តំណាង​ស្ត្រី​សហគមន៍​ដីធ្លី​ស្នើ​ជួប​ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក

ដោយ អាស៊ីសេរី

ស្ត្រី​សហគមន៍​ដីធ្លី មុខ​ទូត​អាមេរីក ៦២០

តំណាង​ស្ត្រី​សហគមន៍​ដីធ្លី​ទាំង៤​នាក់ យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ២០១៥។

 

ស្ត្រី​​៤​នាក់​តំណាង​ឲ្យ​សហគមន៍​បុរីកីឡា ៣មករា បឹងកក់ និង​ព្រលាន​យន្តហោះ​អេសអូអេស (SOS) ស្នើ​សុំ​ជួប​ពិភាក្សា​ជាមួយ​ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) ជុំវិញ​បញ្ហា​ដីធ្លី​នៅ​សហគមន៍​របស់​ពួកគាត់ និង​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

ក្នុង​ញត្តិ​ដែល​តំណាង​ស្ត្រី​សហគមន៍​ដីធ្លី​ទាំង៤​នាក់ យក​ទៅ​ដាក់​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា លើក​ពី​ជម្លោះ​ដីធ្លី​ដែល​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ និង​ការ​ចាប់​ខ្លួន​សកម្មជន​ការ​ពារ​ដីធ្លី​មាន​ដូចជា អ្នកស្រី ទេព វន្នី ជាដើម​ដាក់​ពន្ធនាគារ។

ក្នុង​លិខិត​របស់​តំណាង​ស្ត្រី​សហគមន៍​ដីធ្លី៤​នាក់ សង្ឃឹម​ថា ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ឲ្យ​ពួកគាត់​បាន​ជួប​អ្នកស្រី មីស៊្ហែល អូបាម៉ា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២០-២២ មីនា។