សហគមន៍​ផ្លូវ​រថភ្លើង​រក​អន្តរាគមន៍​ពី​បរទេស​ទប់ស្កាត់​ការបណ្តេញចេញ​​

ប្រភព៖  VOD ដោយ៖​ ថោ ស៊ីណា​​ | ថ្ងៃចន្ទ ទី11 ឧសភា 2015,

សហគមន៍​ផ្លូវ​រថភ្លើង​ចំនួន៨ ក្នុង​រាជធានី​ភ្នំពេញ រក​អន្តរាគមន៍​ពី​ស្ថានទូត​បរទេស​មួយ​ដើម្បី​ទប់ស្កាត់​ការបណ្តេញ​ចេញ​ទាំង​បង្ខំ ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ ។
​ការស្វែងរក​អន្តរាគមន៍​នេះ ដោយ​ពួកគេ​ធ្វើ​ស​ន្និសីទ​សារព័ត៌មាន​មុខ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា ដើម្បី​ដាក់​លិខិត​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ទី១១ ខែឧសភា​នេះ ​។

​តំណាង​សហគមន៍​ទូល​សង្កែ​ពីរ លោក ឡុង ច័ន្ទ​ឌី អះអាងថា ធនាគារ​អភិវឌ្ឍន៍អាស៊ី មិន​ធ្វើ​តាម​ពាក្យ​សម្តី​របស់​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង ដែល​ថា​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​ពីរ​គម្រោង​របស់​ខ្លួន​ទៅ​ពលរដ្ឋ ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ​ទេ ​។ លោកថា លោក​ស្នើ​ឲ្យ​ស្ថានទូត​ហ្វីលីពីន ជំរុញ​ឲ្យធនាគារ​អភិវឌ្ឍន៍អាស៊ី​នៅ​ទីក្រុង​ម៉ា​និល​ប្រទេស​ហ្វីលីពីន ដាក់​សម្ពាធ​លើ ADB ប្រចាំ​កម្ពុជា​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​គម្រោង​ផ្លូវ​ដែក ​ដែល​បាន​សន្យា​ជាច្រើន​ដង​ជាមួយ​ពលរដ្ឋ​ខ្មែរ ។

​ប្រជា​សហគមន៍​ម្នាក់ទៀត គឺ​អ្នកស្រី នី សន្តោស ឲ្យដឹងថា អ្នកស្រី​ខ្លាច​ការអភិវឌ្ឍ​នេះ នឹង​ធ្វើឲ្យ​អនាគត​របស់​អ្នកស្រី និង​អនាគត​ពលរដ្ឋ​តាម​ដងផ្លូវ​រថភ្លើង​នេះ មាន​វាសនា​ដូច​អ្នក​បឹងកក់ និង​បុរី​កីឡា​ជាដើម​ ។

​មន្ត្រី​ស្ថានទូត​ហ្វីលីពីន លោក ប៉ា​លែ​ន​ស្សា សន្យា​ជាមួយ​ពលរដ្ឋ​នៅ​មុខ​ស្ថានទូត​នោះ​ថា លោក​នឹង​ដាក់​លិខិត​របស់​ពលរដ្ឋ​ទៅ​ទី​ស្នាក់​កណ្តាល​របស់​ធនាគា​រ ADB បន្ទាប់ពី​ក្រុម​ការងារ​លោក បកប្រែ​លិខិត​នោះ​ពី​ភាសា​ខ្មែរ​ទៅ​ភាសា​អង់គ្លេស​រួចរាល់ ​។

​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែងថាពលរដ្ឋ​នៅ​ផ្លូវ​រថភ្លើង​នោះ​អស់ជំនឿលើ​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារ ADB​ ប្រចាំ​នៅ​កម្ពុជា​ហើយ ទើប​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី ADB នៅ​ក្រៅប្រទេស ។

តាម​សេចក្តីថ្លែងការណ៍​រួម​ ដែល​បានដាក់​ជួន​ស្ថានទូត​ហ្វីលីពីន​នៅថ្ងៃនេះ អ្នក​តវ៉ា​បាន​ចោទ​ធនាគារអភិវឌ្ឍន៍អាស៊ី ថា​ជា​ដើមហេតុ​មួយ​ក្នុងចំណោម​ដើមហេតុ​ជាច្រើន ដែល​បង្ក​ឲ្យមាន​ការអភិវឌ្ឍផ្លូវរ​ថ​ភ្លើង​នេះ ព្រោះ​ធនាគារ​នេះ​ជា​អ្នក​ធានា​ផ្តល់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា​ ។ គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​នេះ បង្កការភ័យខ្លាច​ដល់​ពលរដ្ឋ​ជាង ៣០០០​គ្រួសារ ៕​