សវនករ​ទាមទារ​ឲ្យ​ធនាគារ​ ADB ​គោរព​តាម​គោលការណ៍​សំណង​​ពេញលេញ​ដល់​ជន​រងគ្រោះ​នៃ​គម្រោង​ផ្លូវ​រថភ្លើង

ដោយ សុខ ខេមរា,ថ្ងៃ១១ មេសា ២០១៥
6F1705FD-C907-40F5-84B5-77C53E830D66_w640_r1_s

ក្នុង​​រូប​ថត​នេះ​ ជា​​រថភ្លើង​​ដែល​​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Toll Royal Cambodia កំពុង​រត់​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ។ ក្នុង​​រូប​ថត​នេះ​ ជា​​រថភ្លើង​​ដែល​​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Toll Royal Cambodia កំពុង​រត់​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ។

ក្រុម​អ្នក​ត្រួត​ពិនិត្យ​ កិច្ចការ​របស់​ធនាគា​អភិវឌ្ឍ​អាស៊ី​ (ADB)​ និយាយ​ថា​ សំណង​និង​ការ​ទាមទារ​របស់​ជន​រងគ្រោះ​ជាង​៤.០០០​គ្រួសារ​ដែល​ប៉ះពាល់​ដោយ​ ការ​ អភិវឌ្ឍ​ស្តារ​ផ្លូវ​រថភ្លើង​មិន​ត្រូវ​គេ​ដោះស្រាយ​នៅ​ឡើយ​ទេ​ ទោះ​ជា​ធនាគារ​នេះ​ បាន​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន​ថា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា​និង​ ប៉ះពាល់​ដល់​ជីវភាព​ពួក​គាត់​ក្តី។​ គណៈ​គ្រប់គ្រង​ធនាគារ​នេះ​ចង់​ឃើញ​សំណង​ ទាំង​ឡាយ​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទៅ​តាម​ការ​ សន្យា​របស់​ធនាគារ។

ក្រុម​ត្រួត​ពិនិត្យ​លើ​ភាព​អនុលោម​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​ថា Compliance ​Review Panel ​(CRP)​ បាន​និយាយ​ថា ការ​សន្យា​របស់​ខ្លួន​ដើម្បី​នឹង​ដោះស្រាយ​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ពី​ការ​ បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ឬ​ការ​តាំង​ទីលំនៅ​ថ្មី​ដោយសារ​ការ​អភិវឌ្ឍ​ស្តារ​ ផ្លូវ​រថភ្លើង​ជា​ច្រើន​ខ្សែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ មិន​ត្រូវ​បាន​ផ្តល់​សំណង​តាម​គោល​នយោបាយ​របស់​ធនាគា​ ADB​ នោះ​នៅ​ឡើយ​ទេ។

ទាក់​ទង​នឹង​បញ្ហា​សំណង គោល​នយោបាយ​របស់​ធនាគារ​ ADB​ ឬ ​អនុសាសន៍​របស់​អភិបាល​គ្រប់គ្រង​ធនាគារ​មាន​ចំនួន​៦​ចំណុច​គឺ​ តម្រូវ​ឲ្យ​ធនាគារ​នេះ​បង្កើត​គម្រោង​ផ្តល់​សំណង​ដល់​ពលរដ្ឋ​ កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កន្លែង​ទី​តាំង​ថ្មី​ ដោះស្រាយ​បណ្តឹង​សារទុក្ខ ​អភិវឌ្ឍ​កម្មវិធី​កសាង​សមត្ថភាព ​បង្កើត​គម្រោង​ដោះស្រាយ​បំណុល និង ​គម្រោង​ស្តារ​ប្រាក់​ចំណូល​ជា​ដើម​នោះ​តាំង​ពី​ដើម​ឆ្នាំ​២០១៤។ ​តែ​អនុ​សាសន៍​ទាំង​នេះ​ មិន​ត្រូវ​គេ​ធ្វើ​តាម​កិច្ចសន្យា​នោះ​ទេ។

បើ​តាម​របាយការណ៍​ត្រួត​ពិនិត្យ​ចុង​ក្រោយ​មួយ​របស់​ក្រុម​សវនករ​នៃ​ ធនាគារ ​ADB ​កាល​ពី​ថ្ងៃ​ទី៦​ ខែ​មេសា​បាន​រក​ឃើញ​ថា​ អ្នក​គ្រប់​គ្រង​ធនាគារ ​ADB ​រដ្ឋាភិបាល​កម្ពុជា​ និង​គណៈកម្មាធិការ​ដោះស្រាយ​ការ​តាំង​លំនៅដ្ឋាន​អន្តរ​ក្រសួង​បាន​ចំណាយ​ពេល ​វេលា​ ថវិកា ​និង​ប្រឹងប្រែង​ធ្វើ​ឲ្យ​គម្រោង​នេះ​វិល​ត្រឡប់​ទៅ​កាន់​ភាព​អនុលោម​តាម​ ការ​សន្យា​វិញ​ដែរ។

ប៉ុន្តែ​របាយការណ៍​នោះ​បញ្ជាក់​ថា ​ការ​ប្រឹង​ប្រែង​នេះ​តម្រូវ​ឲ្យ​ធ្វើ​បន្ថែម​ទៀត៖ «យ៉ាង​ណា​ក៏​ដោយ​ នៅ​មាន​កិច្ចប្រឹង​ប្រែង​បន្ថែម​ទៀត​គឺ​ ទាមទារ​ឲ្យ​ធ្វើ​ដើម្បី​នាំ​គម្រោង​នេះ ​ទទួល​បាន​ការ​អនុលោម​ឲ្យ​បាន​ពេញ​លេញ»។

របាយការណ៍​ត្រួត​ពិនិត្យ​របស់​ក្រុម​សវនករ ​CRPនៃ​ធនាគារ ​ADB ​បាន​រក​ឃើញ​ពី​កំហុស​ធនាគារ​ដែល​ធ្វើ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ខ្លួន​កាល​ ពី​ឆ្នាំ​២០១២​ហើយ​នឹង​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ចំណោម​អនុសាសន៍ ​ទាំង​៦​របស់​គណៈអភិបាល​គ្រប់គ្រង​ធនាគារ​គឺ​គម្រោង​១​ទាក់ទង​នឹង​ការ​ ដោះស្រាយ​ប្រាក់​បំណុល​មិន​ត្រូវ​គេ​ធ្វើ​តាម​នោះ​ទេ។ ​ស្ថាប័ន​នេះ​បាន​បន្ថែម​ថា៖

«គិត​ត្រឹម​ពេល​ដែល​របាយការណ៍​នេះ​ចេញ​ផ្សាយ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB មិន​បាន​ធ្វើ​តាម​អនុសាសន៍​ទេ»។​

ហើយ​ក្រុម​សវនករ​បាន​បញ្ជាក់​ថា ​ធនាគារ​នេះ​ត្រូវ​បង្កើត ​និង​អនុវត្ត​វិធានការ​ ដើម្បី​ជួយ​ដោះស្រាយ​ការ​គាំទ្រ​ចំណូល​ហិរញ្ញវត្ថុ​ចំពោះ​ក្រុម​គ្រួសារ​ជន​ រងគ្រោះ​ ដែល​រង​ផល​ប៉ះពាល់»។

ដោយ​ឡែក​អនុសាសន៍​៥​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​រក​ដំណោះស្រាយ​ សំណង​ប្រជាពលរដ្ឋ​និង​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​បង្កើត​មុខរបរ​ការងារ​ ធ្វើ​ការ​ហ្វឹកហ្វឺន​ជា​ដើម​នោះ​មិន​ត្រូវ​គេ​ដោះស្រាយ​បាន​ច្រើន​ទេ។

ពលរដ្ឋ​ជាង​៤.០០០​គ្រួសារ​ក្នុង​ទីតាំងជា​ច្រើន​ត្រូវ​រងទុក្ខ ​បាត់​ផ្ទះ ​បាត់ដី​ បាត់​បង់​មុខរបរ​ ជំពាក់​បំណុល​គេ​តាំង​ពី​មាន​ការ​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ ដើម្បី​ស្តារ​ផ្លូវ​រថភ្លើង​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ​២០០៦។​ ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ទាំង​នោះ​ភាគច្រើន​រស់​នៅ​តាម​ដង​ផ្លូវ​រថភ្លើង​ ក្នុង​រាជធានី​ភ្នំពេញ​ ប៉ោយប៉ែត ​បាត់ដំបង ​ពោធិ៍សាត់​ និង ក្រុង​ព្រះសីហនុ។

លោក ​អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​បាន​ថ្លែង​ថា​ ប្រជាពលរដ្ឋ​ ខ្លះ​បាន​ធ្វើ​ការ​រុះរើ​តាំង​ពី​ឆ្នាំ​២០១០​ដល់​២០១២​មក​កំពុង​ជួប​ប្រទះ​ នឹង​បញ្ហា​ ជីវភាព​នៅ​ពេល​ដែល​គ្មាន​ដំណោះស្រាយ។

«អញ្ចឹង​ហើយ​យើង​ឃើញ​ថា​ការ​ពន្យារ​ចំពោះ​ការ​អនុវត្ត​អនុសាសន៍​របស់​ ក្រុម​ ប្រឹក្សាភិបាល​ហ្នឹង​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ជីវភាព​រស់​នៅ​របស់​ ប្រជាពលរដ្ឋ​ខ្លាំង​ មែន​ទែន»។

លោក​ថ្លែង​ថា​ រឿង​ផ្តល់​សំណង​ជា​ច្រើន​ប្រភេទ​ដល់​ពលរដ្ឋ​រងគ្រោះ​នេះ​ គឺ​អាច​ធ្វើ​ទៅ​បាន​ជោគជ័យ​គឺ​អាស្រ័យ​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​របស់​ រដ្ឋាភិបាល។ លោក​មិន​ចង់​ឃើញ​មាន​ការ​បង្ខិត​បង្ខំ​ឲ្យ​ធនាគារ​សង​មិន​ចង់​ឃើញ​ការ​ បញ្ចប់​ កិច្ច​សហការ​ទេ។

«អញ្ចឹង​យើង​ចង់​ឃើញ​ទាំង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ទាំង​រដ្ឋាភិបាល​ ទាំង​ប្រជាពលរដ្ឋ​ហ្នឹង​ ទទួល​បាន​នូវ​ការ​សហការ​គ្នា​ល្អ។​ យើង​ចង់​ឃើញ​ឲ្យ​មាន​គម្រោង​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​ហ្នឹង​បាន​ផល​មក​ដល់​ ប្រជាពលរដ្ឋ ​មិន​ចង់​ឃើញ​នូវ​ការ​រំលោភ​ទៅ​លើ​គោលនយោបាយ​ទៅ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ​ទេ»។

តំណាង​ពលរដ្ឋគ្រោះ​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​សំណង​ឲ្យ​ពួក​គេ​បាន​ឆាប់ៗ​ដើម្បី​ស្តារ​ជីវភាព​ឡើង​វិញ។

លោក​ ប៉ុល ទ្រី ​អាយុ​ ៤៣ឆ្នាំ ​មាន​កូន​ក្នុង​បន្ទុក​៥នាក់​ រស់​នៅ​រ៉ា​សំរោង​ ខាង​លិច​ ជាយ​ក្រុង​ភ្នំពេញ​ បាន​ថ្លែង​ថា​ គ្មាន​ការ​ដោះស្រាយ​ទេ​ ហើយ​លោក​ត្រូវ​ប្រឈម​ មុខ​នឹង​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ​ដោយ​សារ​បន្ទុក​ធ្ងន់។

«បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​គាត់​ខ្វះ​ខាត​ច្រើន​ណាស់ ​ដោយសារ​អី​ ដោយសារ​គាត់​បាត់​មុខរបរ។​ គាត់​ពិបាក​នឹង​រកស៊ី ​ដោយសារ​មក​រស់​នៅ​ជ្រៅ​ពេក​ ឆ្ងាយ​ពី​ផ្សារ។​ លំបាក​ទាំង​ខ្ញុំ​អី​ហ្នឹង។​ ខ្ញុំ​ធ្វើ​ផ្ទះ​ហើយ​ចោល។ ខ្ញុំ​មក​នៅ​ជាប់​ថ្នល់​ជាតិ​វិញ​ដើម្បី​រកស៊ី​ដោះស្រាយ​ជីវភាព​គ្រួសារ​ ហ្នឹង»។

លោក​បាន​បន្ថែម​ថា​ ទាំង​ធនាគារ​ ADB និង​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ដោះស្រាយ​បំណុល​បង្កើត​ប្រាក់​ចំណូល​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ ទឹក​ភ្លើង ​មន្ទីរពេទ្យ​ សាលារៀន​និង​បញ្ហា​ផ្សេងៗ​ទៀត​ ដែល​ជា​គោល​នយោបាយ​ធនាគារ​ ADB ​នោះ​ជូន​ដល់​ប្រជាពលរដ្ឋ​ទេ។

លោក ​ឆេង ប៊ុន ហាក់ ​អាយុ ​៣៦ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ផ្សារ​កណ្តាល ​សង្កាត់​ផ្សារ​ កណ្តាល​ ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជាក់​ពី​ការ​ទាមទារ​ សំណង​និង​ការ​មិន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​តាម​គោល​នយោបាយ​ធនាគារ​ADB​ថា៖

«បញ្ហា​ទី១​ រាជរដ្ឋាភិបាល​និង​ធនាគារ​ ADB ​អត់​បាន​គោរព​ទៅ​តាម​គោលនយោបាយ​ហ្នឹង​ទេ​ ហើយ​ធ្វើ​ហ្នឹង​អត់​បាន​ផ្តល់​ព័ត៌មាន​ ឬ​មួយ​ពិគ្រោះ​យោបល់​ឬ​មួយ​ផ្តល់​ជម្រើស​ទេ។ មាន​គ្រួសារ​ខ្លះ ដែល​ត្រូវ​បាន​ដី​ បាន​អី​ គឺ​បាន​តែ​១០​ដុល្លារ​ក៏​មាន​ដែរ។ ​អញ្ចឹង​អ្វី​ដែល​ធ្វើ​ហ្នឹង​គឺ​ផ្ទុយ​ទាំង​អស់»។

លោក​ថា​ លោក​គួរ​ត្រូវ​បាន​សំណង​តាំង​ពី​ឆ្នាំ​២០១១ ​តែ​ដោយសារ​គេ​មិន​ដោះ​ស្រាយ​ឲ្យ​ នោះ​លោក​បាន​ប្តឹង​រហូត​មក។ ​លោក​បាន​ថ្លែង​ថា ​មាន​អំពើ​ពុករលួយ​ កិបកេង​ដី​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ពេល​ចែក​រំលែក​ដី​ជូន​ប្រជាពលរដ្ឋ។​ ដោយសារ​ គេ​យក​ដី​នោះ​ទៅ​លក់ ​ហើយ​អះអាង​ថា​ បាន​ផ្តល់​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ ​ហើយ​ តែ​ពលរដ្ឋ​រងគ្រោះ​មិន​ត្រូវ​បាន​ទេ។​ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​គ្មាន​បាន​ធ្វើ​ដែរ។

លោក​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ម្ចាស់​ជំនួយ​ ADB​ រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ និង​ផ្តល់​សំណង​ដល់​ពលរដ្ឋ​ដែល​កំពុង​រង​ទុក្ខ​នោះ។​ ហើយ​បាន​បន្ថែម​ថា​ បណ្តឹង​ខ្លះ​កំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មការ​សភា៕