ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ដែក​នៅ​ប៉ោយប៉ែត​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង

ប្រភព៖ .rfa.org ដោយ៖ហ៊ុំ ចំរើន   ថ្ងៃទី​២១ កញ្ញា ២០១៥

ជម្លោះ​ដីធ្លី ប៉ោយប៉ែត ៦២០ ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។

ជម្លោះ​ដីធ្លី ប៉ោយប៉ែត ៦២០
ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។

ប្រជាពលរដ្ឋ​ប្រមាណ ៤០​នាក់​ក្នុង​ចំណោម ៦០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​ដែក​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ផ្ដល់​សំណង​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក ឆេង ប៊ុនហាក់ ថ្លែង​ថា មន្ត្រី​អន្តរ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ដី​ចំណី​ផ្លូវ​រថភ្លើង នៅ​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​មិន​បាន​ផ្ដល់​សំណង​ប៉ះពាល់​ឲ្យ​បាន​សមរម្យ​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​អះអាង​ថា កន្លង​ទៅ អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដល់​សំណង​ជូន​ប្រជាពលរដ្ឋ​បន្តិចបន្តួច គឺ​ពី ១៥ ទៅ​ជាង ១០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ ដែល​សំណង​នេះ​មិន​សមស្រប​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ​នោះ​ឡើយ៖ «ខ្ញុំ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ឲ្យ​ស្មើ​នឹង​តម្លៃ​ដី​ដែល​ខ្ញុំ​បាន​កាន់​កាប់​កន្លង​មក។ ទី​២ ខ្ញុំ​សុំ​ឲ្យ​អាជ្ញាធរ​ចេញ​ថ្លៃ​ខូចខាត ដែល​ខ្ញុំ​មិន​បាន​ធ្វើ​ការងារ​តាំង​ពី​ឆ្នាំ​២០១១ រហូត​មក​ទល់​បច្ចុប្បន្ន​ក្នុង​មួយ​ខែ​ចំនួន ៥០០​ដុល្លារ​អាមេរិក»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ កញ្ញា។ ចំណែក​ឯ​ក្រុម​អ្នក​តវ៉ា បាន​រំសាយ​ទៅ​វិញ​បន្ទាប់​ពី​ជួប​ជុំ​គ្នា​ប្រមាណ ៣​ម៉ោង ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ម្នាក់ ចេញ​មក​ជួប​ពួក​គាត់​ដើម្បី​ដោះស្រាយ​នោះ​ទេ។ ប្រជាពលរដ្ឋ​ព្រមាន​ថា ពួក​គាត់​នឹង​នាំ​គ្នា​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ ប្រសិន​បើ​អាជ្ញាធរ​ពុំ​បាន​ផ្ដល់​សំណង​ប៉ះពាល់​សមរម្យ​នោះ៕