ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ដែក​តវ៉ា​មុខ​ធនាគារ​អេ.ឌី.ប៊ី

ដោយៈលេង ម៉ាលី, អាស៊ីសេរី, ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤

ធនាគារ​អេឌីប៊ី ៦២០

ប្រជាពលរដ្ឋ​៧​សហគមន៍ រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពីមុខ​ការិយាល័យ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឬ​ហៅ​កាត់ អេ.ឌី.ប៊ី (ADB) នៅ​ថ្ងៃ​ទី​២០ តុលា ២០១៤។

ប្រជាពលរដ្ឋ​៧​សហគមន៍ ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពីមុខ​ការិយាល័យ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឬ​ហៅ​កាត់ អេ.ឌី.ប៊ី (ADB) នៅ​ថ្ងៃ​ទី​២០ តុលា ទាមទារ​កុំ​ឲ្យ​អាជ្ញាធរ បណ្ដេញ​ពួកគាត់​ចេញ ដោយសារ​គម្រោង​ស្ថាបនា​ផ្លូវ​ដែក​នៅ​កម្ពុជា។

គេហទំព័រ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បង្ហាញ​ថា គម្រោង​ស្ថាបនា​ផ្លូវ​រទេះភ្លើង ២​ខ្សែ ពី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ និង​ពី​ភ្នំពេញ ទៅ​ខេត្ត​បន្ទាយមានជ័យ មាន​ចម្ងាយ​ជាង ៤០០​គីឡូម៉ែត្រ។

គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នេះ សម្រាប់​ខ្សែ​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ គឺ​មាន​ទំហំ ៧​ម៉ែត្រ ៣​ម៉ែត្រ​កន្លះ​ម្ខាងៗ ពី​អ័ក្ស​នៃ​ផ្លូវ​រថភ្លើង។ សម្រាប់​ទំហំ​នៃ​ខ្សែ​រថភ្លើង​នៅ​ផ្នែក​ខាង​ជើង និង​ផ្នែក​ខាង​ត្បូង​គឺ​ទំហំ​នៃ​ផល​ប៉ះពាល់​មាន​ចាប់​ពី ៨ ទៅ ១០​ម៉ែត្រ នៅ​ទី​ជនបទ និង​៧​ម៉ែត្រ​នៅ​ក្នុង​ក្រុង​មាន​ដូចជា ក្រុង​ពោធិ៍សាត់ បាត់ដំបង ក្រុង​សិរីសោភ័ណ និង​ខេត្ត​ព្រះសីហនុ ជាដើម។

ពលរដ្ឋ​ស្នើ​ឲ្យ​ធនាគារ​អេ.ឌី.ប៊ី និង​រដ្ឋាភិបាល អភិវឌ្ឍ​តំបន់​នោះ​សម្រាប់​ប្រជាជន​គ្រប់​គ្នា​ដែល​រស់​នៅ​ ដោយ​ជៀសវាង​ការ​បណ្ដេញ​ចេញ ហើយ​ផ្ដល់​ព័ត៌មាន​លំអិត​ទាក់ទង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ជូន​ដល់​ពលរដ្ឋ​ ឲ្យ​ច្បាស់លាស់​មុន​នឹង​អនុវត្តន៍​គម្រោង​នេះ៕