ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ទាមទារ​ឲ្យ​ADB​ផ្ដល់ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​តាម​ការសន្យា​​

ដោយ៖ណាត សុភាព, ភ្នំពេញប៉ុស្ដិ៍ុំ,ថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈ ២០១៥

VOD 002

ប្រជាសហគមន៍​ផ្លូវ​រថភ្លើង​តវ៉ា​មុខ​ធនាគារ​អភវឌ្ឍន៍​អាស៊ី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (រូបភាព៖ កាន់ វិច្ឆិកា)

ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​មាន​គ្នា​ប្រមាណ​៦០​នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​មុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ដើម្បី​ទាមទារ​ឲ្យ​ធនាគារ​នេះ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​​ផ្លូវ​រថភ្លើង​​តាម​ការ​សន្យា ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ។​

​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ ធនាគារ ADB បាន​សន្យា​ជាមួយ​ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​មករា ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ។​

​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ធ្វើ​ការតវ៉ា​នៅ​ព្រឹក​នេះ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ADBមិន​បានរៀបចំឲ្យ​មាន​កិច្ច​ប្រជុំ​​ផ្ដល់​ព័ត៌មាន​ដូច​ការសន្យា​ទេ ដោយ​មន្ត្រី​នៅ​ធនាគារ​នេះ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា មន្ត្រី​បរទេស​ដែល​ទទួល ខុសត្រូវ​លើ​កិច្ចការ​នេះ​ត្រូវមាន​ភារៈកិច្ច​ទៅ​ក្រៅប្រទេស ។​

​ពលរដ្ឋ​ឲ្យដឹង​ទៀតថា រហូតមកដល់​ពេលនេះ ពួកគេ​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​ពីADB ​នៅឡើយ ទើប​ពួកគេ​នាំគ្នា​ធ្វើ​ការតវ៉ា​ជាថ្មី ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ ផ្តល់​ព័ត៌មាន​ឲ្យបាន​ជាក់លាក់ពី​ចំនួន​ម៉ែត្រ​ដែល​ត្រូវ​កំណត់​ចេញពី​ផ្លូវ​រថភ្លើង​ទៅ​ផ្ទះ​របស់​ពួកគេ ខណៈ​ពួកគេ​ព្រួយបារម្ភ​ពី​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ។​

​សហគមន៍​ទាំងនោះ​រួមមាន សហគមន៍​ភូមិ​២ ភូមិ​១៧ ភូមិ​១០៤ ភូមិ​១០៥ ភូមិ​២៣ សហគមន៍​រួមចិត្ត​តែមួយ និង​សហគមន៍​អភិវឌ្ឍន៍​ថ្មី​ជាដើម ។​
​ក្រុម​ប្រជា​សហគមន៍​បាន​ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​ពួកគេ​នៅតែ​មិន​ទទួលបាន​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​សាងសង់​ផ្លូវ​រថ​ភ្លើង​នេះ ។​

​ភ្លាមៗ​នេះ VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​បាន​នៅឡើយ​ទេ ។​

​គួរបញ្ជាក់​ថា ក្រុមហ៊ុន Toll Royal Railway និង​ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង  បាន​ទទួល​គម្រោង​សាងសង់​បណ្ដាញ​ផ្លូវដែក​កម្ពុជា ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​២​ខ្សែ គឺ​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ  និង​ពី​ភ្នំពេញ​ទៅ​បន្ទាយមានជ័យ ។ គម្រោង​សាងសង់​ផ្លូវដែក​នេះ បាន​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៣០០០​គ្រួសារ ។​

​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រុមហ៊ុន Toll Group ប្រកាសថា​បាន​លក់​ភាគហ៊ុន​៥៥​ភាគរយ​របស់ខ្លួន​នៅក្នុង​គម្រោង​សម្បទាន​ក្រុមហ៊ុន Toll Royal Railway ឲ្យទៅ Royal Group  របស់លោក គិត ម៉េង ដោយ​អះអាង​ថា មូលហេតុ​នៃ​ការសម្រេចចិត្ត​ដកខ្លួន​ចេញ ដោយសារ​ប្រាក់ចំណូល​ដែល​ទទួលបាន កាន់តែ​ទាប​ជាង​ការរំពឹងទុក រួម​ទាំង​ការបរាជ័យ និង​ការពន្យារពេល​ក្នុង​ការងារ​កែលម្អ​ផ្លូវដែក ៕

VOA 003