ដីស្ថានីយរថភ្លើងភ្នំពេញ​​ជាង​១,៧ហិកតាត្រូវ​ធ្វើ​អនុបយោគ​​ជា​ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ​

ប្រភព៖ VOD ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី18 ឧសភា 2015

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ អនុក្រឹត្យ​មួយ​ដោយ​ធ្វើ​អនុបយោគ​ដី​រាជាយស្ម័យយានរាជធានីភ្នំពេញ ដែល​មាន​​​ទំហំដីជាង​១,៧ហិកតា​ទៅ​ជា​ទ្រព្យសម្បត្តិ​​ឯកជន​របស់​រដ្ឋវិញ​។​

អនុក្រឹត្យ​ស្តី​ពី​ការធ្វើ​អនុបយោគ​ប្តូរចំណាត់ថ្នាក់​ពីទ្រព្យ​ សម្បត្តិ​សាធារណៈ​របស់​រដ្ឋមក​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ ចុះ​ហត្ថលេខាដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ​ទី​១៧​ខែមេសា ឆ្នាំ​២០១៥​ឲ្យ​ដឹង​​ថា​ដី​បឹង​កំប្លោក រាជាយស្ម័យយានកម្ពុជា​នៃ​ក្រសួង​សាធារណៈ​ការ និង​ដឹកជញ្ជូន​ ស្ថិត​នៅ​ផ្លូវ​លេខ​១១០ ភូមិ​៣ សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទំហំសរុប​​១៧២១០,៩៧ម៉ែត្រក្រឡា ត្រូវ​ធ្វើ​អនុបយោគជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋវិញ។​ បើតាមអនុក្រឹត្យ​ កន្លែង​ផ្សេងៗ​ដែល​ត្រូវ​បាន​ធ្វើ​អនុ​បយោគរួមមានទីស្នាក់ការភូមិ​ពោង​ពាយ​រ ​បស់​ក្រសួង​មហាផ្ទៃ​ ស្ថិត​នៅ ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែនសុខ ទំហំ​៧១០ម៉ែត្រ​ក្រឡា ដីមួយផ្នែក​រោងចក្រ​ឥដ្ឋ​ទី​១ ​ចាក់អង្រែលើ​របស់​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ​ស្ថិត​នៅ​ភូមិ​ព្រែក​តាគង់ សង្កាត់​ចាក់អង្រែ​លើ​ ខណ្ឌមានជ័យ ទំហំ​៥០៦៤០ហិកតា​ អគារ​លេខ​១០អតីត​រដ្ឋ​ភណ្ឌាគាររបស់​ក្រសួង​ពាណិជ្ជកម្ម​ ស្ថិត​នៅ​ផ្លូវ​កម្ពុជា​ក្រោម​ សង្កាត់​ផ្សារ​ថ្មីទី​២ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ទំហំ​សរុប​៥៥១ម៉ែត្រ​ក្រឡា។​​

អនុក្រឹត្យ​បញ្ជាក់​ថា​ការ​លុប​ទីតាំងខាង​លើ​​ចេញពី​បញ្ជី​សារពើ​ភ័ណ្ឌ​ ទ្រព្យ​សម្បត្តិ​រដ្ឋ​ត្រូវ​ស្ថិ​តនៅ​ក្រោម​ការ​ចាត់​​ចែង​នីតិវិធី​ដោយ​ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ ក្រសួង​មហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា​គណបក្សសង្រ្គោះជាតិ​មិន​គាំទ្រ​ឲ្យ​​មាន​ការ​ធ្វើ​អនុបយោគ​ ដីរាជាយស្ម័យយាននោះទេ​ ដោយ​លោក​ចាត់​ទុក​ថា​នេះ​ជា​ទ្រព្យសម្បត្តិ​មានប្រយោជន៍សម្រាប់​រដ្ឋ។​  លោក​បន្ត​ថា​កន្លង​ទៅ រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​បាត់​បង់ទ្រព្យ​សម្បត្តិជាតិជាច្រើន​ ​តាមរយៈ​ការ​​ធ្វើ​អនុបយោគ ដោយ​បើក​មាន​ការ​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន។​លោក​បាន​បញ្ជាក់​​ថា​ច្បាប់​ ភូមិបាល​កម្ពុជា​មានភាព​ខ្វះចន្លោះ​ ដោយអនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​អនុបយោគដីដែល​ជាទ្រព្យ​សម្បត្តិ​រដ្ឋ។​

លោក​បញ្ជាក់​ថា​«គួរ​តែ​បញ្ឈប់​ការលក់ ​ផ្ទេរ ឬ​ផ្លាស់ប្តូរ​ដីពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅ​ជា​ទ្រព្យសម្បត្តិ​ ឯកជនរបស់រដ្ឋ​ ដែល​បង្ក​ឱកាស​មាន​មាន​ការលក់ បាត់​បង់ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដែល​ជា​ផលប្រយោ​ជន៍ជាតិ។ ខ្ញុំយល់ឃើញ​ថា​គួរតែ​ទុក​(រាជាយស្ម័យយាន)វិញ​ ជា​ទ្រព្យសម្បត្តិរបស់រដ្ឋដែលមិន​អាច​​លក់​បាន ដើម្បី​កុំ​ឲ្យ​បាត់​បង់​ទ្រព្យសម្បត្តិជាតិដែល​ជា​ផលប្រយោជន៍ជាតិ»។​

VODមិនទាន់​អាច​ទាក់​ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​លើ​បញ្ហានេះ​បាន​នៅឡើយទេ។​

យោងតាមមាត្រា១៦នៃច្បាប់ភូមិបាល​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​នៅ ​ឆ្នាំ​២០០១ ទ្រព្យសម្បត្តិ​សាធារ​​ណៈ​​រប​ស់​រដ្ឋ នៅ​ពេល​បាត់បង់​ផល​ប្រយោជន៍​សាធារណៈ អាច​ត្រូវ​ចាត់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​​រដ្ឋ​តាម​រយៈ​ច្បាប់​ អនុបយោគ។ ចំណែក​មាត្រា​១៦ចែងថា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ​និង​របស់​នីតិបុគ្គល​​សាធារណៈ អាច​ជា​កម្មវត្ថុ​នៃ​ការ​លក់ ការ​ដូរ ការ​បែងចែក​ឬ​ការ​ផ្ទេរ​សិទ្ធិ​តាម​ការ​កំណត់​ដោយ​ច្បាប់។​ ទ្រព្យ​ទាំង​នោះ​អាច​ផ្ដល់​ឱ្យ​តាម​រយៈ​ភតិសន្យា និង​ជា​កម្មវត្ថុ​នៃ​កិច្ចសន្យា ដែល​បាន​ធ្វើឡើង​ត្រឹមត្រូវ​តាម​​ច្បាប់។ លក្ខខណ្ឌ​ទាំងឡាយ​និង​នីតិវិធី​នៃ​ការ​លក់ និង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​និង​របស់​​នីតិបុគ្គល​ សាធារណៈ​នឹង​កំណត់​ដោយ​អនុក្រឹត្យ។ គ្មាន​ការ​លក់​ណាមួយ​អាច​ត្រូវ​បាន​សម្រេច​ដោយ​​គ្មាន​អនុ​ក្រឹត្យ​នេះ​ឡើ​ យ។

បើតាមឯកសារប្រវត្តិសាស្រ្ត ​រាជាយស្ម័យយានរាជធានីភ្នំពេញត្រូវ​បាន​បង្កើ​តឡើង​តាំងពី​ឆ្នាំ​១៩៣២។ ​ រាជាយ​ស្ម័យ​យាន​នេះ​ជា​ស្ថានីយរថភ្លើង​ចេញចូល​ពី​ភ្នំពេញ​ទៅ​បាត់​ដំបង និង​ពី​បាត់ដំបងមកភ្នំពេញ៕