​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​ចំនួន​១០សហគមន៍​ប្រមូលផ្តុំ​នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​​

ដោយ ជន ស្រីណុច, VOD សំឡេងប្រជាធិបតេយ្យ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤

តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​ ប្រមូលផ្តុំនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី (រូបថត៖ ជន ស្រីណុច)

តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​ចំនួន​១០​ផ្សេងៗ​គ្នា មាន​គ្នា​ជាង​១០០​នាក់ បានប្រមូលផ្តុំ​នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ទាមទារ​ឲ្យ រដ្ឋាភិបាលជួយ​ពន្លឿន​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​។​

សហគមន៍​ដែល​ប្រមូលផ្តុំ​នៅ​ព្រឹក​នេះ រួមមានបណ្តាញ​សហគមន៍​សន្តិភាព សហ​គមន៍​ការពារដីធ្លី​ខ្មែរ​អមតៈ សហគមន៍​៣៤៧ សហគមន៍​បុរី​កីឡា សហគមន៍​ខ្នង​ក្រពើ​ខាងលិច និង​ខាងកើត​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ជាដើម​។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​យក​ញត្តិ​ ដាក់​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ជំរុញ​ឲ្យជួយ​ផ្តល់ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​របស់​ពួកគាត់​។ ពួកគេ​ត្រូវការ​ដំ​ណោះស្រាយ លើ​បញ្ហា​ដីធ្លី​ផ្សេងៗ​គ្នា​ដូចជា ត្រូវការ​សំណង​សមរម្យ ត្រូវការ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ត្រូវ​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង និង​ទាមទារ​កុំ​ឲ្យ​បណ្តេញ​ចេញ​ជា​ដើម​។

​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ ខេត្ត​ត្បូងឃ្មុំ អ្នកស្រី អ៊ុន ឈីង​ចេង រៀបរាប់​ទាំង​ទឹកភ្នែក​ថា ប្រជាពលរដ្ឋ​មាន​ការលំបាក​យ៉ាងខ្លាំង ខណៈ​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ បាន​គូស​បញ្ចូល​ផ្ទៃ​ដី​ប្រជាពលរដ្ឋ​ដែល​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី បាន​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​កាត់​ដី​នោះ ជា​កម្មសិទ្ធិ​ប្រជាពលរដ្ឋ​ហើយ តែ​ក្រុមហ៊ុន​នៅ​តែ​បំពាន។ អ្នកស្រី​បន្ត​ថា បើទោះបីជា​មាន​សំណើ​ពី​ថ្នាក់លើ​ឲ្យ​កាត់​ដី​នោះ​ជូន​ប្រជាពលរដ្ឋ​ក្តី​ តែ​មន្ត្រី​ថ្នាក់ក្រោម​មិន​បាន​ធ្វើតាម​ទេ។​

​ចំណែក​អតីត​ពលរដ្ឋ​ បឹងកក់​ក៏​សុំ​អន្តរាគមន៍​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ជួ​យ​ដោះស្រាយ​បញ្ហា ​ពលរដ្ឋ​បណ្តេញចេញ​ដោយ​បង្ខំ​ដែរ។ អ្នក​សយ កុឡាប រៀបរាប់ថា ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក ជា​ពិសេស​មាន​ជំងឺ​ឈឺ​ថ្កាត់ កូនចៅ​អត់​សាលារៀន ខ្វះ​ខាត់​គ្រប់​សព្វបែបយ៉ាង ដោយ​លទ្ធផល​នៃ​ការបណ្តេញ​ចេញ​ទាំង​បង្ខំ សំណង​មិន​សមរម្យ។

នៅ​ម៉ោង​ជាង​១០​ព្រឹក​នេះ សមត្ថកិច្ច​បាន​គៀង​ប្រជាពលរដ្ឋ​ទាំងនោះ​ចេញ​ពី​មុខ​ ទីស្តីការគណៈរដ្ឋមន្ត្រី ខណៈ​តំណាង​ពួកគេ​ចូល​ដាក់​ញត្តិ​។ រហូតមកដល់​ម៉ោង​ជិត​១២​ថ្ងៃនេះ  នៅ​មិនទាន់​មាន​ការឆ្លើយតប​ពី​មន្ត្រី​រដ្ឋាភិបាល​ទេ។

​របាយការណ៍​របស់​អង្គការ​លីកាដូ បានបង្ហាញ​ថា ចំនួន​គ្រួសារ​រងគ្រោះ ដោយសារ​ជម្លោះដីធ្លី​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋ និង​ភ្នាក់ងារ​រដ្ឋ​ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០០​មក បាន​កើនឡើង ជាង​កន្លះ​លាន​នាក់​។ របាយការណ៍លីកាដូ កាល​ពី​មេសា បង្ហាញថា គ្រាន់តែនៅ​ឆ្នាំ​២០១៤​នេះ ជម្លោះ​ដីធ្លី​នៅ​កម្ពុជា នាំមក​នូវ​រលក​ថ្មី ដែល​មាន​ហិង្សា​នៅតែ​បន្ត​កើតមានឡើង ហើយ​ផ្តល់​ផល​អាក្រក់​ដល់​ប្រជាជន២២៤៦គ្រួសារ ​នៅ​ស្ទើរ​គ្រប់​ខេត្ត​៕


សមត្ថកិច្ចត្រូវបានដាក់ពង្រាយនៅមុខទីស្តីការគណៈរដ្ឋុំមន្ត្រី