ក្រុមហ៊ុន​​​រដ្ឋ​​​ធំ​បំផុត​លំដាប់​​ទី​ប្រាំ​មួយ​​របស់​​ចិន​ គ្រោង​សាង​សង់​ផ្លូវ​ដែក​នៅ​ប្រទេស​កម្ពុជា​

ប្រភព៖ BNEWS, អត្ថបទ ៖ ចាន់ សុខ​ នាង​, ផ្សាយ ថ្ងៃទី29  ខែJanuary  ឆ្នាំ2015  ម៉ោង​ 10:16 នាទី

ក្រុម​ហ៊ុន​ផ្លូវ​ដែក​ចិន​អន្តរជាតិ​ China Railway International Group ​​មាន​គម្រោង​សាង​សង់​ផ្លូវ​ដែក​នៅ​កម្ពុជា​ដោយ​ឈរ​លើ​គោលការណ៍​កសាង​ប្រតិបត្តិ​ផ្ទេរ ​(Build Operate Transfer)។

railwayប្រធាន​ក្រុម​ហ៊ុន​ផ្លូវដែក​ចិន​អន្តរជាតិ​ China Railway International Group​​ លោក លូ​ បូ (​Lu Bo)​​ លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយ​រដ្ឋ​​មន្ត្រី​ក្រសួង​ ពាណិជ្ជកម្ម​កាល​ពី​ម្សិល​មិញ​នេះ​ថា ​ក្រុមហ៊ុន​របស់​លោក​ មាន​បំណង​ស្វែង​រក​លទ្ធភាព​សាងសង់​ផ្លូវដែក​នៅ​កម្ពុជា​ ដោយ​ឈរ​លើ​គោលការណ៍​កសាង​ ប្រតិបត្តិ​ផ្ទេរ​(Build Operate Transfer)។​

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ ​​​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​លោក ស៊ុន​ ចាន់​ថុល​ គាំទ្រ​ចំពោះ​ការ​វិនិយោគ​របស់​ចិន​​មក​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ កម្ពុជា​​ដោយ​ឈរ​លើ​គោលការណ៍​​កសាង​ប្រតិបត្តិ​ផ្ទេរ​​(BOT)​នេះ ហើយ​​លោក​ក៏​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដាក់​សំណើ​គម្រោង​ទាក់ទង​នឹង​ផែន​ការ​ សាងសង់​ផ្លូវដែក​នេះ​ ទៅ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ និង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ដើម្បី​សុំ​ការ​ពិនិត្យ​សម្រេច​។

តាម​ការ​បញ្ជាក់​របស់​ លោក​​លូ បូ (Lu Bo)​ ក្រុមហ៊ុន​ផ្លូវ​ដែក​ចិន​អន្តរជាតិ​ China Railway International គឺ​ជា​សហគ្រាស​រដ្ឋ​ ដ៏​ធំ​បំផុត​ទី​ប្រាំ​មួយ​ នៅ​ប្រទេស​ចិន​ មាន​បទពិសោធន៍​យ៉ាង​ច្រើន​លើ​ការ​សាងសង់​ផ្លូវដែក នៅ​ក្នុង​ប្រទេស​ចិន​ និង​នៅ​ក្នុង​ពិភពលោក​ និង​មាន​ចំណែក​ទីផ្សារ​ភាគច្រើន​ លើ​វិស័យ​សាងសង់​ផ្លូវដែក​ ។

គួររំលឹក​ថា​ នាពេល​ថ្មី​​ៗ​នេះ​ ​​​​ប្រទេស​ថៃ​ និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​​​លើ​គម្រោង​អភិវឌ្ឍន៍​រួម​គ្នា​ ​​នៃ​ការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ស្តង់ដារ​​ទំហំ​ ១,៤៣៥ ​ម៉ែត្រ​​ដែល​ភ្ជាប់​ពី​​ខេត្ត​​​​កាន់ចាណាបុរី​ (Kanchanaburi) ​ព្រំដែន​ប្រទេស​មីយ៉ាន់ម៉ា​ ​មក​ប្រទេស​​កម្ពុជាផង​​​ដែរ៕​