ពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​ជិត​រាជា​យ​ស្ម័យ​យាន​កម្ពុជា​បារម្ភ​ពី​ការបណ្តេញចេញ​​

ដោយ៖,ខេមញូវ,​ ញឹម សុខន​ | ថ្ងៃអង្គារ ទី19 ឧសភា 2015

railway_station_150519_-sokhorn--2015-05-19

បរិវេណខាងក្នុង​អយស្ម័យយាន​កម្ពុជា (រូបថត៖ ញឹម​ សុខន)

អ្នកភូមិ​ជាង​៣០០​គ្រួសារ នៅជាប់​ផ្លូវ​រថភ្លើង​ជិត​អយស្ម័យយាន​កម្ពុជា ក្នុង​សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ បារម្ភ​ពី​ការបណ្តេញចេញ ខណៈ​រាជរដ្ឋាភិបាល ធ្វើ​អនុ​ប​យោគ​ដី​នៅ​តំបន់​នោះ ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដោយ​មិន​ទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន ។​

តាម​អនុក្រឹត្យ​ស្តីពី​ការធ្វើ​អ​នុប​យោគ ប្តូរ​ចំណាត់ថ្នាក់ ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥ ត្រង់​មាត្រា​១​បញ្ជាក់ថា ទីតាំង​យ៉ាងតិច​៤​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ត្រូវធ្វើ​អនុ​ប​យោគ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ។​

​ទីតាំង​ទាំង​នោះ មាន​ដី​បឹង​កំប្លោក​ក្នុង​រាជា​យ​ស្ម័យ​យាន​កម្ពុជា នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្ថិតនៅ​ផ្លូវ​១១០ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​មាន​ទំហំ​សរុប​ជាង​១៧០០០​ម៉ែត្រ​ក​ក្រឡា​ផងដែរ​(១៧.២១០,៩៧ ម៉ែត្រក្រឡា​)​ ។​

ពលរដ្ឋ​នៅ​ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ អ្នកស្រី ស៊ូ គឹម​ជូ ឲ្យ VOD ដឹង​នៅ​ថ្ងៃទី​១៩ ខែ​ឧសភា​នេះ​ថា ពួកគេ​មក​រស់នៅ​ទី​នេះ ខ្លះ​២០​ឆ្នាំ ឯ​ខ្លះ​ទៀត​យូរ​ជាង​នេះ ប៉ុន្តែ​អាជ្ញាធរ​មិនទាន់​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ឲ្យកាន់កា​ប់​ផ្លូវការ​នៅឡើយ​ទេ បើ​ទោះបី​ពួកគេ​តវ៉ា​ទាមទារ​ច្រើន​លើក​ក៏​ដោយ ។​

​អ្នកស្រី ស៊ូ គឹម​ជូ អះអាង​ទៀតថា អ្នកភូមិ​មិន​ទាន់​ដឹង​ពី​ផែនការ​របស់​រាជរដ្ឋាភិបាល ពី​ការធ្វើ​អ​នុប​យោគ​ដី​នេះ​នៅឡើយ​ទេ ស្របពេល​ដែល​អាជ្ញាធរ​មិន​ទាន់​ឆ្លើយតប ពី​ការស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​នោះ ។ អ្នកស្រី​បញ្ជាក់ថា «​បើ​រដ្ឋ​ចង់បាន សូម​ឲ្យ​តម្លៃ​តាម​ទីផ្សារ ឲ្យ​ប្រជាជន ។ ប្រជាជន​អត់​មានទំនាស់​ទាស់ទែង​ជាមួយ​រដ្ឋ​ទេ​» ។​

​ពលរដ្ឋ​មួយក្រុម​ទៀត អះអាង​ប្រហាក់ប្រហែលគ្នា​ថា បើ​រដ្ឋាភិបាល​មាន​ផែនការ​បែប​នេះ អាជ្ញាធរ​ភូមិ សង្កាត់​គួរតែ​ប្រាប់​ព័ត៌មាន​ដល់​អ្នកភូមិ ថា​តើ​ពលរដ្ឋ​ត្រូវ​ទទួលបាន​សិទ្ធិ​វិនិយោគ​នៅនឹងកន្លែង ឬ​ត្រូវ​ផ្តល់​សំណង​សមរម្យ ចៀសវាង​ការបណ្តេញ​ចេញ​ទាំង​បង្ខំ «​សំណង​មក​ អត់​សមរម្យ ហ្នឹង​មិនអាច​ថា​កាត់បន្ថយ​ភាពក្រីក្រ​បាន​ទេ គ្នា​ក្រ​កាន់តែ​ក្រ​ឡើង ។ …​ហើយក៏​មិន​ចង់បាន​[​សំណង​]​ឲ្យ​ខ្ពស់ ឬ​សម្បូរ​អី​ទេ ចង់​បាន​សមរម្យ​នឹង​កូនចៅ​រស់នៅ​បាន​ហើយ អត់​ចង់​បាន​ធំដុំ​ទេ ។ លក់​ផ្ទះ​ទាល់តែ​ទិញ​ផ្ទះ​បាន ទិញ​មិនបាន​ទៅ​លក់​ធ្វើ​អី នៅ​ហ្នឹង​ទៅ​» ។​

ប្រធានភូមិ​៣​លោក ឌួង ស៊ីម ឲ្យ VOD ដឹងថា លោក​បាន​ទទួលដំណឹង​ពី​ការធ្វើ​អនុ​ប​យោគ​ដី​នៅ​តំបន់​នោះ​ទៅ​ជា​ដីឯកជន​របស់ ​រដ្ឋ​ហើយ ប៉ុន្តែ​នៅ​មិនទាន់​ដឹង​ថា តើ​ពលរដ្ឋ​ទាំង​៣២១​គ្រួសារ​នៅ​ក្នុង​ភូមិ​នេះ នឹង​ទទួលបាន​សំណង​យ៉ាងម៉េច​ពី​អាជ្ញាធរ​ថ្នាក់លើ​នៅឡើយ​ទេ ។ លោក​ថា «​ ធម្មតា​ការអភិវឌ្ឍ យើង​ចង់​កាត់បន្ថយ​ភាពក្រីក្រ លុះត្រា​ចេញពី​កន្លែង​ក្រ​យើង​ធ្វើ​ម៉េច​ឲ្យបាន​ធូរធារ​បន្តិច កុំ​ឲ្យ​ពិបាក អាហ្នឹង​បើ​តាម​ចិត្ត​របស់​ខ្ញុំ​» ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ អះអាងថា លោក​មិន​ទាន់​ទទួល​ពាក្យ​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ របស់​អ្នកភូមិ​៣​សង្កាត់​ស្រះចក​នេះ​នៅឡើយ​ទេ ដោយ​លោក​សង្ស័យថា អាច​ទើ​នៅត្រឹម មន្ទីរ​និង​សុរិយោដី​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នៅឡើយ ។ ប៉ុន្តែ​ប្រធាន​មន្ទីរ​រូបនោះ គឺ​លោក ជា ស្រ៊ុន មិន​លើក​ទូរ​សព្ទ ។​

នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ លើកឡើងថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ភាគច្រើន​ជា​មន្ត្រី​រដ្ឋាភិបាល មាន​នគរបាល និង​អតីត​យោធិន​ជាដើម ដែល​លោក​សៀ ភារម្យ អះអាងថា អ្នកភូមិ​ទាំងនោះ​ខ្លះ​មក​តាំង​ទីលំនៅ​ទីនោះ តាំងពី​ឆ្នាំ​១៩៧៩ ។​

​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋ​ត្រូវ​បើក​ទូលាយ​ព័ត៌មាន ចៀសវាង​ការឃុបឃិត​គ្នា រួច​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ ដូច​សហគមន៍​បុរី​កីឡា សហគមន៍​ដីក្រហម សំបុកចាប​ជាដើម ។ លោក​ថា «​ ប្រជាពលរដ្ឋ​នៅ​ភូមិ​បី​ហ្នឹង សុទ្ធតែ​ជា​អ្នក​ដែល​ស្រលាញ់ គាំទ្រ​គណបក្ស​កាន់អំណាច​ខ្លាំងណាស់ យើង​ធ្លាប់​ជួប​ជាមួយ​ពួកគាត់​សួរ​នាំ​ពួកគាត់​ហ្នឹង គឺ​ថា​គាត់​ជា​អ្នកគាំទ្រ អ្នក​ស្រលាញ់​គណបក្ស​ប្រជាជន ហ្នឹង​តាំងពី​[​ឆ្នាំ​]១៩៧៩​មក ។ ដូច្នេះ​ប្រសិនជា​គាត់​[​រដ្ឋាភិបាល​]​ធ្វើ​យ៉ាងនេះ ខ្ញុំ​ជា​ថា ប្រហែលជា​មានន័យថា គាត់​លែង​ចង់​កាន់​អំណាច​តទៅទៀត​» ។​

​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាលដដែល តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ទីស្តីកា​រគណៈ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​អនុវត្ត​អនុក្រឹត្យ​នេះ ឲ្យមាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥​នេះ​ទៅ ៕