ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​តវ៉ា​មុខ​ការិយាល័យ ADB

ដោយ ឃុត សុភចរិយា, ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤

ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ផ្លូវ​ដែក ក្នុង​រាជធានី​ភ្នំពេញ​តវ៉ា​មុខ​ស្នាក់​ការ ADB។

ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ផ្លូវ​ដែក ក្នុង​រាជធានី​ភ្នំពេញ​តវ៉ា​មុខ​ស្នាក់​ការ ADB។ ផា លីណា

ភ្នំពេញៈ ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​ជាង ៣០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​កម្ពុជា ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ជាក់​អំពី​វិសាលភាព​គម្រោង​ស្ដារ​និង​អភិវឌ្ឍ​ផ្លូវ​ដែក ពិសេស​ក្នុង​រាជធានី​ភ្នំពេញ។

តំណាង​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​គម្រោង​នេះ អ្នក​ស្រី នី សណ្ដោស បាន​រៀប​រាប់​ថា កាល​ពី​ថ្ងៃ ទី១៣ ខែ​សីហា ឆ្នាំ​២០១៤ លោក Eric Sidgwick នាយក​ធនាគារ ADB ប្រចាំ​កម្ពុជា បាន​ឆ្លើយ​តប​ជា​លាយ​លក្ខណ៍​អក្សរ​អំពី​ដំណើរ​ការ​អនុវត្ត​គម្រោង​ស្ដារ​និង​អភិវឌ្ឍន៍​ផ្លូវ​ដែក ជំហាន ទី១ ដែល​មាន​ការ​ព្រម​ព្រៀង​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ព្រម​ទាំង​មាន​ការ​គាំទ្រ​ពី​គណៈ​កម្មការ​អន្តរ​ក្រសួង តាំង​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា អនុម័ត​គម្រោង​នេះ​ក្នុង ឆ្នាំ​២០០៩។

លោក​ស្រី​បញ្ជាក់​ថា ក្នុង​លិខិត​ឆ្លើយ​តប​នោះ ដំណាក់​កាល​ជំហាន​ដំបូង​នៃ​គម្រោង​នេះ គឺ​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ផ្ទះ​នៅ​លើ​និង​នៅ​អម​ផ្លូវ​ដែក​ទាំង​អស់​ធ្វើ​ការ​រុះរើ និង​ដក​ថយ​ចេញ​ពី​អ័ក្ស​ផ្លូវ​ដែក​ទាំង​សង​ខាង​ក្នុង​ចម្ងាយ ៣,៥ ម៉ែត្រ​ប៉ុណ្ណោះ ដើម្បី​សម្រួល​ដល់​ដំណើការ​រៀបចំ​ស្ដារ​និង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ឡើង​វិញ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​ជំហាន​បន្ទាប់ ដែល​នឹង​ត្រូវ​អនុវត្ត​បន្ត​នោះ​ទេ។

អ្នក​ស្រី​និយាយ​ថា៖ «ព័ត៌មាន​ដែល​គាត់​ផ្ដល់​ឲ្យ​យើង​ខ្ញុំ​នៅ​ពេល​នេះ​ជា​ព័ត៌មាន​ដដែលៗ ដែល​ពួក​យើង​បាន​ដឹង​រួច​មក​ហើយ​តាម​រយៈ​មន្ត្រី​គណៈ​កម្មការ​ចម្រុះ​អន្តរ​ក្រសួង​នា​ពេល​កន្លង​មក។ អ្វី​ដែល​ពួក​ខ្ញុំ​ចង់​ដឹង​គឺ ព័ត៌មាន​លម្អិត​ស្ដី​ពី​វិសាលភាព​នៃ​គម្រោង​ទាំង​មូល និង អំពី​ដំណាក់​កាល​នៃ​ការ​អនុវត្តន៍​គម្រោង​ក្នុង​ជំហាន​បន្ទាប់ ទី២ និង ទី៣ ព្រោះ​បច្ចុប្បន្ន​យើង​ខ្ញុំ​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​ប្រយោល​ពី​គម្រោង​នេះ»។

លោក ឡុង ចាន់ឌី តំណាង​ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​ជម្លៀស​ពួក​គាត់​ពី​លំនៅឋាន​នៅ​ពេល​ការ​អនុវត្ត​ជំហាន ទី២ ចូល​មក​ដល់។

លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ ទី២០ ខែ​មិថុនា កន្លង​ទៅ ក្រុម​ហ៊ុន​ថូល ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​គម្រោង​ស្ដារ​និង​អភិវឌ្ឍ​ផ្លូវ​ដែក​ពី​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ផ្សាយ​សេចក្ដី​ជូន​ដំណឹង​ជា​សាធារណៈ ដោយ​បាន​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ ក្រុង​ព្រះ​សីហនុ ត្រូវ​រុះរើ​ផ្ទះ​ចេញ​ពី​អ័ក្ស​ផ្លូវ​ដែក​សង​ខាង​ក្នុង​ចម្ងាយ ១០ ម៉ែត្រ​ដោយ​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​ចង​ព្យួរ​អ្វី​ទាំង​អស់​រួម​ទាំង​សត្វ​ចិញ្ចឹម និង ក្មេង​លេង​នៅ​ក្នុង​បរិវេណ​ដែល​កំណត់។ ក្នុង​ករណី​មិន​គោរព​សេចក្ដី​ណែនាំ​នេះ ក្រុម​ហ៊ុន​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់ ដែល​អាច​កើត​មាន​ជាយថាហេតុ នោះ​ឡើយ។

លោក​បាន​ថ្លែង​ថា៖ «បើ​យ៉ាង​ដូច្នេះ​មែន​នោះ យើង​ខ្ញុំ​ដែល​មាន​ផ្ទះ​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​មួយ​ខ្សែ​នេះ នឹង​ត្រូវ​គេ​ជម្លៀស​ចេញ​ទៅ​ទីតាំង​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ នេះ​ជា​ហេតុ​ផល​ដែល​យើង​ខ្ញុំ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ ហើយ​ទាម​ទារ​ឲ្យ ADB ជួយ​អន្តរាគមន៍​សម្រប​សម្រួល​ទៅ​ភាគី​ក្រុម​ហ៊ុន ក៏​ដូច​ជា​គណៈកម្មការ​អន្តរ​ក្រសួង ដែល​តំណាង​ឲ្យ​ភាគី​រដ្ឋាភិបាល មេត្តា​ជួប​ប្រឹក្សា​យោបល់ និង​ផ្ដល់​ព័ត៌មាន​លម្អិត​ស្ដី​ពី​គម្រោង​ដល់​យើង​ខ្ញុំ​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​គិត​បារម្ភ​និង​ភ័យ​ខ្លាច​បន្ត​ទៀត»។

ទោះ​ជា​បែប​ណា​ការ​ជួប​ប្រជុំ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​រយៈ​ពេល​ខ្លី នៅ​មុខ​ការិយាល័យ ADB ប្រចាំ​កម្ពុជា ក្រោម​ការ​ឃ្លាំ​មើល​របស់​ក្រុម​សមត្ថកិច្ច​នគរបាល និង​សន្តិសុខ​សណ្ដាប់​ធ្នាប់ ខណ្ឌ​ដូនពេញ ប៉ុន្តែ មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ទេ។

រយៈ​ពេល ៣០​នាទី ក្រោយ​មក​ក្រុម​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​រំសាយ​ទៅ​កាន់​លំនៅឋាន​រៀង​ខ្លួន​វិញ បន្ទាប់​ពី​បាន​ប្រគល់​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​ពួក​គាត់ ជូន​ទៅ​បុគ្គលិក​ម្នាក់​ដែល​បម្រើ​ការ​នៅ​ការិយាល័យ ADB ដោយ​បាន​ជម្រាប​ផង​ដែរ​ថា នៅ​ថ្ងៃ ទី០១ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ពួក​គាត់​ទាំង​អស់​គ្នា​នឹង​វិល​មក​ជួប​ប្រជុំ​គ្នា​ម្ដង​ទៀត​នៅ​ទី​នេះ ដើម្បី​សុំ​ជួប​ប្រឹក្សា​យោបល់​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​គណៈ​កម្មការ​អន្តរ​ក្រសួង ដោយ​មាន​ការ​សម្រប​សម្រួល​ពី ADB ជុំវិញ​ការ​អនុវត្ត​គម្រោង​នេះ​ក្នុង​ជំហាន​បន្ត​បន្ទាប់៕