​ធនាគារ​អភិវឌ្ឍន៍អាស៊ី សន្យា​ឲ្យមាន​ជំនួប​ត្រីភាគី​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ និង​សហគមន៍​រងគ្រោះ​ផ្លូវ​រថភ្លើង​​

ដោយ ឡាយ​ សាមាន, VOD សំឡេងប្រជាធិបតេយ្យ, ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤

ប្រជាពលរដ្ឋតវ៉ានៅព្រឹកថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៤នេះ

ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) នៅ​ថ្ងៃ​ចន្ទ​នេះ សន្យា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ផ្លូវ​រថភ្លើង​ថា និង​ធ្វើ​ជា​អ្នកសម្របសម្រួល​ឲ្យមាន​ត្រីភាគី​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​នេះ​ឲ្យបាន​ឆាប់​។​

​ការសន្យា​នេះ​បន្ទាប់​ពី​ប្រធាន​ធនាគា​អភិវឌ្ឍន៍អាស៊ី អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ ៤​នាក់ ចូល​ជួប​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ផ្លូវ​រថភ្លើង​ជិត​២០០​នាក់ ប្រមូលផ្ដុំ​នៅ​មុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដោយ​មាន​លើក​បដា និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ទាមទារ​ឲ្យ​ធនាគារ​នេះ​ផ្ដល់​នូវ​ព័ត៌មាន​ច្បាស់លាស់​ពី​គម្រោង​នៃការអភិវឌ្ឍ​ផ្លូវ​រថភ្លើង ដោយសារ​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ពី​ការបណ្ដេញចេញ​ដោយ​បង្ខំ ព្រោះ​តែ​ព័ត៌មាន​ដែល​ពួកគាត់​ទទួលបាន​មិន​ដូចគ្នា។​

តំណាង​ប្រជាពលរដ្ឋ លោក ឡុង ចាន់​ឌី មានប្រសាសន៍ ក្រោយ​ចូលជួប​ពិភាក្សា​ថា ខាង​ប្រធាន​ធនាគារ នៅតែ​ផ្តល់​ចម្លើយ​ដដែល​ថា​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​ត្រូវការ​តែ ៣, ៥ ម៉ែត្រ​កន្លះ​ពី​គម្លាត​ផ្លូវ​ប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងណា​លោក​បញ្ជាក់ ភាគី​ធនាគារ សន្យា​នឹង​ធ្វើ​ជា​អ្នកសម្របសម្រួល​ឲ្យមាន​ត្រីភាគី​ជា​មួយ​អ្នកពាក់​ព័ន្ធ​គឺ​ខាង​រដ្ឋាភិបាល ក្រុមហ៊ុន​ថូ​ល Tolll និង​ប្រជាពលរដ្ឋ​។ លោកបញ្ជាក់ថា តំណាង​ប្រជាពលរដ្ឋ នឹង​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ធ្វើ​ជា​លិខិត​លាយ​លក្ខ​អក្សរ​ដាក់​ទៅ​ធនាគារ ADB ជាថ្មីទៀត​ឲ្យធ្វើជា​អ្នកសម្របសម្រួល​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​អ្នកស្រី នី សន្តោស មានប្រសាសន៍ថា ប្រសិនបើ​មិន​មានព័ត៌​មានជាក់លាក់​ពីការអភិវឌ្ឍ​នេះ​ទេ នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មាន​ភាពភ័យខ្លាច ដោយ​ការបណ្តេញចេញ​បង្ខំ​។ អ្នកស្រីបញ្ជាក់ថា ពួកគាត់​នឹង​មក​ធនាគារ ADB ម្តង​ទៀត​ប្រសិនបើ​មិនទាន់​មាន​ដំណោះស្រាយ​។​

​ពលរដ្ឋ​ដែល​ឈរ​តវ៉ា​នៅ​ខាងក្រៅ​អ្នកស្រី មាស ស្រីមុំ មានប្រសាសន៍ថា គាត់​មាន​ការភ័យខ្លាច​ពី​ការអភិវឌ្ឍ​នេះ​ដោយ​បាន​ទទួលដំណឹង​ផ្សេងៗ​គ្នា​គឺ​ពី​ការ​ក្រុមហ៊ុន​ថូ​ល Toll ត្រូវការ ១០​ម៉ែត្រ រដ្ឋាភិបាល ២០​ម៉ែត្រ ចំណែក ធនាគារ ADB ត្រូវការ ៣,៥ មែត្រ​កន្លះ ដែល​ករណី​នេះ​ជា​បញ្ហា​កង្វល់​របស់​ពលរដ្ឋ​។ អ្នកស្រីបន្តថា រដ្ឋាភិបាល និង​ធនាគារ ADB ត្រូវ​សហការ​គ្នា​ត្រូវ​ផ្តល់​ភាពយុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ពី​ការអភិវឌ្ឍ​នេះ​។

​តាម​សេចក្តីរាយការណ៍​នានា ឲ្យដឹងថា ធនាគារ​អភិវឌ្ឍន៍អាស៊ី​នៅ​កម្ពុជា ADB ផ្តល់​កម្ចី លើគម្រោង​វិនិយោគ​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា​ចំនួន​២​ខ្សែ គឺពី​ផ្នែក​ខាងត្បូង​ភ្នំពេញ ទៅកំពុងផែ​ក្រុងព្រះសីហនុ មាន​ប្រវែង២៥៦​គីឡូម៉ែត្រ និង​ពី​ផ្នែក​ខាងជើង​ភ្នំពេញ ទៅ​ព្រំដែន​ថៃ​ក្រុង​ប៉ោយ​ប៉ែត ចម្ងាយ៣៨៣​គីឡូម៉ែត្រ តាំងពី​ឆ្នាំ​២០០៧​។ របាយការណ៍ ADB ឆ្នាំ​២០១២ បានឲ្យដឹងថា គម្រោង​នេះ នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ចំនួន​៤០០០​គ្រួសារ​នៅ​ទូ​ទាំង​ប​ប្រទេស ក្នុងនោះ​១០៥០​គ្រួសារ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​៕