ប្រជា​សហគមន៍​រស់នៅ​តាម​ដងផ្លូវ​រថភ្លើង​ទាមទារ​ឲ្យ​ ADB ​ផ្តល់​ព័ត៌មាន​ពិត​ពី​ការអភិវឌ្ឍ​ផ្លូវ​រថភ្លើង​​

ដោយ ថុល ស្រីលក្ខណ៍, VOD សំឡេងប្រជាធិបតេយ្យ, ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤

ប្រជាពលរដ្ឋធ្វើការតវ៉ានៅមុខ ធនាគារ​អភិវឌ្ឍន៍អាស៊ី​នៅ​កម្ពុជា (រូបដោយ៖ ថុល ស្រី​លក្ខណ៍)

ប្រជា​សហគមន៍​រស់នៅ​តាម​ដងផ្លូវ​រថភ្លើង ប្រមាណ​២០០​នាក់ មក​ពី​សហគមន៍​ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមូលផ្តុំ​គ្នា នៅខាងមុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ជំរុញ​ឲ្យ​ធនាគារនេះ ផ្តល់​ព័ត៌មាន​ពិត ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ពី​ភ្នំពេញទៅ​កំពុងផែ​ក្រុងព្រះសីហនុ​។

​​អ្នកស្រី នី សន្តោស មក​ពី​សហគមន៍​ភូមិ​២៣ ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​អ្នក​ដាក់​ញត្តិ​នោះ​អះអាងថា មូលហេតុ​ដែល​ពួកគាត់​ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃនេះ ដោយសារ​ធនាគារ​នេះ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ដល់​ពួកគាត់ ដែលជា​អ្នក​រង​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​នេះ​ឲ្យបាន​ច្បាស់លាស់​។ អ្នកស្រី​ថា ម្យ៉ាងទៀត​គម្រោង​អភិវឌ្ឍ​ដែល​ផ្តល់​សំណង​ថ្លៃ​ដី ១​ម៉ែត្រការ៉េ ២០០០​រៀល នោះ​គឺ​មិន​អាច​ទទួលយកបាន​នោះទេ​។

​​អ្នកស្រី មាស ស្រីមុំ ដែល​ចូលរួម​តវ៉ា ដែរ​នោះ​បន្ថែមថា ពួកគាត់​សព្វថ្ងៃ រស់នៅ​ទាំង​ភ័យខ្លាច មិន​ហ៊ាន​សាងសង់​សំណង់ ឬ​ជួសជុលផ្ទះ​នោះទេ ព្រោះ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការអភិវឌ្ឍ​ផ្លូវ​រថភ្លើង​នេះ ឲ្យបាន​ច្បាស់លាស់​។ អ្នកស្រី​ទាមទារ​ឲ្យ​ធនាគារ​នេះ​ផ្តល់​ព័ត៌មាន​លម្អិត​ដល់​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​ត្រៀមខ្លួន​ជាមុន ព្រោះ​ពួកគាត់​ត្រូវ​ការរៀបចំ​ផែនការ​គ្រួសារ​ទៅ​ថ្ងៃ​ខាង​មុខ​។

​​តាំងពី​ម៉ោង​៨​ព្រឹក​រហូត​មកដល់ពេលនេះ ប្រជា​សហគមន៍​ទាំងនោះ បន្ត​ប្រមូលផ្តុំ​គ្នា​លើក​បដា និង​ស្រែកច្រៀង នៅខាងមុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ខណៈ​តំណាង​របស់​ពួកគាត់ ចូល​ជួប​ជាមួយ​មន្ត្រី ធនាគារ​នេះ​។ រហូតមកដល់​ម៉ោង​១២​កិច្ចប្រជុំ​បាន​បញ្ចប់ ហើយ​មន្ត្រី​ធនាគារ​នេះ សន្យាថា និង​ផ្តល់​ចម្លើយ​ឲ្យនៅ​ថ្ងៃស្អែក​។​

​​ការប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​នោះ​មិន​មាន​ការ រារាំង​នោះ​ទេ តែ​ឃើញ​មាន​កងកម្លាំង​បង្ក្រាប​ប្រមាណ​១០០​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង ប្រមូលផ្តុំ​គ្នា​នៅលើ​សួនច្បារ​ក្រោម​ដើម​ពោធិ៍ ជិត​ផ្ទះ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​។​

​​នាយក​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ឋិ​លំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា នេះ​ជា​ការល្អប្រសើរ ដែល​ប្រជាពលរដ្ឋ ចេះ​ស្វែងរក​ព័ត៌មាន​ពិត​ពី​ការអភិវឌ្ឍ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​ពួកគាត់​។ លោក​ថា ធនាគារ​នេះ គួរតែ​ផ្តល់​ព័ត៌មាន​ពិត​ដល់​ពួកគេ​។

​​បើ​តាម​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ធនាគារ​ADB គ្រោង​បញ្ចប់​គម្រោង​ទី​១​របស់​ខ្លួន​នៅ​ចុងឆ្នាំ​២០១៤​នេះ ដោយ​ពង្រីក​ផ្លូវដែក ទំហំ ៣​ម៉ែត្រ​កន្លះ តែ​ក្រោយមក​មាន​ពាក្យ​ចចាមអារ៉ាម​ថា ទំហំ​ផ្លូវ​នេះ​មាន​ការពង្រីក​បន្ថែម​ទៀត ទើប​ពួកគាត់​ទាមទារ​ឲ្យ​ធនាគា​នេះ បញ្ជាក់​ឲ្យបាន​ច្បាស់​។​

​​តាម​សេចក្តីរាយការណ៍​នានា ឲ្យដឹងថា ធនាគារ​អភិវឌ្ឍន៍អាស៊ី​នៅ​កម្ពុជា ADB ផ្តល់​កម្ចី លើ គម្រោង​វិនិយោគ​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា​ចំនួន​២​ខ្សែ គឺ ពី​ផ្នែក​ខាងត្បូង​ភ្នំពេញ ទៅ កំពុងផែ​ក្រុងព្រះសីហនុ មាន​ប្រវែង ២៥៦​គីឡូម៉ែត្រ និង​ពី​ផ្នែក​ខាងជើង​ភ្នំពេញ ទៅ​ព្រំដែន​ថៃ​ក្រុង​ប៉ោយ​ប៉ែត ចម្ងាយ ៣៨៣​គីឡូម៉ែត្រ តាំងពី​ឆ្នាំ​២០០៧​។ របាយការណ៍ ADB ឆ្នាំ​២០១២ បានឲ្យដឹងថា គម្រោង​នេះ នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ចំនួន​៤០០០​គ្រួសារ​នៅ​ទូ​ទាំង​ប​ប្រទេស ក្នុងនោះ​១០៥០​គ្រួសារ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​។ កន្លង​មក​គម្រោង​អភិវឌ្ឍន៍​នេះ រង​ការរិះគន់​ពី​សង្គម​ស៊ីវិល ថា គម្រោង​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ រងគ្រោះ ដោយ​ទទួលបាន​សំណង​បន្តិច​បន្ទួ​ច​៕