ពលរដ្ឋ​ប៉ះពាល់​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​មិន​ទាន់​មាន​ដំណោះស្រាយ

ដោយ Kevin Ponniah, ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤

20140522_06

ផ្ទះ​ពលរដ្ឋ​ដែល​ប៉ះពាល់​ជាមួយ​គម្រោង​ស្តារផ្លូវ​រថ​ភ្លើង​​​។ រូបថត ហុង មិនា​

ភ្នំពេញៈ គ្រួសារ​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ចេញ​ពី​លំនៅឋាន​ដើម្បី​ សម្រួល​ដល់​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​ឡើង​វិញ​ដែល​ផ្តល់​មូលនិធិ​ដោយ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​រដ្ឋាភិបាល​អូស្ត្រាលី បាន​ប្រាប់​ធនាគារ​នេះ​ថា សេចក្តី​ព្រាង​ពី​គម្រោង​សំណង​ដែល​ខ្លួន​បាន​តាក់​តែង​ដើម្បី​ដោះស្រាយ​ បញ្ហា​របស់​ពួក​គេ​មិន​គ្រប់​គ្រាន់​ទេ។

កាល​ពី​ថ្ងៃ​ចន្ទ អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​រួម (IDI) និង​អង្គការ​សមធម៌​កម្ពុជា បាន​បញ្ជូន​សំណើ​ទៅ​ធនាគារ​តាង​នាម​ឲ្យ​សហគមន៍​ដែល​ប៉ះ​ពាល់ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ទៀត។

យោង​តាម​ក្រុម​ទាំង​នេះ បាន​ឲ្យ​ដឹង​ថា ផែនការ​នេះ «ខកខាន​មិន​បាន​ផ្តល់​សំណង​ដល់​ពលរដ្ឋ​លើ​ការ​បាត់​បង់​ប្រាក់​ចំណូល» ឬ​ដោះស្រាយ​បំណុល​ដែល​គ្រួសារ​រងគ្រោះ​បំផុត ទទួល​អម្រែក​ដោយ​សារ​តែ​សំណង​មិន​បាន​គ្រប់​គ្រាន់ និង​ការ​ស្តារ​ប្រាក់​ចំណូល»។

សំណើ​នេះ​បាន​រៀប​រាប់​ថា៖ «ប្រសិន​បើ​ការ​បរាជ័យ​ទាំង​នេះ មិន​ត្រូវ​បាន​គេ​ដោះស្រាយ គម្រោង​នេះ​នឹង​បន្ត​ទុក​ឲ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​រាប់​រយ​គ្រួសារ​ក្លាយ​ជា​ អ្នក​ក្រីក្រ​និង​មិន​មាន​សំណង​ការ​ខូច​ខាត»។

កាល​ពី ឆ្នាំ​២០១២ IDI បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​អង្គការ​ឃ្លាំ​មើល​ផ្ទៃ​ក្នុង​របស់ ADB តាង​នាម​ឲ្យ​គ្រួសារ​រងគ្រោះ​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ផ្ទៃ​ ក្នុង​មួយ​លើ​ដំណោះស្រាយ​ដែល​បរាជ័យ។ លទ្ធផល​គួរ​ឲ្យ​ស្តី​បន្ទោស​ដែល​លាត​ត្រដាង​ពី​ទំហំ​នៃ​ការ​បរាជ័យ​ត្រូវ​ បាន​គេ​លាត​ត្រដាង​កាល​ពី​ដើម​ឆ្នាំ​នេះ។

របាយ​ការណ៍​នោះ បាន​នាំ​ឲ្យ​មាន​ចំណាត់ការ​ជុំវិញ​សំណង​ដែល​កំពុង​តែ​អនុម័ត​ដោយ ក្រុម​ប្រឹក្សាភិបាល ADB ដើម្បី​បញ្ចប់​ការ​តាំង​លំនៅឋាន​ជា​ថ្មី ដែល​ត្រូវ​បាន​ធ្វើ​ដោយ​រដ្ឋាភិបាល ប៉ុន្តែ​ឃ្លាំ​មើល​ដោយ ADB ដើម្បី​ស្រប​ទៅ​តាម​ការ​ការពារ​របស់​ធនាគារ។

ខណៈ​ដែល​ព័ត៌មាន​លម្អិត​ជុំវិញ​សំណង​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​កាល​ពី ​ខែ​មុន ADB និយាយ​ថា ចម្លើយ​តប​ពី​គ្រួសារ​រងគ្រោះ គឺ «ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​នេះ និង​ដំណើរការ​ដោះស្រាយ» ហើយ​បាន​សន្យា​ថា នឹង​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​ពួក​គេ។

ប៉ុន្តែ​ការ​ចេញ​ផ្សាយ​នូវ​ផែនការ​នេះ បាន​បង្ហាញ​ថា រដ្ឋាភិបាល កម្ពុជា ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ទូទាត់​សំណង​ដែល​ទំនង​ជា​បាន​ប្រាក់​កម្ចី​ពី ADB មិន​មាន​បំណង​សង​ថ្លៃ​បាត់​បង់​ប្រាក់​ចំណូល​របស់​គ្រួសារ​ទាំង​នោះ​ក្នុង​ អំឡុង​ពេល​រើ​ទៅ​កន្លែង​ថ្មី ហើយ​បាន​បដិសេធ​មិន​ព្រម​បង្កើត​គម្រោង​ដោះស្រាយ​បំណុល​ដើម្បី​ជួយ​គ្រួសារ​ ដែល​ជាប់​បំណុល​ឲ្យ​មាន​លទ្ធភាព​សង​បំណុល​របស់​ពួក​គេ​ទេ។

គ្រួសារ​ទាំង​នោះ បាន​ចាប់​ផ្តើម​សម្រួល​ដល់​គម្រោង ១៤៣ លាន​ដុល្លារ​ដើម្បី​សាង​សង់​ផ្លូវ​ដែក​របស់​កម្ពុជា​ឡើង​វិញ​កាល​ពី ឆ្នាំ​២០១០។

មិន​អាច​ទាក់​ទង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ៕ NR