គម្រោង​ផ្លូវ​ល្បឿន​លឿន​អាច​ប៉ះពាល់​ជាង​ ១ ពាន់​គ្រួសារ

ប្រភព ៖ ភ្នំពេញ ប៉ុស្តិ៍​ / ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នំា២០១៦, ដោយ 

4-Protest_4 (1)

ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង​ធ្វើការ​តវ៉ា​នៅ​មុខ​ក្រសួង​សាធារណការ​កាលពី​ម្សិលមិញ​។ ហុង មិនា

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ដែល​បាន​សិក្សា​លើ​ផលប៉ះពាល់​នៃ​ផ្លូវ​​អាកាស​ល្បឿន​លឿន​នៅ​រាជធានី​ភ្នំពេញ​បាន​​ឲ្យ​ដឹង​ថា​តាម​ការ​សិក្សា​ជា​បឋម​មាន​ប្រជាពលរដ្ឋ​ជាង ១ ​ពាន់​​គ្រួសារ​​ដែល​អាច​រង​​ផលប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ​ផ្លូវ​ល្បឿន​​លឿន​​នោះ​ហើយ​ការ​ចំណាយ​សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​​នឹង​មាន​ទំហំ​ធំ​ដែល​ភាគី​ក្រុមហ៊ុន​ហឺណាន​អាច​មាន​លទ្ធភាព​វិនិយោគ​ផ្លូវ​ច្រើន​ជាង​ក្រុមហ៊ុន​ពីរ​ទៀត​ដែល​បាន​ស្នើ។

យោង​តាម​​លិខិត​របស់​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​លោក គាត ឈន់ ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្តី​ពី​ការ​​បង្កើត​ក្រុម​ការងារ​សិក្សា​លើ​គម្រោង​​វិនិយោគ​សាងសង់​ផ្លូវអាកាស​ល្បឿន​លឿន​កាលពី​ថ្ងៃ​ទី​ ២៨ ខែ​មករា​ដែល​តំណាង​ពលរដ្ឋ​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​​ឲ្យ​ដឹង​ថា​មាន​ក្រុមហ៊ុន​ចំនួន​ ៣ ដែល​បាន​ស្នើ​សុំ​​វិនិយោគ​ផ្លូវ​អាកាស​ល្បឿន​លឿន​នោះ​រួម​មាន​ក្រុមហ៊ុន OCIC ក្រុមហ៊ុន​វាយ​​តម្លៃ​គម្រោង​​គមនាគមន៍​ និង​វិទ្យាស្ថាន​រចនា​ប្លង់​នៃ​ខេត្ត​ហឺណាន (ហៅ​​ក្រុមហ៊ុន​ហឺណាន) និង​ក្រុមហ៊ុន Hohibbah ។

ក្នុង​លិខិត​នោះ​បាន​បង្ហាញ​​​ថា​គម្រោង​​របស់​​ក្រុមហ៊ុន​ហឺណាន​គ្រោង​​​នឹង​​សង់​ផ្លូវ​ល្បឿន​លឿន​​ប្រវែង​ជិត ១០ ​គីឡូម៉ែត្រ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដោយ​មាន​ទទឹង​ផ្លូវ​ ២០ ​ម៉ែត្រ​កម្ពស់​ពី​ដី​ ៩ ម៉ែត្រ​ចំណាយ​ទុនវិនិយោគ​ និង​ទុន​ដោះស្រាយ​ផលប៉ះពាល់​សរុប​ជិត​ ២៦០ លាន​ដុល្លារ​ក្នុង​នោះ​ថ្លៃ​សំណង់​ជិត​​ ១៩៧ ​លាន​ដុល្លារ។ ចំណែក​គម្រោង​របស់​ក្រុមហ៊ុន OCIC នឹង​សង់​ផ្លូវ​ល្បឿន​​​លឿន​ប្រវែង ១៣,៥ ​គីឡូម៉ែត្រ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ឆ្ពោះ​ទៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ-ផ្លូវ​ក្រវាត់​ក្រុង​ដោយ​​មាន​ទទឹង​ផ្លូវ​សរុប​ ១៩,៣ ​ម៉ែត្រ​កម្ពស់​ពី​ដី​ ៥ ​ម៉ែត្រ​ចំណាយ​ទុន​វិនិយោគ ២១៥ ​​លាន​​ដុល្លារ​ និង​ថ្លៃ​​ត្រៀម​ដោះស្រាយ​ផលប៉ះពាល់ ៥ លាន​ដុល្លារ។ ដោយ​ឡែក​ក្រុមហ៊ុន Hohibbah នៅ​កំពុង​​ពិចារណា​ព្រោះ​កន្លង​មក​ក្រុមហ៊ុន​នេះ​មិន​​​ដែល​បាន​បំពេញ​កាតព្វកិច្ច​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​គម្រោង​វិនិយោគ​ទេ។

លិខិត​ដដែល​បាន​បន្ត​ថា​ក្រៅពី​ការ​សិក្សា​លើ​បច្ចេកទេស​ការ​ដោះស្រាយ​ផលប៉ះពាល់​គួរ​ត្រូវ​ធ្វើ​​ស្រប​តាម​ស្តង់ដារ​​របស់​ធនាគារ ADB ដែល​ធា្លប់​​បាន​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​ស្តារ​ឡើង​វិញ​ផ្លូវ​ដែក​​កម្ពុជា​កន្លង​មក ឬ​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ​។ ក្នុង​ករណី​នេះ​រាជរដ្ឋាភិបាល​​ត្រូវ​រៀបចំ​ទីតាំង​ថ្មី​សម្រាប់​ការ​តាំង​លំនៅ​ឡើង​វិញ​​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ទាំងអស់​ដែល​ត្រូវ​​រុះរើ​ចេញ​ពី​ទីតាំង​គម្រោង​ដែល​ទីតាំង​ថ្មី​នោះ​នៅ​មិន​ឆ្ងាយ​​ពី​ទីតាំង​ចាស់​​​មិន​លើស​ពី​ ៥ ​គីឡូម៉ែត្រ និង​ត្រូវ​មាន​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។ តាម​​លទ្ធផល​នៃ​ការ​សិក្សា​បឋម​មាន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ជាង ១ ពាន់​គ្រួសារ។

លិខិត​បាន​បញ្ជាក់​ថា​ «​ដោយ​សារ​គម្រោង​នេះ​មាន​សារៈសំខាន់​ខ្លាំង​ហើយ​ថវិកា​សម្រាប់​​ដោះស្រាយ​ផលប៉ះពាល់​ក៏​មាន​ទំហំ​ធំ​អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​ថា​ថវិកា​ដោះស្រាយ​ផលប៉ះពាល់​គួរ​បញ្ចូល​ក្នុង​កញ្ចប់​ថវិកា​គម្រោង​តែ​ម្តង​ហេតុ​ដូច​​នេះ​ភាគី​ក្រុមហ៊ុន​ហឺណាន​អាច​​​មាន​លទ្ធភាព​ច្រើន​ជាង»។

លិខិត​នេះ​ត្រូវ​​បាន​​ក្រសួង​​ចម្លង​ជូន​តំណាង​ប្រជាពលរដ្ឋ​នៅពេល​ដែល​​​ពួកគាត់​​​ជាង​​ ១០០ ​​​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ ៨ ​​សហគមន៍​រស់​នៅ​តាម​​​បណ្តោយ​​​ផ្លូវ​​រថភ្លើង​បាន​ទៅ​ប្រមូល​ផ្តុំ​នៅ​​មុខ​​​ក្រសួង​​​សាធារណការ​ជាថ្មី​ទៀត​កាលពី​ថ្ងៃ​ម្សិលមិញ​ស្នើ​ឲ្យ​បង្កើត​​វេទិកា​​សាធារណៈ ​និង​​​​បញ្ចូល​​​តំណាង​​សហគមន៍​ទៅ​​​ក្នុង​គណៈកម្មការ​រៀបចំ​វេទិកា និង​​គណៈកម្មការ​រៀបចំ​យន្តការ​ដោះស្រាយ​ផលប៉ះពាល់​គម្រោង​នេះ។

តំណាង​ពលរដ្ឋ​លោក នូ សារិន បាន​ឲ្យ​ដឹង​ថា​តាម​ការ​ប្រជុំ​ពី​សហគមន៍​គឺ​មាន​ជម្រើស​​ពីរ​ដែល​ពួកគាត់​ស្នើសុំ​ទី​ ១ ​​ធ្វើការ​អភិវឌ្ឍ​​នៅ​នឹង​កន្លែង និង​ទី​ ២ ស្នើសុំ​ទីតាំង​ថ្មី​ដែល​មាន​ចម្ងាយ​​មិន​លើស​ពី​ ៥ គីឡូម៉ែត្រ​ពី​ទីតាំង​​ចាស់​ដោយឡែក​សម្រាប់​ការ​ផ្តល់​ជា​សំណង​វិញ​គឺ​ប្រជាពលរដ្ឋ​មិន​ទទួល​យក​បាន​​ទេ។ ​លោក​ថា «បើ​​តាម​គម្រោង​​​ទឹកប្រាក់​សំណង​នេះ​ខ្ញុំ​គិត​ថា​ប្រហែល​មិន​អាច​គ្រប់គ្រាន់​ទេ​បើ​គិត​ថា​អាច​ប៉ះពាល់​ជាង​ ១ ពាន់​គ្រួសារ​ក៏​ខ្ញុំ​មិន​អាច​ដឹង​ដែរ​ព្រោះ​បច្ចុប្បន្ន​នេះ​សូម្បី​គម្រោង​​ប៉ុន្មាន​ម៉ែត្រ​ក៏​មិន​ដឹង​ដែរ​ហើយ​បើ​តាម​មើល​គម្រោង​របស់​ក្រុមហ៊ុន​ហឺណាន​កន្លង​មក​ដែល​គិត​ពី​ស្ថានីយ​ចាស់​ដល់​ពោធិ៍ចិនតុង​គឺ​ពលរដ្ឋ​ប៉ះពាល់​ច្រើន​ជាង​ហ្នឹង​អ៊ីចឹង​ហើយ​​បាន​​យើង​សុំ​ឲ្យ​ក្រសួង​បង្ហាញ​ព័ត៌មាន​ហ្នឹង​មក​ដើម្បី​យើង​ងាយស្រួល​ស្រង់​ទិន្នន័យ​បងប្អូន​ដែល​រង​ផលប៉ះពាល់»។

តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​អ្នកស្រី មាស ស្រីមុំ បាន​បង្ហាញ​​ការ​​ខក​ចិត្ត​ដែល​ក្រសួង​បំពាន​ការ​សន្យា​ម្តង​​​ហើយ​ម្តង​ទៀត​ពី​ការ​ធ្វើ​វេទិកា​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​​តែ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​នៅ​ឡើយ។ អ្នកស្រី​ថា «អាជ្ញាធរ​មូលដ្ឋាន​គាត់​បិទបាំង​ព័ត៌មាន​គាត់​មិន​ដែល​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​ទេ​ធ្វើឲ្យ​យើង​ខ្ញុំ​​ជួប​​​ភាព​ភ័យខ្លាច​​ពី​ការ​បាត់បង់​​លំនៅឋាន»។

ក្រុម​ប្រជាពលរដ្ឋ​បាន​ព្រមាន​​ថា​ពួកគេ​នឹង​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិន​បើ​ក្រសួង​មិន​អាច​ផ្តល់​ព័ត៌មាន​បាន​ពី​ការ​ស្នើសុំ​ធ្វើ​វេទិកា​សាធារណៈ​ក្នុង​រយៈពេល ២ សប្តាហ៍​ទៀត​នោះ​។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ដែល​ប្រជុំ​ជាមួយ​​ប្រជាពលរដ្ឋ​មិន​អាច​​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

ប៉ុន្តែ​លោក លី បូរិន អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​បាន​ថ្លែង​ថា​ក្រសួង​បាន​ដាក់​លិខិត​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កាលពី​សប្តាហ៍​មុន​ជុំវិញ​កង្វល់​របស់​ប្រជាពលរដ្ឋ​ និង​ការ​ស្នើ​សុំ​ធ្វើ​វេទិកា​សាធារណៈ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ផ្លូវអាកាស​ល្បឿន​លឿន​នេះ។ លោក​ថា «យើង​បាន​សុំ​អនុសាសន៍​ពី​​សម្តេច​​​ហើយ​ពេល​លោក​ឯកភាព​យើង​នឹង​ជ្រើសរើស​ថ្ងៃ​ធ្វើ​វេទិកា​​​ហ្នឹង​​ភ្លាម​តែ​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​យើង​នៅ​តែ​ធ្វើ​គ្រាន់តែ​យើង​នៅ​មិន​ទាន់​ជ្រើសរើស​ក្រុមហ៊ុន​ហើយ​គម្រោង​​ចាប់ផ្តើម​​ធ្វើ​​ថ្ងៃ​ណា​យើង​នៅ​មិន​ទាន់​​មាន​ព័ត៌មាន​នៅ​ឡើយ»។

ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​លោក សៀ ភារម្យ បាន​សម្តែង​ការ​សោកស្តាយ​ដែល​ក្រសួង​មិន​អាច​បើក​​វេទិកា​សាធារណៈ​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បាន​ដោយ​ត្រូវ​រង់ចាំ​ចំណារ​ពី​នាយក​រដ្ឋមន្ត្រី​ជា​មុន​សិន​ដែល​​ករណី​នេះ​បង្ហាញ​ពី​ភាព​កម្សោយ​​របស់​ក្រសួង​​។ លោក ភារម្យ​ បាន​​ជំរុញ​ឲ្យ​ក្រសួង​រៀបចំ​វេទិកា​សាធារណៈ​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​ជូន​ប្រជាពលរដ្ឋ​បាន​ដឹង​​ពី​​គម្រោង​​​អភិវឌ្ឍន៍​នេះ​៕