សហគមន៍​ផ្លូវ​រថភ្លើង ​ជំរុញ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ជួយ​ទប់ស្កាត់​ការបណ្តេញចេញ​​

ដោយ ញឹម សុខន, VOD សំឡេងប្រជាធិបតេយ្យ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤

អ្នកតវ៉ានៅសហគមន៍ផ្លូវរថភ្លើង លើកបដាទាមទារកុំឲ្យមានការបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន ទាំងបង្ខំ នៅមុខធនាគារអភិវឌ្ឍន៍អាស៊ី ADB (រូបថត៖ krishan)

តំណាង​សហគមន៍​ចំនួន​៧ ក្នុង​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ឲ្យ​បង្ហាញ​ជំហរជាក់លាក់​បន្ថែមទៀត ពី​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល លើ​គម្រោង​ពង្រីក​ផ្លូវដែក​នៅ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ​។​

​ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​មួយ នៅ​ជាប់​របង​ធនាគារ​ធនាគារ​នេះ ក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃ​ទី​២៦​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​។​

តំណាង​សហគមន៍​ម្នាក់ អ្នកស្រី នី សន្តោស ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា កន្លង​ទៅ​ប្រធាន​ADB​លោក អ៊ី​រិច ស៊ីដ​វិច បញ្ជក់​ក្នុង​លិខិត​ឆ្លើយតប​នឹង​សហគមន៍ ដែល​រស់នៅ​តាម​ដងផ្លូវ​រថភ្លើង​នាពេល​ថ្មីៗ​នេះ​ថា គម្រោង​អភិវឌ្ឍន៍ ផ្លូវដែក​នោះ មានតែ៣​ម៉ែត្រ​កន្លះ​(៣,៥)​ ប៉ុណ្ណោះ​ពី​អ័ក្ស​ផ្លូវ​សងខាង​។ ស្ត្រី​រូប​នោះ​បន្តថា ចំណែក​អាជ្ញាធរ​វិញ បាន​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ថា រដ្ឋ​ត្រូវការ​ដី​យ៉ាងតិច​២០​ម៉ែត្រ​សងខាង​ពី​អក្ស​ផ្លូវ ដើម្បី​ធានា​ពី​សុវត្ថិភាព​នៃ​ដំណើរការ​គម្រោង​។​

​អ្នកស្រី នី សន្តោស យល់ថា ភាពមិនច្បាស់លាស់​នេះ ធ្វើឲ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​កំពុងរស់​នៅ​ជាប់​ផ្លូវ​រថភ្លើង​បារម្ភ​ពី​ការបណ្តេញចេញ​។

តំណាង​សហគមន៍​ផ្សេង​ទៀត ​ឲ្យដឹង​ទៀតថា ធនាគារ​អភិវឌ្ឍន៍អាស៊ី ជា​ភាគី​មួយ​ក្នុង​ការផ្តល់​ប្រាក់កម្ចី និង​ជំនួយ​ដល់​រដ្ឋាភិបាល លើ​គម្រោង​អភិវឌ្ឍន៍​នេះ ដូចនេះ ADB ​គួរ​បង្ហាញ​ជំហរ ជាក់លាក់​ជាង​នេះ​បន្ថែមទៀត ដើម្បី​បង្ហាញ​ពី​តម្លាភាព​ធ្វើយ៉ាងណា​កុំឲ្យ​ពួកគេ​ក្លាយជា​ជនរងគ្រោះ​ ដូច​សហគមន៍​ដទៃទៀត​។

កន្លង​ទៅ​សហគមន៍​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ ដូចជា​សហគមន៍​ដី​ក្រហម សំបុក​ចាប បុរី​កីឡា និង​បឹងកក់​ជាដើម​។​

VOD​ មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក លោក អ៊ី​រិច ស៊ីដ​វិច ប្រធាន ADB បានទេ ជុំវិញ​ការលើកឡើង​នេះ​។​

តាម​សេចក្តីប្រកាស​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​២៧ ​ខែ​កញ្ញា ​ឆ្នាំ​១៩៩៩ បញ្ជាក់ថា ការពង្រីក​ផ្លូវ​រថភ្លើង​នៅ​ទីក្រុង ទី​រួម​ខេត្ត​ និង​ទីប្រជុំ​ជន គឺ​មាន​ចំងាយ​២០​ម៉ែត្រ​ពី​សងខាង​អ័ក្ស​ផ្លូវ ។​ ចំពោះ​ផ្លូវនៅ​ក្រៅ​ក្រុង ត្រូវ​ពង្រីក​ចំងាយ​៣០​ម៉ែត្រ។ ចំណែកនៅ​តំបន់​ព្រៃ​ភ្នំ​ដែល​មាន​ថ្ម​រមៀល​ធ្លាក់ ត្រូវ​ពង្រីក១០០​ម៉ែត្រ ពី​សងខាង​អ័ក្ស​។​

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ឲ្យដឹងថា គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នេះ ពិតជា​មាន​ការអះអាង​ផ្សេងគ្នារវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន ថូ​ល ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​៣០​ឆ្នាំ​លើ​គម្រោង​នេះ​។ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​បង្ហាញ​ពី​តម្លាភាព​ នៃ​ការអនុវត្តន៍​គម្រោង​នេះ ដើម្បី​ធានា​ពី​ការគោរព​សិទ្ធិមនុស្ស​។​

យ៉ាងនេះក្តី ​លិខិត​របស់​អ្នកភូមិ​ដែលចែ​ក​ឲ្យ​អ្នកសារព័ត៌មាន ឲ្យដឹងថា ធនាគារ​អភិវឌ្ឍន៍អាស៊ី ជាដើម​ហេតុ​មួយ​ក្នុងចំណោម​ដើមហេតុ​ជាច្រើន ដែល​បង្ករ​ឲ្យមាន​ការអភិវឌ្ឍ​ផ្លូវរ​ថ​ភ្លើង និង​បង្ក​ភាពភ័យខ្លាច​ដល់​ពួកគេ​។​

​អ្នកភូមិ​បញ្ជាក់ថា ធនាគារ​ដែលមានស្តង់ដា​អន្តរជាតិ​មួយ​នេះ​ នឹង​ផ្តល់​ព័ត៌មាន​ពិត​បន្ថែមទៀត ដល់​សហគមន៍ ដើម្បី​ធានា​ថា​កិច្ចសហកា​រលើ​គម្រោង​នោះ នឹង​មិន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ធ្លាក់ខ្លួន​ក្រីក្រ​ជាង​បច្ចុប្បន្ន​៕