ប្រជា​សហគមន៍ ផ្លូវ​រថភ្លើង​ប្រមូលផ្តុំ មុខ​ស្ថានទូត​ហ្វីលីពីន ដើម្បី​សុំ​អន្តរាគមន៍​

ប្រភព៖ cen.com.kh ថ្ងៃទី 11 ឧសភា 2015 ដោយ៖ មុនីរាជ
ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា នេះ ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង ក្នុង​រាជធានី​ភ្នំពេញ បាន នាំគ្នា​ទៅ​ប្រមូលផ្តុំនៅមុខ​ស្ថានទូត​ហ្វីលីពីន ដើម្បី​ធ្វើ​សន្និសីទកាសែត ក្នុង​គោលបំណង​ដើម្បី​ស្នើសុំ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​នៅ​ហ្វីលីពីន ជួយ​ធ្វើ​អន្តរាគមន៍ មកលើ​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ផ្តល់ព័ត៌មាន​លម្អិត ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ជូន​ប្រជា​សហគមន៍​ផ្លូវដែកនៅ​រាជធានី​ភ្នំពេញ​។​

​យោងតាម​ សេចក្តីថ្លែងការណ៍​របស់ ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង បាន​ឲ្យ​ដឹងថា ពួកគាត់​នៅតែ​រក្សា​ជំហរ ទាមទារ​ឲ្យ​មាន​កិច្ចប្រជុំ ជា​ត្រីភាគី ដែលមាន​តំណាង​សហគមន៍ ចំនួន​៨​នាក់​តំណាង​ក្រុមហ៊ុន ថូ​ល​រ៉ូយ៉ាល់ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ដែលមាន​សិទ្ធិអំណាច ពេញ លេញ​ក្នុងការ​ឆ្លើយតប​សំណួរ របស់​ប្រជាពលរដ្ឋ និង​ភាគី​តំណាង​ធនាគារអភិវឌ្ឍន៍៍អាស៊ី ប្រចាំ​កម្ពុជា​។​

​ ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ប្រជា​សហគមន៍​ផ្លូវដែក បាន​ព្យា​យ​យាម ជាច្រើនលើក​ច្រើនសា ក្នុងការ​ទាមទារ​យក​ព័ត៌មាន​លម្អិត ស្តីពី​គម្រោង​ផ្លូវដែក​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​តំបន់​រាជធានី​ភ្នំពេញ​។ ដោយហេតុ​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា ព្យាយាម​ពន្យារពេល​រហូត​តាំងពី​លិខិតដែល​ប្រជាពលរដ្ឋ បានដាក់​ទៅនៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៤ គឺ​នៅតែ​គ្មាន​ដំណោះស្រាយ​។​

​ ប្រជាពលរដ្ឋ បាន​ទទូច​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ព័ត៌មាន​លំអិត​ពី គម្រោង​នេះ​ដល់​ប្រជាពលរដ្ឋ​ដោយហេតុថា ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ប្រាក់​កម្ចី​ដល់ រាជរដ្ឋាភិបាល ប្រាកដ​ជាមាន​ព័ត៌មាន​លំអិត​ពី គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា​។ ធនាគារអភិវឌ្ឍន៍ អាស៊ី ជា​ស្ថាប័ន​អន្តរជាតិ ត្រូវមាន​តម្លាភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​គ្រួសារ​ដដែល ទទួលរង​ផលប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ពីគម្រោង​គាំទ្រ​របស់ខ្លួន​៕ –