់នៅ​លើ​ផ្លូវ​រថភ្លើង ក្បែរ​វត្ត​ទួលសង្កែ ក្នុង​ទីក្រុង​ភ្នំពេញ។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ផ្សាយ​ថា ពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ ដែល​មាន​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក បាន​ទទួល​សំណង​មិន​សមរម្យ​តាម​តម្លៃ​ទីផ្សារ។ ហើយ​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចាក​ចេញ​ពី​តំបន់​ផ្លូវ​ដែក មាន​ជីវភាព​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ នៅ​ពេល​ដែល​ទៅ​រស់​នៅ​ទីតាំង​ថ្មី។

គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ ចេញ ជំពាក់​បំណុល​គេ​កាន់​តែ​ច្រើន បាត់​បង់​មុខ​របរ​ដែល​ធ្លាប់​ធ្វើ​ជាដើម។ របាយការណ៍​បាន​បន្ត​ថា គម្រោង​មួយ​នេះ​មាន​កំហុស​តាំង​ពី​ចាប់​ផ្ដើម​មក​ម្ល៉េះ តាំង​ការ​សិក្សា​គម្រោង រហូត​ដល់​សម្រេច​អនុវត្ត​គម្រោង។

គណៈកម្មការ​ឯករាជ្យ​ដែល​ចេញ​របាយការណ៍​នេះ បញ្ជាក់​ថា គម្រោង​នេះ​មាន​កំហុស​ឆ្គង​លើ​ផ្នែក​ជាច្រើន រួម​មាន កង្វះ​ការ​ចូល​រួម​ពី​ពលរដ្ឋ​រង​ផល​ប៉ះពាល់ កង្វះ​ច្បាប់​ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ ការ​ផ្តល់​សំណង​មិន​គិត​ពី​អតិផរណា និង​តម្លៃ​ទីផ្សារ​ជាក់ស្តែង មិន​មាន​ច្បាប់​សម្រាប់​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​អ្នក​តាំង​ លំនៅឋាន​ថ្មី រួម​ទាំង​កង្វះ​យន្តការ សម្រាប់​ដោះស្រាយ​ពី​ទុក្ខ​លំបាក​របស់​រាស្ត្រ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់។

គណៈកម្មការ​នេះ​ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ភាគី​ពាក់ព័ន្ធ រួម​មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​រដ្ឋាភិបាល​កម្ពុជា ផ្តល់​សំណង​បន្ថែម​ទៀត​ដល់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ ក្នុង​ទំហំ​ទឹក​ប្រាក់​ពី ៣ ទៅ ៤​លាន​ដុល្លារ​បន្ថែម​ទៀត។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​ផ្លូវ​ដែក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក លី បូរិន បាន​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា លោក​មិន​បាន​ដឹង​ថា ត្រូវ​បាន​ប្រាក់​ពី​ណា​យក​មក​សង​ពលរដ្ឋ​ទេ ហើយ​លោក​ចោទ​សួរ​ថា តើ​មាន​អ្នក​ណា​ជា​អ្នក​ឲ្យ​ខ្ចី​ប្រាក់​នោះ ដើម្បី​ផ្តល់​សំណង​ទៅ?

មន្ត្រី​សម្របសម្រួល​សមាគម​ធាងត្នោត លោក អី សារ៉ុម មាន​ប្រសាសន៍​ថា លោក​គាំទ្រ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​បាន​លើក​ពី​កំហុស​ឆ្គង​ទាំង​នេះ​បង្ហាញ​ជា​សាធារណៈ។ លោក​បន្ត​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​មិន​ត្រូវ​គេចវេស ឬ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ប៉ុន្តែ​ត្រូវ​រួម​គ្នា​ដោះស្រាយ​បញ្ហា​នេះ។ លោក​បញ្ជាក់​ថា ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ក្នុង​ហេតុផល​អភិវឌ្ឍន៍ ភាគ​ច្រើន​ជាប់​ពាក់ព័ន្ធ​រឿង​អំពើ​ពុក​រលួយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

«សំឡេង»

ចំណែក​ឯ​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​ជា​គំរូ​មួយ​សម្រាប់​គម្រោង​ដទៃ​ទៀត ដែល​បង្ហាញ​ថា ការ​អភិវឌ្ឍ​ដែល​មិន​បាន​ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ មិន​បាន​ទទួល​ជោគជ័យ​ទេ។ លោក​បន្ត​ថា លក្ខខណ្ឌ​នៃ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន មិន​បាន​គិត​អំពី​ដំណាក់​កាល​ទាំង​បី រួម​មាន ការ​តាំង​ទីលំនៅ​ថ្មី ការ​ប្រកប​មុខ​របរ​បណ្ដោះ​អាសន្ន និង​ការ​ប្រកប​មុខ​របរ​អចិន្ត្រៃយ៍​របស់​ពលរដ្ឋ​ឡើយ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​ណាស់​តែ​យក​អនុសាសន៍​ទាំងអស់​របស់​សង្គម​ស៊ីវិល និង​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​តម្រូវ​ការ​ពលរដ្ឋ ទើប​ទទួល​បាន​ការ​គាំទ្រ។

«សំឡេង»

គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​នៅ​កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ១៤៣​លាន​ដុល្លារ ដែល​ចាប់​ផ្ដើម​សិក្សា និង​អនុវត្ត​តាំង​ពី​ឆ្នាំ​២០០៦។ គម្រោង​នេះ​មាន​វិសាលភាព​ស្ដារ​ប្រព័ន្ធ​ផ្លូវ​ដែក​ដែល​ចាស់​ទ្រុឌទ្រោម​នៅ​ ទូទាំង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​អូស្ត្រាលី បាន​សន្យា​នឹង​ផ្តល់​ជំនួយ​ចំនួន​ជាង ២១​លាន​ដុល្លារ​បន្ថែម សម្រាប់​អនុវត្ត​គម្រោង​ស្ដារ​ផ្លូវ​ដែក​នេះ។ កន្លង​ទៅ ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ប៉ោយប៉ែត បាន​តវ៉ា​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​នេះ ដោយ​ទាមទារ​សំណង​សមរម្យ​តាម​តម្លៃ​ទីផ្សារ​ជាក់ស្តែង ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក​នេះ ​បាន​ចប់​សព្វគ្រប់​នៅ​ឡើយ៕