អាជ្ញាធរ​ខេត្ដ​ថា ខ្លួន​គ្មាន​តួនាទី​ផ្តល់​សំណង​ដល់​ពលរដ្ឋ​ដែល​ប៉ះពាល់​ពី​ការអភិវឌ្ឍ​ផ្លូវដែក​

ប្រភព៖ vodhotnews ដោយ៖សា​វី​ | ថ្ងៃចន្ទ ទី២១ កញ្ញា ២០១៥

អាជ្ញាធរ​ខេត្ដ​បន្ទាយមានជ័យឱ្យដឹងថា ខ្លួន​គ្មាន​តួនាទីដោះស្រាយ​សំណង​ដល់​ពលរដ្ឋ ​ដែល​រង​ផលប៉ះពាល់ពី​ការអភិវឌ្ឍន៍​ផ្លូវ​រថភ្លើងនៅ​ក្រុង​ប៉ោយប៉ែ​ត​នោះទេ ដោយ​អះអាង​ថា ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

ការលើកឡើង​នេះ ស្រប​ពេល​ប្រជាពលរដ្ឋ​ប្រមាណ​៦០​នាក់ បាន​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​នៅមុខ​សាលាក្រុង​ប៉ោយ​ប៉ែត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាលគោរព​តាម​កិច្ចសន្យា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB) ដែល​សន្យា​សំណង​ឱ្យបាន​សមរម្យដល់​ពលរដ្ឋ​ទាំង​នោះ​។​

អភិបាលខេត្ដ​បន្ទាយមានជ័យ លោក គោ ស៊ុំ​សារឿ​ត ប្រាប់វីអូឌី(VOD) ថាការដោះស្រាយ​សំណង​ដល់ពលរដ្ឋ​រង​ផលប៉ះពាល់​នោះ រដ្ឋាភិបាល​បាន​ដាក់​គោលការណ៍​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ ដែលមាន​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់​របស់​អន្ដរក្រសួង​ លោក ញៀន ឡេង ជា​អ្នកទទួលខុសត្រូវ។ ​លោក​បន្ដថា ចំណែកអាជ្ញាធរ​ខេត្ដគ្រាន់តែ​អ្នកសម្របសម្រួល​ប៉ុណ្ណោះ។

​ករណីនេះ ​VOD មិនអាច​ទាក់ទង​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់​អន្ដរក្រសួង និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ញៀន ឡេង បាន​នៅឡើយ​ទេ​។​

ទោះជា​យ៉ាងណា តំណាង​ពលរដ្ឋ​ដែល​តវ៉ា​ទាមទារ​សំណង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក ឆេង ប៊ុន​ហាក់ លើកឡើងថា ធ​គារ​អភិវឌ្ឍន៍​អភិឌ្ឍន៍​អាស៊ី ​មាន​គោលការណ៍​ច្បាស់លាស់ ចំពោះ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា ប៉ុន្ដែ​មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា​មិន​អនុវត្ដ និង​មិន​អើពើដោះស្រាយ​ជូន​ពលរដ្ឋ​ឡើយ​។​ លោក​បន្ដថា លោក​បាន​ប្ដឹង​ទៅ​អ្នកគ្រប់គ្រង​ធនាគារ ADB ធំ​នៅ​ប្រទេស​ហ្វីលីពីន ហើយ​គេ​បាន​សន្យា​ចុះមក​ដោះស្រាយ​នៅ​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ​។​

ពលរដ្ឋ​ដែល​បាន​ចាកចេញ​មួយរូប​ក្នុង​ចំណោម​១០​គ្រួសារ នៅ​សង្កាត់​ប៉ោយ​ប៉ែត លោក ឡឹ​ក គឹម​អឿន ឱ្យដឹងថា ធនាគារ ADB បាន​សន្យា​ដោះស្រាយ​សំណង​ឱ្យ​ពលរដ្ឋ​ដែល​ខាត​ពេលធ្វើ​អាជីវកម្ម ក្នុង​រយៈពេល​៦​ខែ ប៉ុន្ដែ​លោក​ថា​សំណង​នោះ​រដ្ឋាភិបាល​មិន​ផ្ដល់​ឱ្យ​គ្រប់​ចំនួន​ឡើយ​។​ ជាមួយគ្នា​នោះ​ដែរ លោក​ថា នៅ​ទីតាំង​ថ្មីដែល​អាជ្ញាធរ​ផ្ដល់​ឱ្យក៏​មិន​ស្រប​តាម​ការស​ន្យា​រ​របស់​ធនាគារ ADB ដែល​ថាឱ្យ​ពលរដ្ឋ​រស់នៅ​បាន​ល្អប្រសើ​រ។​

​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ដ​បន្ទាយ​យ​មានជ័យ លោក ស៊ុំ ចាន់​គារ មានប្រសាសន៍ថា ការទម្លាក់​ទទួល​ខុស​ត្រូវ​ក្នុង​ការដោះស្រាយ​របស់​អាជ្ញាធរខេត្ដ​នោះ បង្ហាញ​ពី​អសមត្ថភាព និង​រើសអើង បក្សពួកនិយម ព្រោះ​កន្លងមក​អភិបាលខេត្ដ​បាន​ដោះស្រាយ​បាន​ពី​៧៥ ទៅ​៨០%​ទៅហើយនោះ។​ លោក​ទទួលស្គាល់ថា ការដោះស្រាយ ជា​តួនាទី​របស់​អន្ដរក្រសួង ប៉ុន្ដែ​ពលរដ្ឋ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ចរបស់​អាជ្ញាធរ​ខេត្ដ​បន្ទាយមានជ័យ​។ ​លោក​ថា អាជ្ញាធរ​គួ​រពិនិត្យ​ឡើងវិញ​ពី​ចំនួន​ពលរ​ដ្ឋ​ដែល​មិន​ទាន់​ទទួល​សំណង​ពី​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នេះ ដើម្បីផ្ដល់​សំណង​ពួកគាត់ឱ្យមាន​តម្លាភាព​៕