ថៃ-ជប៉ុន​ គ្រោង​សង់​ផ្លូវដែក​ភ្ជាប់​កម្ពុជា

ដោយ៖ The Bangkok Post, ភ្នំពេញប៉ុស្ដិ៍ុំ,  ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៥

PP 008

អ្នកដំណើរ​កំពុង​ចុះ​ពី​រថភ្លើង​ផ្លូវ​លើ​នៅ​ទីក្រុង​បាងកក។ bloomberg

ក្រុងបាងកកៈ ប្រទេស​ថៃ និង​ជប៉ុន​បាន​យល់ព្រម​ជា​គោលការណ៍​ស្ដីពី​ការ​អភិវឌ្ឍ​រួម​លើ​បណ្ដាញ​ផ្លូវដែក​កម្រិត​ស្ដង់ដារ​មាន​ប្រវែង​១ ៤៣៥​គីឡូម៉ែត្រ​ដែល​តភ្ជាប់​ភូមិ​ជាប់​ព្រំប្រទល់​នៅ​ខេត្ត Kanchanaburi ប្រទេស​ថៃ​ជាមួយ​កម្ពុជា​។

កាលពី​ថ្ងៃ​អង្គារ​លោក​ឧបនាយករដ្ឋមន្ដ្រី Pridiyathorn Devakula បន្ទាប់ពី​ជំនួប​ជាមួយ​លោក Hiroto Izumi ទីប្រឹក្សា​ពិសេស​របស់​លោក​នាយករដ្ឋមន្ដ្រី ស៊ីនហ្សូ អាបេ បាន​ថ្លែង​ថា ទីក្រុង​តូក្យូ​មាន​បំណង​វិនិយោគ​ផ្លូវដែក​ក្នុង​ការ​តភ្ជាប់​គម្រោង Dawei នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មក​កម្ពុជា​កាត់​តាម​ក្រុង​ជាប់​ព្រំដែន Ban Phu Nam Ron នៅ​ខេត្ត Kanchanaburi ទីក្រុង​បាងកក ខេត្ត Chachoengsao និង​ស្រុក Aranyaprathet របស់​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។

ផ្លូវ​នេះ​តភ្ជាប់​រវាង​ភាគ​ខាង​កើត និង​ភាគ​ខាង​លិច​ប្រទេស​ថៃ​ផ្សេង​ទៀត។

គណៈកម្មាធិការ​ការងារ​របស់​ថៃ និង​ជប៉ុន​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ពេល​ក្រោយ​ដើម្បី​សិក្សា​ព័ត៌មាន​លម្អិត​ដូចជា ផ្លូវ ទំហំ និង​ប្រភេទ​នៃ​ការ​វិនិយោគ​។

នាយករដ្ឋមន្ដ្រី ប្រាយុធ ចានអូចា បាន​កំណត់​ពេល​ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី​គម្រោង​ផ្លូវដែក​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​របស់​លោក​នៅ​ថ្ងៃ​ទី​៨-៩​ខែ​កុម្ភៈ​។

ផ្លូវដែក​ចេញ​ពី​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​កាត់​តាម​ខេត្ត Kanchanaburi ធ្លាប់​បាន​សាកល្បង​ធ្វើ​ពី​មុន​មក ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​ផ្អាក​ពី​ខែ​សីហា ឆ្នាំ​១៩៤៥​។

បច្ចុប្បន្ន Phu Nam Ron ល្បីឈ្មោះ​ថា ជា​ក្រុង​ឆ្លងកាត់​ព្រំដែន​សម្រាប់​ភ្ញៀវទេសចរ និង​អ្នក​រត់​ទិដ្ឋាការ​ពី​ប្រទេស​ថៃ​ដែល​កំពុង​ស្វែងរក​ដំណើរ​កម្សាន្ត​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​រយៈពេល​ខ្លី​។

លោក Pridiyathorn បាន​ថ្លែង​ថា​៖ «​ផ្លូវ​នេះ​នឹង​រត់​ក្នុង​ល្បឿន​លឿន​ជាង​ផ្លូវ​ទីក្រុង Nong Khai-ទីក្រុង​បាងកក- ក្រុង Map Ta Phut ដែល​នឹង​រត់​ក្នុង​ល្បឿន​ពី​ ១៦០​ ដល់​ ១៨០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយសារ​តែ​ប្រទេស​ជប៉ុន​ចង់​អភិវឌ្ឍ​រថភ្លើង​មាន​ល្បឿន​លឿន​ពិតប្រាកដ​ជាមួយ​នឹង​ល្បឿន​ជាង ​២០០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​»​។

ថ្មីៗ​នេះ លោក Prajin Juntong រដ្ឋមន្ដ្រី​ក្រសួង​ដឹកជញ្ជូន​បាន​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​ស្ដីពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ​ចិន-ថៃ ដែល​មន្ដ្រី​ថៃ និង​មន្ដ្រី​ចិន​មាន​គំនិត​ដូចជា​ទាក់ទង​នឹង​ការ​សាងសង់​ផ្លូវដែក​ប្រវែង​៨៧៣​គីឡូម៉ែត្រ ទីក្រុង Nong Khai- ទីក្រុង​បាងកក- ក្រុង Map Ta Phut-ទីក្រុង​បាងកក- ស្រុក Kaeng Khoi។

លោក Pridiyathorn បាន​ថ្លែង​ថា ប្រទេស​ជប៉ុន​បាន​ស្នើឲ្យ​មាន​ការវិនិយោគ​នៅក្នុង​គម្រោង Dawei ដែល​ជា​ការ​អភិវឌ្ឍ​រួម​រង់ចាំ​រយៈពេល​ជាយូរ​មក​ហើយ​រវាង​ប្រទេស​ថៃ និង​ប្រទេស​មីយ៉ាន់ម៉ា​។

Dawei ជា​ទីក្រុង​របស់​ប្រទេស​ មីយ៉ាន់ម៉ា ​ដែល​មាន​ចម្ងាយ ​៣៥០ ​គីឡូម៉ែត្រ នៅ​ភាគ​ខាង​លិច​ទីក្រុង​បាងកក នឹង​ក្លាយ​ជា​តំបន់​វិនិយោគ​គម្រោង​ធំៗ​ជាច្រើន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ៕