អ្នក​បឹងកក់​តវ៉ា​នៅ​មុខ​ធនាគារ​ពិភពលោក​និង​ទូត​អាមេរិក​ទាមទារ​ដំណោះស្រាយ​ដីធ្លី

ប្រភព៖ វិទ្យុអាស៊ីសេរី ថ្ងៃទី ១៥ ខែ​ កុម្ភៈ ឆ្នាំ២០១៦ ដោយ ទ្បេង ម់ាលី

ec831431-60ee-463f-b7d9-20fdf27c6009

អ្នក​បឹងកក់ ស្រែក​តវ៉ា គោះ​ចាន​ឆ្នាំង អង្រួន​ទ្វារ​របង និង​គប់​ពង​មាន់​ដាក់​ស្លាក​ឈ្មោះ​របស់​ធនាគារ​ពិភពលោក (World Bank) ទាមទារ​ដំណោះស្រាយ​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Leng Maly

ស្ត្រី​អ្នក​បឹងកក់ ប្រមាណ ៣០​នាក់ តវ៉ា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ស្ថាប័ន​ធនាគារ​ពិភពលោក (World Bank) ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បន្ថែម​ទៀត ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពួក​គាត់​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ។

អតីត​អ្នក​បឹងកក់ លោកស្រី ស៊ា ណារ៉េត មាន​ប្រសាសន៍​ថា ការ​ដែល​ពួក​លោកស្រី​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ស្ថាប័ន​ទាំង​ពីរ ព្រោះ​ស្ថាប័ន​ទាំង​ពីរ​នេះ​ជា​អ្នក​ផ្ដល់​លុយ​ជំនួយ​ដល់​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​នៅ​ទី​នោះ៖ «ព្រោះ​ធនាគារ​ពិភពលោក ជា​អ្នក​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​រដ្ឋាភិបាល​យ៉ាង​ច្រើនម៉្លោះ​ហើយ​ខ្ញុំ​ត្រូវ​តែ​មក​ធ្វើ​ឲ្យ​គាត់​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះស្រាយ​នៅ​តំបន់​បឹងកក់​នេះ។ ខ្ញុំ​នៅ​តែ​បន្ត​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ មិន​ឈប់​ទេ ព្រោះ​គាត់​រើសអើង​ប្រជាពលរដ្ឋ​ខ្មែរ​ណាស់ មក​នៅ​ប្រទេស​កម្ពុជា មិន​ចេញ​ជួប​ប្រជាពលរដ្ឋ​កម្ពុជា ទេ។ គាត់​សម្ងំ​សុខ ហើយ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ យើង​ធ្វើ​អី​ក៏​ហ៊ាន​ធ្វើ​ដែរ មិន​ខ្លាច​ជាប់​គុក​ជាប់​ច្រវាក់​ឡើយ»

ការ​តវ៉ា​របស់​អតីត​អ្នក​បឹងកក់ នៅ​ស្ថាប័ន​ទាំង​ពីរ​នេះ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ទេ ព្រោះ​ថ្ងៃ​ទី​១៥ កុម្ភៈ ជា​ថ្ងៃ​ឈប់​សម្រាក​របស់​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ទាំង​ពីរ​នេះ។

អ្នក​បឹងកក់ ស្រែក​តវ៉ា គោះ​ចាន​ឆ្នាំង អង្រួន​ទ្វារ​របង និង​គប់​ពង​មាន់​ដាក់​ស្លាក​ឈ្មោះ​របស់​ធនាគារ​ពិភពលោក។ កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដាក់​កម្លាំង​តាម​ឃ្លាំ​មើល​ការ​តវ៉ា​នេះ​រហូត​ដល់​ចប់ ប៉ុន្តែ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ៕