ADB សន្យា​ផ្តល់​ព័ត៌មាន​ទៅ​ប្រជា​សហគមន៍​ស្តី​ពី​ការសង់​ផ្លូវ​រថភ្លើង​នៅ​ដើម​សប្តាហ៍​ក្រោយ​​

ដោយ៖ណាត សុភាព,VOD សំឡេងប្រជាធិបតេយ្យ,  ថ្ងៃទី១៦ខែមករា ឆ្នាំ២០១៥

adb_citizen_protest_150116_-sopheap--2015-01-16

ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​នៅ​ថ្ងៃ​សុក្រ​នេះ សន្យា​ជាមួយ​ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០​សប្តាហ៍​ក្រោយ​ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ ។​

ការសន្យា​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​ចំនួន​៨ និង​មាន​អ្នកចូលរួម​ប្រមាណ​៥០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​ធានា​គារ​អភិវឌ្ឍន៍អាស៊ី​នៅ​ព្រឹក​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ ផ្តល់​ព័ត៌មាន​ឲ្យបាន​ជាក់លាក់ ពី​ចំនួន​ម៉ែត្រ​ដែល​ត្រូវ​កំណត់​ចេញពី​ផ្លូវ​រថភ្លើង​ទៅ​ផ្ទះ​របស់​ពួកគេ ខណៈ​ពួកគេ​ព្រួយបារម្ភ​ពី​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ។ សហគមន៍​ទាំងនោះ​រួមមាន សហគមន៍​ភូមិ​២ ភូមិ​១៧ ភូមិ​១០៤ ភូមិ​១០៥ ភូមិ​២៣ សហគមន៍​រួមចិត្ត​តែមួយ និង​សហគមន៍​អភិវឌ្ឍន៍​ថ្មី​ជាដើម ។​

ខណៈ​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​នេះ មន្ត្រី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ម្នាក់​សន្យា​ជាមួយ​តំណាង​ប្រជា​សហគមន៍ ទាំងនោះ​ថា និង​ផ្តល់​ព័ត៌មាន​នៅ​ថ្ងៃ​២០ ខែ​មករា​នេះ ។​

​អ្នកស្រី នី សន្តោស តំណាង​ប្រជា​សហគមន៍​ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ដែល​ជួប មន្ត្រី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​ផ្ទាល់ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​មុខ​ធានា​គារ​នោះ​ថា មូលហេតុ​ដែល​ពួកគេ​មក​ធានា​គារ គឺ​ដើម្បី​ឲ្យ​មន្ត្រី​ស្ថាប័នេះ​ផ្តល់​ព័ត៌មាន​ជុំវិញ​ការសង់​ផ្លូវ​រថភ្លើង​ឲ្យបាន​ច្បាស់ ជៀសវៀង​មាន​បញ្ហា​ប្រឈម​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​នៅ​ថ្ងៃ​ខាង​មុខ ។ អ្នកស្រី​ថា «​យើង​ចង់​ដឹង​ព័ត៌មាន​ពិត​ពី​ការអភិវឌ្ឍ​គម្រោង​ផ្លូវ​ដែក​ហ្នឹង ប៉ះពាល់​ក្នុងអំឡុង​ប៉ុន្មាន​ម៉ែត្រៗ ឲ្យ​យើង​មាន​ព័ត៌មាន​ច្បាស់​ជា​ក់លាក់​ក្នុង​ចិត្ត ដើម្បី​ឲ្យ​ពួក​យើង​អស់​សង្ស័យថា ឥឡូវ​វា​ប៉ះប៉ុន​នេះហើយៗ​ពិតប្រាកដ​មក មិន​ចង់ឲ្យ​មាន​ម្តង​៣,៥​ម៉ែត្រ ម្តង​១០​ម៉ែត្រ ម្តង​២០​ម៉ែត្រ​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ ប៉ុន្តែ​យើង​ក៏​សង្ឃឹម​ថា ប្រហែល​យើង​អាច​នឹង​ជួប​គ្នា​ដោយ​ជោគជ័យ ដោយសារ​យើង​ក៏​មិន​ចង់​ឲ្យ​វា​មាន​ភាព បាត់​កម្ម​អ្វី​ច្រើន​ដែរ​» ។​

​តំណាង​សហគមន៍​អភិវឌ្ឍន៍​ថ្មី លោក អ៊ឺង សំបូរ ថ្លែង​នៅ​កន្លែង​ប្រមូលផ្តុំ​នោះ​ថា លោក​ស្នើ​ឲ្យ​ធានា​គារ​អភិវឌ្ឍន៍អាស៊ី​កំណត់​ថ្ងៃ​ប្រជុំ​សាធារណៈ នៅ​ថ្ងៃ​២៣ ខែ​មករា​នេះ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដូចជា តំណាង​ក្រុមហ៊ុន Toll Group ក្រុមហ៊ុន Royal Group តំណាង​ប្រជា​សហគមន៍ សង្គម​ស៊ីវិល​ជា​អ្នកបកប្រែ អ្នកបច្ចេកទេស​ថត​វី​ឌី​អូ និង​ភាគី​(ADB)​ ។

លោក អ៊ឺង សំបូរ ព្រមាន​ថា បើ​ធានា​គារ​អភិវឌ្ឍន៍អាស៊ី​មិន​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ប្រជា​សហគមន៍​ទេ នោះ​ពួកគេ​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ខាង​មុខ «​បើ​គ្មាន​ដំណោះស្រាយ យើង​នឹង​ធ្វើ​បាតុកម្ម​ហើយ ។ យើង​ធ្វើ​បាតុកម្ម​ហ្នឹង​មិនមែន​ធ្វើ​នៅក្នុង​តែ​កម្ពុជា​ទេ បានន័យថា យើង​ធ្វើ​ទាក់ទង​នឹង​មិត្តភក្តិ​យើង​ទាំងអស់​នៅក្នុង​អាស៊ី​ហ្នឹង ព្រោះ​អី​សហគមន៍​យើង​មាន​មិត្តភក្តិ​នៅក្រៅ មាន​នៅ​ថៃ ហ្វីលីពីន ដើម្បី​ដាក់​សម្ពាន​លើ​ធនាគារ ADB នេះ ជូន​នូវ​ព័ត៌មាន​ពិត និង​ធានា​ពី​សិទ្ធិ​ប្រជាពលរដ្ឋ​នៅក្នុង​ពេល​គម្រោង​ផ្លូវ​ដែ​កចប់ ព្រោះ​អី​រាល់ថ្ងៃ​ព័ត៌មាន​នៃ​ការអភិវឌ្ឍ​ផ្លូវដែក​ហ្នឹង​គឺ​អត់​មាន​ទេ អ្នកខ្លះ​ថា ១០​ម៉ែត្រ អ្ន​ខ្លះ​ថា ២០​ម៉ែត្រ អ្នកខ្លះ​ថា ៣,៥​ម៉ែត្រ អ៊ីចឹង​ព័ត៌មាន​ហ្នឹង​ស្រពិចស្រពិល ធ្វើឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ការបារម្ភ​ខ្លាំង អត់​សប្បាយចិត្ត​នឹង​ការអភិវឌ្ឍ​បែបនេះ​ទេ​» ។​

ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ ថ្លែងថា ធនាគារ​ត្រូវតែ​ផ្តល់ជូន​ព័ត៌មាន​តាម​ការស្នើសុំរ​បស់​ប្រជា​សហគមន៍​ទាំងនោះ បើ​ភាគី​មាន​ចេតនា​លាក់បាំង​ព័ត៌មាន គឺ​ប្រាស់ចាក​ពី​បេសកកម្ម​របស់​ខ្លួន «​ធនាគារ​អភិវឌ្ឍន៍អាស៊ី​គួរតែ​ផ្តល់​ជូន អត់​មាន​អី​ដែល​ត្រូវ​លាក់លាម​ដល់​ប្រជា​សហគមន៍​ដែល​គាត់​រង​ផលប៉ះពាល់ ដល់​ការអភិវឌ្ឍ​របស់​គម្រោង​ផ្លូវ​រថភ្លើង​ដែល​ឧបត្ថម្ភ ឬ​ជំនួយ​ពី​ធនាគារ ADB នេះ​ទេ ។ ហើយ​ប្រសិន​ជា​គាត់​មាន​ចេតនា​លាក់លាម ឬ​មិន​ចង់​បង្ហាញ​អំពី​ព័ត៌មាន​ដល់ សហគមន៍​ដែល​គាត់​ចង់បាន​នេះ ខ្ញុំ​គិតថា ADB ប្រហែល​ជា​ប្រាសចាក​ពី​បេសកកម្ម ឬ​ទស្សនវិស័យ​របស់​គាត់​ហើយ​» ។​

​សូមជម្រាបថា ក្រុមហ៊ុន Toll Royal Railway និង​ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង  បាន​ទទួល​គម្រោង​សាងសង់​បណ្ដាញ​ផ្លូវដែក​កម្ពុជា ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​២​ខ្សែ គឺ​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ  និង​ពី​ភ្នំពេញ​ទៅ​បន្ទាយមានជ័យ ។ គម្រោង​សាងសង់​ផ្លូវដែក​នេះ បាន​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៣០០០​គ្រួសារ ៕