ក្រុមហ៊ុន​ចិន​ចង់​វិនិយោគ​ផ្លូវដែក​ថ្មី​ម្តង​ទៀត

ដោយ៖ ម៉ៃ គុណមករា, ភ្នំពេញប៉ុស្ដិ៍ុំ,  ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៥

PP 006

ផ្លូវដែក​ម្ពុជា​ដែល​មាន​ស្រាប់ និង​ដែល​ត្រូវ​បាន​បោះបង់​ចោល​នា​ពេល​កន្លងមក​។ ផា លីណា

ភ្នំពេញៈ ក្រុមហ៊ុន​ដែល​បាន​ប្រកាស​សាងសង់​ផ្លូវដែក​មាន​តម្លៃ​ ៩,៦​ ពាន់​លាន​នៅ​កម្ពុជា​ កាលពី​ឆ្នាំ ​២០១៣ ​បាន​ត្រឡប់​មក​វិញ​ហើយ​នៅពេល​នេះ​ដោយ​បាន​ប្រកាស​ថា ពួកគេ «អាច» ​សម្លឹង​ទៅ​មើល​ការ​សាងសង់​គម្រោង​ផ្លូវដែក​ផ្សេង​ទៀត​ ប៉ុន្តែ​មិន​បាន​លើក​ឡើង​ពី​ការ​ចាប់ផ្ដើម​សាងសង់​ផ្លូវដែក ដែល​ខ្លួន​បាន​លើក​ឡើង​កាលពី​មុន​ឡើយ​។

កាលពី​ខែ​មករា ឆ្នាំ​២០១៣ ក្រុមហ៊ុន China Railway Group Limited បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​(MoU) ​ជាមួយ​ក្រុមហ៊ុន Cambodia Iron & Steel Mining Industry Group (​CISMIG)​ ដើម្បី​សាងសង់​ផ្លូវដែក​ថ្មី​មួយ​ខ្សែ​មាន​ស្ថានីយ​រង់ចាំ ​១១​ កន្លែង​ព្រមទាំង រោងចក្រ​ដែកថែប ​នៅក្នុង​ខេត្ត​ ព្រះវិហារ​ ដែល​ការវិនិយោគ​នេះ​មាន​តម្លៃ​ ៩,៦​ ពាន់​លាន​ដុល្លារ​អាមេរិក​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នៅពេល​នេះ​ផ្លូវដែក​នេះ​មាន​ប្រវែង​ ៤០៥​ គីឡូម៉ែត្រ​ចាប់ពី​តំបន់​រុករក​រ៉ែ​ខេត្ត​ព្រះ វិហារ ​កាត់​តាម​ខេត្ត​ភាគ​ខាង​ត្បូង​ដូចជា ខេត្ត​កំពង់​ធំ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ​ហើយ​ចុងបញ្ចប់​ខេត្ត​កោះកុង​។ វា​នឹង​មិន​តភ្ជាប់​ជាមួយ​ខ្សែ​ផ្លូវដែក​ដែល​មាន​ស្រាប់​របស់​ក្រុមហ៊ុន Toll Royal Railways នោះ​ទេ​។

តាម​ផែនការ​នេះ ក្រុមហ៊ុន​ត្រូវ​ចាប់ផ្ដើម​ការ​សាងសង់​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​លោក Li Changjin ប្រធាន​ក្រុមហ៊ុន China Railway បាន​ប្រាប់​កាសែត South China Morning Post កាលពី​ខែ​មេសា ថា ការងារ​លើ​ខ្សែ​ផ្លូវដែក​មាន​ប្រវែង​៤០០​គីឡូម៉ែត្រ​នេះ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​បញ្ហា​ការ​ផ្ដល់​មូលនិធិ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម លោក Lu Bo ប្រធាន​របស់​ក្រុមហ៊ុន China Railway International Group ជួប​ជាមួយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​គាំទ្រ និង​ស្វែងរក​ការសិក្សា​រក​លទ្ធភាព​ដើម្បី​សាងសង់​ផ្លូវដែក​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ឈរ​លើ​គោលការណ៍ សាងសង់ ប្រតិបត្តិ ផ្ទេរ (B.O.T)​។ ប៉ុន្តែ​មិន​មាន​គម្រោង​ជាក់លាក់​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ទេ​។

លោក ស៊ុន ចាន់ថុល បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ដាក់​សំណើ​ទាក់ទង​នឹង​ផែនការ​គម្រោង​សាងសង់​នេះ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​សុំ​ការ​ពិនិត្យ​សម្រេច​។ លោក កែន រដ្ឋា អ្នក​នាំពាក្យ​មិន​អាច​ទាក់ទង​សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

លោក លី បូរិន ប្រធាន​ផ្លូវដែក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ថា​លោក​មិន​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​នេះ​ទេ​។ លោក​បន្ត​ថា​៖ «ខ្ញុំ​ធ្លាប់​បាន​ចូលរួម​ប្រជុំ​ជាមួយ​ពួកគេ​ពី​មុន ប៉ុន្តែ​នៅពេល​នេះ​ខ្ញុំ​មិន​មាន​ព័ត៌មាន​ថ្មី​អំពី​ក្រុមហ៊ុន​នេះ​ទេ ហើយ​បន្ទាប់មក​ក្រុមហ៊ុន​នេះ​ស្ងប់ស្ងាត់​រហូត​។ តាម​ដែល​ខ្ញុំ​ដឹង​ថា ក្រុមហ៊ុន​នេះ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​»។

លោក Zhang Chuan Li ប្រធាន CISMIG បាន​ប្រាប់​អ្នក​យក​សារព័ត៌មាន​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ MoU ថា ក្រុមហ៊ុន​បាន​ទទួល​ដីសម្បទាន​ពី​រដ្ឋាភិបា​ល ១ ៣០០​គីឡូម៉ែត្រការ៉េ ហើយ​១០​គីឡូម៉ែត្រ​ការ៉េ​នឹង​ត្រូវ​សាងសង់​រោងចក្រ​នៅ​ខេត្ត​ព្រះវិហារ​។

លោក Ngou Tieng Lung តំណាង​ក្រុមហ៊ុន​ចិន Union Development គ្រប់គ្រង​ដីសម្បទាន ៤៥ ០០០​ហិកតា នៅ​ខេត្ត​កោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ខែ​មេសា​ថា ក្រុមហ៊ុន​នេះ​នឹង​ពិបាក​ក្នុង​ការ​សាងសង់​ផ្លូវដែក​ឲ្យ​ផុត​ពី​ការ​ឆ្លងកាត់​ដី​របស់​ខ្លួន​ដែល​មាន​ទីលាន​វាយ​កូនគោល និង​រមណីយដ្ឋាន​ប្រណីត​៕