ប្រភព៖ វិទ្យុអាស៊ីសេរី, ថ្ងៃទី០៩ ខែ០២ ឆ្នាំ២០១៦, ដោយ ខែ សុណង

ទិដ្ឋភាពនៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវដែកក្នុងរាជធានីភ្នំពេញ រក្សាភាពស្ងៀមស្ងាត់ និងបន្តប្រកបអាជីវកម្មប្រចាំថ្ងៃជាធម្មតា ដើម្បីទុកឱកាសឲ្យរដ្ឋាភិបាល ពិនិត្យ និងពិចារណារកដំណោះស្រាយជុំវិញផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវអាកាសល្បឿនលឿន។ ការអំពាវនាវនេះ បន្ទាប់ពីពលរដ្ឋទៅប្រមូលផ្ដុំ និងស្នើឲ្យរដ្ឋាភិបាល រៀបចំវេទិកាសាធារណៈមួយ ដើម្បីជជែកគ្នាពីគម្រោងវិនិយោគសាងសង់នេះ។
ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវដែក បានហៅការអំពាវនាវឲ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ គឺជាការលួងចិត្តពួកគាត់ ដើម្បីអនុវត្តគម្រោងវិនិយោគសាងសង់ផ្លូវអាកាសល្បឿនលឿន។
ពលរដ្ឋរស់នៅសហគមន៍ផ្លូវរថភ្លើងភូមិ២៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក លោកស្រី នី សន្ដោស មានប្រសាសន៍ថា ប្រជាពលរដ្ឋពុំមានទំនុកចិត្តសោះ ពេលអាជ្ញាធរប្រាប់ឲ្យពួកគាត់រក្សាភាពស្ងៀមស្ងាត់ ក្នុងគ្រាដែលលេចឮពីគម្រោងសាងសង់ផ្លូវអាកាស ដែលនឹងប៉ះពាល់ផ្ទះសម្បែងរបស់ពួកគាត់៖ «ការពិតយើងមិនជឿជាក់លើគាត់ប៉ុន្មានទេ ខ្លាចគាត់ថាឲ្យយើងរក្សាស្ងប់ស្ងាត់ទៅ ស្រាប់តែគាត់ចាប់ផ្ដើមធ្វើសកម្មភាពអ្វីមួយ យើងពិបាកទុកចិត្តមែនទែន។ កន្លងមក ឲ្យយើងរក្សាភាពស្ងប់ស្ងាត់ ចាប់ផ្ដើមសកម្មភាពបណ្ដេញទីណាត់ទីណែង យើងអត់មានទំនុកចិត្តសោះ។ ខ្លាចតែគាត់ថាឲ្យយើងនៅស្ងៀមៗអ៊ីចឹងណា គាត់មានផែនការរបស់គាត់ផ្សេងទៅ ភាគច្រើនធ្លាប់ឃើញតែអ៊ីចឹងដែរ។ យើងរកទុកចិត្តគាត់អត់បាន»។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ កុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវដែកក្នុងរាជធានីភ្នំពេញ រក្សាភាពស្ងៀមស្ងាត់ និងបន្តប្រកបអាជីវកម្មប្រចាំថ្ងៃជាធម្មតា ដើម្បីទុកឱកាសឲ្យរដ្ឋាភិបាល ពិនិត្យ និងពិចារណារកដំណោះស្រាយ។ លិខិតដដែលបញ្ជាក់ថា គម្រោងសាងសង់ផ្លូវអាកាសល្បឿនលឿននេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។ រដ្ឋាភិបាលយល់ថា គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គឺជាជម្រើសមួយល្អប្រសើរក្នុងការសម្រេចចិត្ត ព្រោះនាំមកជូននូវប្រព័ន្ធដឹកជញ្ជូនក្នុងក្រុងបានល្អ កាត់បន្ថយការកកស្ទះ ផ្ដល់ផលប៉ះពាល់តិចតួចលើបរិស្ថាន និងសង្គម និងផ្ដល់ប្រយោជន៍ធំធេងសម្រាប់សេដ្ឋកិច្ចជាតិ។
រដ្ឋាភិបាល បានឯកភាពដាក់ជូនក្រុមហ៊ុនឯកជន ដើម្បីធ្វើការវិនិយោគសាងសង់ផ្លូវអាកាសល្បឿនលឿនពីស្ថានីយផ្លូវដែករាជធានីភ្នំពេញ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គម្រោងនេះ នឹងត្រូវសាងសង់លើផ្លូវដែកដែលមានស្រាប់។
ពាក់ព័ន្ធទៅនឹងគម្រោងនេះ សង្គមស៊ីវិលដែលបានតាមដានរឿងនេះ វាយតម្លៃថា មានពលរដ្ឋមិនតិចជាង ២ពាន់គ្រួសារ អាចនឹងរងផលប៉ះពាល់។
នាយកប្រតិបត្តិនៃសមាគមធាងត្នោត លោក អ៊ី សារ៉ុម ថ្លែងថា ស្ថាប័នពាក់ព័ន្ធគួរតែប្រញាប់រៀបចំឲ្យមានវេទិកាសាធារណៈមួយ ដើម្បីជជែកពិភាក្សាគ្នាឲ្យបានច្បាស់ ពីជំហរទាំងសងខាង ទើបឆាប់មានដំណោះស្រាយល្អ៖ «ក្រសួងគួរតែអញ្ជើញសហគមន៍ ដើម្បីទៅពិភាក្សា ហើយនិងបង្ហាញគាត់ឲ្យបានជាក់លាក់ច្រើនជាងហ្នឹង ព្រោះថាកន្លងមក គាត់ច្រើនតែធ្វើការប្រមូលផ្ដុំនៅមុខក្រសួងហ្នឹង បានចេញមកសន្យាម្ដងហើយថា គាត់នឹងបើកវេទិកាសាធារណៈ។ តែឥឡូវក្រសួងបានចេញលិខិតហ្នឹងហាក់ដូចវាផ្ទុយនូវអ្វីដែលគាត់បាននិយាយកាលពីថ្ងៃមុន។ ដូច្នេះ ដើម្បីឲ្យមានភាពជាក់លាក់ ហើយឲ្យមានការជឿជាក់ពីប្រជាពលរដ្ឋ ក្រសួងគួរតែកោះអញ្ជើញគាត់ទៅធ្វើការពិភាក្សា ហើយឲ្យប្រជាពលរដ្ឋតាមដានទាំងអស់គ្នា ខណៈដែលការសិក្សាមានដំណើរល្អទៅមុខអ៊ីចឹង និងអញ្ជើញគាត់ដើម្បីធ្វើវេទិកាសាធារណៈ»។
ឆ្លើយតបទៅនឹងសំណើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដែរថា នៅពេលដែលមានការសម្រេចពីរដ្ឋាភិបាល ក្នុងការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនពីរដែលបានស្នើសុំវិនិយោគ ក្រសួងសាធារណការ នឹងរៀបចំវេទិកានៅនឹងកន្លែង និងធ្វើការដោះស្រាយផលប៉ះពាល់រួចរាល់ជាមុនសិន មុននឹងអនុញ្ញាតឲ្យគម្រោងដំណើរការសាងសង់៕