អាជ្ញាធរ​តម្រូវ​ឲ្យ​ពលរដ្ឋ​ជាង ៧០ គ្រួសារ​រើ​ផ្ទះ​ចេញ​ពី​ក្បែរ​ផ្លូវ​ដែក

ប្រភព៖ ភ្នំពេញប៉ុស្តិ៍,​ ដោយ៖ ឃុត សុភចរិយា,Wed, 2 September 2015

បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៧០ ​គ្រួសារ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​ឲ្យ​ធ្វើការ​រុះរើ​ផ្ទះ​ទៅកាន់​ទីតាំង​ថ្មី​ដើម្បី​សម្រួល​ដល់​គម្រោង​សា្ថបនា​ផ្លូវ​វាង​ក្រវាត់​ក្រុង និង​គម្រោង​ស្ថាបនា​ឡើង​វិញ​នូវ​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា​ពី​ភ្នំពេញ​ទៅ​កាន់​អូរជ្រៅ​ក្រុង​ប៉ោយប៉ែត​ជាប់​ព្រំប្រទល់​ដែន​កម្ពុជា-ថៃ។

លោក អ៊ូ ម៉ៅ អាយុ​ ៤៧ ​ឆ្នាំ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ គ្រោង​តម្រូវ​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះ​ទាំងអស់​គ្នា​នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ​នេះ​ដើម្បី​រៀបចំ​ស្ថាបនា​ផ្លូវ​វាង​ក្រវាត់​ក្រុង​មួយ​ខ្សែ​ និង​ដើម្បី​សម្រួល​ដល់​ដំណើការ​អនុវត្ត​គម្រោង​ស្ដារ​ផ្លូវ​រថភ្លើង​ឡើង​វិញ​ពី​ភ្នំពេញ​ទៅ​អូជ្រៅ​ក្រុង​ប៉ោយប៉ែត។

លោក​ ម៉ៅ បាន​បន្ត​ថា​កាលពី​សប្ដាហ៍​មុន​អាជ្ញាធរ​បាន​បើក​កិច្ចប្រជុំ​មួយ​ដោយ​បាន​បញ្ជាក់​ពី​ទីតាំង​ថ្មី​ដែល​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ពួកគាត់​ទៅកាន់​ទី​នោះ​ដែល​ទីតាំង​ថ្មី​មាន​ចម្ងាយ​ប្រមាណ​ជាង​ ៥០០ ​ម៉ែត្រ​ស្ថិត​នៅ​ភាគ​ខាង​លិច​ទីតាំង​ចាស់​ក្បែរ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ចាក់​ដី​បំពេញ​នៅ​ឡើយ។

លោក​បាន​បញ្ជាក់​ថា៖ «ទោះ​យ៉ាង​ណា​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​របស់​ពួកគាត់​មិន​បាន​ជំទាស់​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នោះ​ទេ​ប៉ុន្តែ​បាន​ស្នើ​សុំឲ្យ​អាជ្ញាធរ​ជួយ​ផ្ដល់​ជា​សោហ៊ុយ​បន្ថែម​ខ្លះ​ទៀត​សម្រាប់​ចំណាយ​លើ​ការ​រុះរើ​ និង​សាងសង់​ផ្ទះ​ឡើង​វិញ​នៅ​ទីតាំង​ថ្មី​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​នោះ​ដោយ​លើក​ហេតុផល​ថា​ដី​របស់​ពួកគាត់​បច្ចុប្បន្ន​មាន​ទំហំ​ធំ​ជាង​ជិត​ពីរ​ដង​បើ​ធៀប​ទៅ​នឹង​ដី​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅក្នុង​ទីតាំង​ថ្មី​នោះ»។

បើ​តាម​លោក ម៉ៅ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​បាន​កំណត់​ផ្ដល់​ដី​ជូន​ពួកគាត់​នៅលើ​ទីតាំង​ថ្មី​នោះ​ក្នុង​មួយ​គ្រួសារ​តែ​ត្រឹម​ទំហំ​ដី​ ៤ ​ម៉ែត្រx ១៦ ​ម៉ែត្រ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​សាលា​ខេត្ត​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​តាម​គម្រោង​អាជ្ញាធរ​ចង់​ឲ្យ​មាន​ការ​រុះរើ​ទៅ​កាន់​ទីតាំង​ថ្មី​ឲ្យ​អស់​នៅ​ពាក់កណ្ដាល​ខែ​កញ្ញា​ ឬ​ដើម​ខែ​តុលា​ខាង​មុខ​នេះ​ប៉ុន្តែ​នៅពេល​នេះ​គឺជា​រដូវ​ភ្លៀង​ដូច្នេះ​ការ​រុះរើ​អាច​នឹង​​ពន្យារពេល។

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ថា៖ «​ទោះ​ជា​បែប​ណា​យើង​ចង់​ឲ្យ​ពួកគាត់​ដាក់​សំណើ​សុំ​សោហ៊ុយ​បន្ថែម​នោះ​មក​យើង​តាមរយៈ​អាជ្ញាធរ​ក្រុង​ហើយ​យើង​នឹង​ពិនិត្យ​មើល​បន្ថែម​ទៀត​ទៅ​តាម​លទ្ធភាព​ជាក់ស្ដែង»។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ប្រជាពលរដ្ឋ​ដែល​នឹង​ត្រូវ​ផ្លាស់ប្ដូរ​លំនៅ​ទៅ​កាន់​ទីតាំង​ថ្មី​នោះ​សរុប​ចំនួន​ ៧២ ​គ្រួសារ។ ពួកគាត់​បាន​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​រថភ្លើង និង​នៅលើ​ទីតាំង​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​វាង​ក្រវាត់​ក្រុង​ដែល​គម្រោង​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​ធ្វើ​នៅ​ដើម​ខែ​ក្រោយ៕