ភ្នំពេញៈ អតីតប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងរាជធានីភ្នំពេញ ជិត ៥០ នាក់ដែលបានបម្លាស់ទីទៅកាន់ទីតាំងថ្មី ៤ ឆ្នាំមកហើយនោះបាននាំគ្នាប្រមូលផ្តុំជាថ្មីនៅមុខធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃម្សិលមិញ ទាមទារឲ្យធនាគារមួយនេះផ្តល់ថវិកា ៨០០០ ដុល្លារក្នុងមួយគ្រួសារ ដើម្បីស្តារលទ្ធភាពមុខរបររបស់ពួកគេឡើងវិញ ខណៈដែលការរស់នៅទីតាំងថ្មីកំពុងប្រឈមនឹងបញ្ហាមុខរបរដាច់ ស្បៀងអាហារ និងជំពាក់បំណុល។
តំណាងប្រជាពលរដ្ឋ អ្នកស្រី រស់ បុផា អាយុ ៣៨ ឆ្នាំបានឲ្យដឹងថា ក្រោយពីពួកគាត់ទទួលបានសំណងតិចតួចពីធនាគារ ADB ក្នុងមួយគ្រួសារក្រោម ១០០០ ដុល្លារ និងដីទំហំ ៧ គុណ ១៥ ម៉ែត្រ ជាថ្នូរនឹងការចាកចេញពីទីតាំងអភិវឌ្ឍន៍ផ្លូវរថភ្លើងទៅកាន់ជាយ ក្រុងរួចមកពួកគាត់បាននិងកំពុងប្រឈមនឹងបញ្ហាជីវភាពយ៉ាង ខ្លាំង ដោយខ្វះមុខរបរ និងជំពាក់បំណុលឈ្មួញដែលកំពុងរឹបអូសយកដីដែលរដ្ឋផ្តល់ឲ្យ ព្រោះតែគ្មានប្រាក់សម្រាប់សងបំណុល។
អ្នកស្រីបានបញ្ជាក់ថា៖ «ស្ថានភាពសេដ្ឋកិច្ចយើងជាក់ស្តែងកំពុងជួបទុក្ខលំបាកខ្លាំង អ៊ីចឹងពួកខ្ញុំទាមទារឲ្យធនាគារ ADB គិតគូរពីបញ្ហាពួកខ្ញុំបច្ចុប្បន្នដូចដែលបានសន្យាហើយផ្តល់ថវិកា ៨០០០ ដុល្លារក្នុងមួយគ្រួសារ សម្រាប់ឲ្យពួកខ្ញុំដោះស្រាយស្តារលទ្ធភាពការងាររយៈពេល ៤ ឆ្នាំកន្លងមកនេះ និងដោះស្រាយបំណុលជូនប្រជាពលរដ្ឋដោយគ្មានលក្ខន្តិកៈ និងដោយគ្មានការសងប្រាក់បន្តទៅវិញ»។
ប្រធានគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Januar Hakim បានចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋដោយប្រាប់ថានឹងយកករណីនេះទៅ សិក្សារយៈពេល ២០ ថ្ងៃ មុននឹងផ្តល់ចម្លើយថាយ៉ាងណានោះ។ លោកថា៖ «ខ្ញុំនឹងយកលិខិតជាផ្លូវការនេះទៅជូននាយកធនាគារដើម្បីធ្វើការ សិក្សាបន្តទៀត ហើយយើងនឹងជូនដំណឹងរយៈពេល ២០ ថ្ងៃ»។
ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់នឹងត្រឡប់មកតវ៉ានៅមុខធនាគារនេះម្តងទៀតនៅរយៈពេល ២០ ថ្ងៃខាងមុខ បើសិនជាមិនទទួលបានចម្លើយណាមួយនោះ។
បើតាមតំណាងប្រជាពលរដ្ឋពួកគាត់ចំនួន ១៤៨ គ្រួសារដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញត្រូវ បានអាជ្ញាធរបម្លាស់ទីទៅកាន់ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យកាលពីឆ្នាំ ២០១១ ដោយទីតាំងថ្មីនោះនៅឆ្ងាយពីទីប្រជុំជនពុំមានហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់ធ្វើឲ្យពួកគាត់កាន់តែធ្លាក់ខ្លួនក្រគ្មានមុខរបរ និងពេលឈឺថ្កាត់ម្តងៗគ្មានប្រាក់ព្យាបាលជាដើម ៕