អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង

ប្រភព៖ វិទ្យុអាស៊ីសេរី, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦, ដោយ ហ៊ំ ចំរើន

5b998554-8f8b-4682-9f56-0301372fd779

១០-កុម្ភៈ-២០១៦៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ Photo Provided

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ប្រជុំ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត។ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នៅ​សាលា​ក្រុង​ប៉ោយប៉ែត ភាគ​ច្រើន​សាទរ​នឹង​ការ​ដោះស្រាយ​នេះ ប៉ុន្តែ​ការ​ប្រជុំ​នេះ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។

ប្រជាពលរដ្ឋ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស លើក​ឡើង​ស្រដៀង​គ្នា​ថា បន្ទាប់​ពី​ការ​ប្រជុំ​នេះ​ទៅ ពួក​គេ​នឹង​រង់ចាំ​មើល​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​បន្ត​ទៀត ពីព្រោះ​កន្លង​មក អាជ្ញាធរ​បាន​ត្រឹម​តែ​សន្យា​ខ្យល់​ជាមួយ​ប្រជាពលរដ្ឋ​ទេ។

តំណាង​ពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត គឺ​លោកស្រី លី ណា ថ្លែង​ថា លោកស្រី​ទន្ទឹង​រង់ចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ផ្លូវ​ដែក​ជូន​ពួក​គាត់​ជាង ៤​ឆ្នាំ​មក​ហើយ តែ​ពុំ​មាន​ច្រក​ចេញ​នោះ​ទេ។ លោកស្រី​អះអាង​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​សន្យា​ជាមួយ​ពួក​គាត់​ថា នឹង​ចុះ​សិក្សា​ពី​ការ​ប៉ះពាល់​ដល់​ទីកន្លែង​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ផ្ដល់​សំណង​ទៅ​តាម​ការ​ជាក់ស្ដែង។ លោកស្រី​រំពឹង​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​ជូន​ពួក​គាត់​បាន​ឆាប់​រហ័ស​តាម​ការ​សន្យា៖ «ពួក​យើង​ខ្ញុំ​នឹង​រង់ចាំ​មើល​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​នេះ ថា​តើ​មាន​ភាព​យុត្តិធម៌ ឬ​យ៉ាង​ណា? បើ​សិន​ជា​ពុំ​យុត្តិធម៌​ទេ នោះ​ពួក​ខ្ញុំ​នឹង​មាន​តវ៉ា​សាជាថ្មី​ទៀត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ ទទួល​បន្ទុក​ដោះស្រាយ​ដីធ្លី លោក លី សារី មាន​ប្រសាសន៍​ថា ការ​ប្រជុំ​ដោះស្រាយ​នេះ អាជ្ញាធរ​នឹង​ផ្ដល់​សំណង​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​ម្ខាង ៣​ម៉ែត្រ​កន្លះ។ លោក​អះអាង​ថា ពលរដ្ឋ​ដែល​មាន​បញ្ហា​មិន​ទាន់​ដោះស្រាយ​នៅ​សល់​មិន​ដល់ ១០​គ្រួសារ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ពុំ​បាន​បញ្ជាក់​ពី​ចំនួន​សំណង​ដែល​ពលរដ្ឋ​នឹង​ទទួល​បាន ថា​ចំនួន​ប៉ុន្មាន​នៅ​ឡើយ៖ «ការ​ទទួល​សំណង​នេះ បង​ប្អូន​ប្រជាពលរដ្ឋ​មួយ​គាត់​មិន​ស្មោះ​ត្រង់​ជាមួយ​អាជ្ញាធរ​ដែរ មាន​ន័យ​ថា នៅ​ពេល​ពួក​គាត់​ទទួល​បាន​សំណង​ហើយ គឺ​គាត់​ឲ្យ​ពលរដ្ឋ​ផ្សេង​ចូល​ទៅ​រស់នៅ​ទីតាំង​នោះ​បន្ត​ទៀត។ បញ្ហា​នេះ​ទើប​ធ្វើ​អាជ្ញាធរ​ពិបាក​ដោះស្រាយ​នោះ»

ផ្ទុយ​ពី​ការ​អះអាង​របស់​អាជ្ញាធរ អ្នក​ស្រុក​អះអាង​ថា ចំនួន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត មិន​ទាន់​ដោះស្រាយ​មាន​ជិត ១០០​គ្រួសារ។ ពួក​គាត់​លើក​ឡើង​ថា កន្លង​ទៅ អាជ្ញាធរ​ពុំ​បាន​ដោះស្រាយ​ទៅ​លើ​គ្រួសារ​ដែល​ប៉ះពាល់​ពិត​ប្រាកដ​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន សាទរ​ចំពោះ​ការ​ប្រជុំ​ដោះស្រាយ​របស់​អាជ្ញាធរ​នេះ ប៉ុន្តែ​លោក​សំណូមពរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សន្យា​ខ្យល់​ជាមួយ​ប្រជាពលរដ្ឋ​ដូច​ពេល​មុនៗ​ទៀត៖ «បញ្ហា​សំខាន់ គឺ​អាជ្ញាធរ​មិន​បាន​ប្រាប់​ពលរដ្ឋ​ឲ្យ​យល់​ច្បាស់​អំពី​ការ​ដោះស្រាយ​នោះ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​មិន​សប្បាយ​ចិត្ត ហើយ​នាំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់​មក»

គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី (ADB) សាងសង់​ផ្លូវ​ដែក​ចំនួន ២​ខ្សែ គឺ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ និង​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ គម្រោង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ជិត ៧០០​គ្រួសារ។ កន្លង​ទៅ ប្រជាពលរដ្ឋ​ធ្លាប់​នាំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួក​គាត់​ចំនួន ១៤​លើក​មក​ហើយ។ បន្ទាប់​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ ជាទូទៅ​អាជ្ញាធរ​បាន​កោះ​ប្រជុំ​ដោះស្រាយ​ភ្លាមៗ​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល។

អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​កោះ​ប្រជុំ​របស់​អាជ្ញាធរ គ្រាន់​តែ​ជា​ការ​ផ្គាប់​ចិត្ត​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា​មួយ​គ្រា​ប៉ុណ្ណោះ៕