ទស្សនៈ​អ្នក​ដំណើរ​លើ​ប្រតិបត្តិការ​រថភ្លើង​សាកល្បង

ប្រភព ៖ វិទ្យុអាសុី សេរី / ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នំាំ២០១៦, ដោយ ចេង ម៉េងជូ

2bee5c4b-9e1b-4c39-bed0-67f6797507ad

អ្នកដំណើរធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។

នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ការធ្វើដំណើរតាមរថភ្លើងជាជម្រើសថ្មីមួយសម្រាប់អ្នកធ្វើដំណើរពី ភ្នំពេញ ទៅខេត្តព្រះសីហនុ ឬពីខេត្តព្រះសីហនុ មកភ្នំពេញ។

អ្នកធ្វើដំណើររាប់រយនាក់បានសាកល្បងមធ្យោបាយធ្វើដំណើរថ្មីនេះ តាំងពីថ្ងៃដំបូងមក ហើយសេវាកម្មក្នុងប្រតិបត្តិការសាកល្បងនេះ ទទួលបានទាំងការសាទរ ទាំងមតិរិះគន់។

ក្រោយពីផ្អាកដំណើរការអស់ប្រហែល ១៤ឆ្នាំមក ខ្សែរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រះសីហនុ បានដំណើរការឡើងវិញ ជាប្រតិបត្តិការសាកល្បងរយៈពេល ៩ថ្ងៃ ចំពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ប្រតិបត្តិការសាកល្បងនេះ ចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមេសា ចុងសប្ដាហ៍នេះ ដោយចាប់ផ្ដើមចេញដំណើររៀងរាល់ម៉ោង ៧ព្រឹក ហើយប្រើពេល ៨ម៉ោង លើចម្ងាយផ្លូវសរុបជាង ២៦០គីឡូម៉ែត្រ។

នៅថ្ងៃដំបូង និងថ្ងៃបញ្ចប់នៃការរត់សាកល្បង មានរថភ្លើងរត់តែមួយខ្សែប៉ុណ្ណោះ។ ដោយឡែកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា មានរថភ្លើងចំនួនពីរខ្សែ គឺរត់ពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ មកភ្នំពេញ វិញ ចាប់ផ្ដើមចេញដំណើរនៅម៉ោង ៧ព្រឹកព្រមៗគ្នា។

ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railways) លោក ទិត្យ សំអឿន ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែមេសា ថា ចាប់តាំងពីថ្ងៃទី៩ ដែលជាថ្ងៃដំណើរការដំបូងមក ខ្សែរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុ តែងតែទទួលបានអតិថិជនពេញៗទូជារៀងរាល់ថ្ងៃ៖ «ចាប់ពីថ្ងៃ៩ មកដល់ថ្ងៃនេះ គឺទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ គឺពេញរហូត។ និយាយទៅគឺកម្រិតដែលយើងទទួលបាន maximum (អតិបរមា) គឺពេញ។ អត់មានធ្លាក់ចុះធ្លាក់អីទេ គឺថេរ។ ដូចឃើញស្រាប់គឺពេញគ្រប់ទូ»

រថភ្លើងដឹកអ្នកដំណើរដែលដាក់ឲ្យដំណើរការសាកល្បងនេះ មាន ៥ខ្សែ ក្នុងមួយខ្សែៗមានបីទូ អាចផ្ទុកអ្នកដំណើរបានជិត ២០០នាក់ បើកបរក្នុងល្បឿនជាមធ្យមពី ៣០ ទៅ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។

មុននឹងទៅដល់ខេត្តព្រះសីហនុ រថភ្លើងឈប់នៅស្ថានីយចំនួនពីរគឺស្ថានីយខេត្តតាកែវ និងខេត្តកំពត ឈប់ម្ដងក្នុងរយៈពេលប្រហែល ១៥នាទី។ សំបុត្រសម្រាប់អ្នកជិះរថភ្លើងពីភ្នំពេញ ទៅតាកែវ មានតម្លៃ ៣ដុល្លារ ភ្នំពេញ-កំពត ៥ដុល្លារ ហើយពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានតម្លៃ ៦ដុល្លារ។

ម៉ោង ៩ព្រឹក រថភ្លើងទៅដល់ស្ថានីយក្រុងដូនកែវ ខេត្តតាកែវ ហើយនៅម៉ោង ១២ថ្ងៃត្រង់ រថភ្លើងទៅដល់ស្ថានីយខេត្តកំពត។ ស្ថានីយទាំងពីរនេះនៅមិនទាន់មានលក់ចំណីអាហារច្រើននៅឡើយទេ។

នៅពេលរថភ្លើងឈប់នៅស្ថានីយខេត្តកំពត ចំពេលបាយថ្ងៃត្រង់ អ្នកដំណើរខ្លះបានយកបាយម្ហូបដែលពួកគេវេចពីភ្នំពេញ មកបរិភោគនៅលើរថភ្លើង រីឯអ្នកដំណើរខ្លះទៀតទិញនំចំណីដែលគេលក់នៅលើរថភ្លើងនោះមកពិសា។

នៅពេលព្រះអាទិត្យចាប់ផ្ដើមឡើងកម្ដៅខ្លាំងនៅពេលថ្ងៃត្រង់ អ្នកដំណើរក្មេងចាស់ប្រុសស្រីក៏ចាប់ផ្ដើមរអ៊ូរទាំ ដៃទាញផ្លិតយកមកបក់ អ្នកខ្លះក៏បើកបង្អួច អ្នកខ្លះក៏ដើរចេញមកទៅខាងក្រៅទូរថភ្លើងដើម្បីស្រូបយកខ្យល់ ធម្មជាតិ ព្រោះម៉ាស៊ីនត្រជាក់បំពាក់ក្នុងទូរថភ្លើងមិនអាចទប់ទល់នឹងកម្ដៅ ថ្ងៃបានទៀតឡើយ។

ក្រៅពីរឿងកម្ដៅ បញ្ហាមួយទៀតដែលអ្នកដំណើរមួយចំនួនខកចិត្ត គឺពាក់ព័ន្ធនឹងទីតាំងអង្គុយ។ អ្នកដំណើរមួយចំនួនក្នុងដៃមានលេខកៅអីដូចគ្នា។ អ្នកខ្លះមិនមានទីតាំងអង្គុយ អ្នកខ្លះទៀតត្រូវផ្ទេរពីកៅអីមួយទៅកៅអីមួយ តាមការចាត់ចែងរបស់បុគ្គលិកក្រុមហ៊ុន។

លោក ឡុង ស៊ីដានី ជាអ្នកដំណើរម្នាក់ដែលមិនមានកៅអីអង្គុយ។ លោកបានទិញសំបុត្រតាំងពីថ្ងៃទី១១ ខែមេសា មក។ ទោះយ៉ាងណា លោកសប្បាយចិត្តដែលបានសាកល្បងសេវាកម្មរថភ្លើងនេះ៖ «ខ្ញុំមកដល់ កន្លែងភ្លាម រកកន្លែងអង្គុយអត់មាន។ មើលទៅពេញណែនតែម្ដង។ ខ្ញុំកក់សំបុត្រខ្ញុំនៅកន្លែង C2 បែរជាមកអង្គុយនៅកន្លែងគេផ្សេង។ មើលទៅដូចរបៀបថា សំបុត្រជាន់គ្នាយ៉ាងម៉េច។ អ្នករៀបចំនៅកន្លែងហ្នឹងដូចជាពិបាក»

អ្នកដំណើរមួយរូបទៀត ដែលជួបប្រទះបញ្ហាដូចនឹងលោក ឡុង ស៊ីដានី ដែរ គឺលោក ណុប សឿន។ លោក ណុប សឿន ធ្លាប់ធ្វើដំណើរតាមរថភ្លើងកាលពីអំឡុងទសវត្សឆ្នាំ៨០ ហើយនៅថ្ងៃចូលឆ្នាំនេះ លោកមកប្រើប្រាស់ផ្លូវរថភ្លើងនេះម្ដងទៀតដើម្បីសាកល្បង៖ «ចង់ សាកល្បងមើលថា តើវាដំណើរការល្អជាងឡាន ឬក៏អត់។ កាលណាល្អមានសុវត្ថិភាពជាង យើងជិះអានេះហើយ។ ឡានលឿនមែនតែគ្រោះថ្នាក់ច្រើន។ អានេះសុវត្ថិភាពជាង។ សប្បាយដែរ ស្រួលជាងជិះឡាន ជិះឡានលឿនមែនតែពិបាកបន្តិច វាគ្មានពេលដេក បត់ជើងអី ដើរលេងតាមចិត្ត។ អានេះវាមិនយឺតពេកទេ វាល្មម។ តម្លៃប៉ុណ្ណឹងក៏សមរម្យដែរ។ ប៉ុន្តែគ្រាន់តែថា ដាក់កៅអី ដូចថា លេខ យើងទិញកន្លែងណាឲ្យបានកន្លែងហ្នឹងទៅ»

ឆ្លើយតបនឹងបញ្ហានេះ ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក ទិត្យ សំអឿន បកស្រាយថា នៅថ្ងៃទី១៣ ខែមេសា ដែលជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំ ចំនួនជាក់ស្ដែងនៃអ្នកដំណើរច្រើនជាងថ្ងៃមុនៗ ហើយច្រើនជាងចំនួនសំបុត្រដែលលក់បាន៖ «និយាយទៅកៅអី គឺពិបាកទីមួយ មានន័យថា ភ្ញៀវទាំងអស់ពួកគាត់បុក (សម្រុក) ពួកគាត់អត់ប្រាប់ថា ពួកគាត់មានក្មេង ឬមានកូនគាត់ធំល្មមមកទេ គឺគាត់បុកទិញតែសំបុត្រខ្លួនគាត់ទេ ហើយដល់ពេលមក គាត់មានក្មេងមានអីមក ដល់ពេលអ៊ីចឹង ក្រុមគ្រួសារខ្លះសុំថា ឲ្យកូនគាត់អង្គុយជាមួយគាត់អ៊ីចឹងទៅ។ ខ្លះគាត់សុខចិត្តឈរដើម្បីឲ្យក្មេង ឬអ្នកមានទម្ងន់អី គាត់បានអង្គុយស្រួល»

ក្រៅពីបញ្ហាទីតាំងអង្គុយ អ្នកដំណើរខ្លះស្នើឲ្យក្រុមហ៊ុនបង្កើនអនាម័យក្នុងបង្គន់ និងផ្ដល់ទីតាំងដាក់អីវ៉ាន់ឲ្យមានសណ្ដាប់ធ្នាប់ជាដើម។

អ្នកដំណើរមួយរូបដែលនាំគ្រួសារលោកមកសាកល្បងរសជាតិធ្វើដំណើរ តាមរថភ្លើងនេះ គឺលោក ផា នី។ លោក ផា នី លើកឡើងថា លោកនឹងកាន់តែពេញចិត្ត ប្រសិនបើរថភ្លើងអាចបរលឿនជាងនេះ៖ «ពាក់ព័ន្ធ នឹងល្បឿន បើសិនជាអាច លឿនជាងហ្នឹងតិចទៀតក៏ល្អដែរ ព្រោះអីរយៈពេលដែលយើងជិះហ្នឹង ចម្ងាយហ្នឹង ផ្លូវ ២០០គីឡូជាង ជិះយូរមកមែនទែនតែម្ដង។ អ៊ីចឹងអ្នកខ្លះអាចនឹងប្ដូរចិត្តលែងជិះវិញដោយសារវាយូរ»

ក្រោយពីធ្វើដំណើរអស់រយៈពេល ៨ម៉ោងកាត់ព្រៃ ភ្នំ វាលស្រែចម្ការ ផ្ទះអ្នកភូមិនៅតាមសងខាងផ្លូវ រថភ្លើងក៏បានមកដល់ស្ថានីយខេត្តព្រះសីហនុ នៅម៉ោង ៣រសៀលដូចការគ្រោងទុក។

ក្រោយចុះពីលើរថភ្លើង យុវតីមួយរូបឈ្មោះ ចាន់ ស្រីពៅ បានសម្ដែងក្ដីរីករាយ ដោយបានធ្វើដំណើរតាមរថភ្លើងជាលើកដំបូង ទោះបីមិនពេញចិត្តនឹងសេវាកម្មមួយចំនួនក្ដី៖ «មានអារម្មណ៍ថា សប្បាយ ប៉ុន្តែវាហត់បន្ដិច ព្រោះអីរថភ្លើងគេទើបតែអភិវឌ្ឍថ្មី អ៊ីចឹងម៉ាស៊ីនត្រជាក់គេក៏មិនសូវបានល្អ»។

យុវតី ស្រីពៅ ចង់ឲ្យក្រុមហ៊ុនកែលម្អនូវចំណុចខ្វះខាតមួយចំនួន៖ «ខ្ញុំ ចង់ឲ្យគាត់កែលម្អ ដូចជា បន្ទប់ទឹក ហើយម៉ាស៊ីនត្រជាក់ គេប្រើពាក្យថា វី.អាយ.ភី (VIP) ប៉ុន្តែវាអត់ដូចពាក្យ វី.អាយ.ភី។ ជិះទៅក្ដៅខ្លាំងមែនទែន ខ្ញុំទ្រាំអត់ចង់បាន ៨ម៉ោង ក្ដៅខ្លាំងតែម្ដង! ហើយជាមួយនឹងអនាម័យ ហើយនិងការយើងដាក់រនាបនៅខាងលើសម្រាប់ឲ្យយើងដាក់អីវ៉ាន់ ឬមួយអីក៏បានដែរ ឲ្យតែគេច្នៃមក ឲ្យយើងយកអីវ៉ាន់មក ដល់ដូចមានវ៉ាលីស៍អីអ៊ីចឹងទៅ យើងមានកន្លែងញាត់ កុំឲ្យយើងញាត់កន្លែងយើងអង្គុយ។ អង្គុយមកដល់ត្រូវគងយើង អ៊ីចឹងពិបាកអង្គុយណាស់»

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានសិទ្ធិវិនិយោគរយៈពេល ៣០ឆ្នាំពីរាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៩ ដើម្បីស្ថាបនាផ្លូវរថភ្លើងឡើងវិញ ខណៈផ្លូវរថភ្លើងទាំងពីរខ្សែដែលបន្សល់ទុកពីសម័យអាណានិគមបារាំង មក មានភាពទ្រុឌទ្រោមដោយសារសង្គ្រាម និងកង្វះការថែទាំ។ ក្រោយការវិនិយោគនោះមក ខ្សែរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុ ក៏បានចាប់ផ្ដើមដំណើរការឡើងវិញ ប៉ុន្តែប្រតិបត្តិការតែក្នុងការដឹកជញ្ជូនទំនិញប៉ុណ្ណោះ។

កាលពីថ្ងៃទី៩ ខែមេសា ជាថ្ងៃដំបូងនៃការសាកល្បងរថភ្លើងដឹកអ្នកដំណើរ នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក ចន ហ្គារី (John Guiry) លើកឡើងថា ក្រុមហ៊ុននឹងពិចារណាពង្រីកប្រតិបត្តិការបន្ថែមទៀតនៅពេលខាងមុខ ដរាបណាមានការគាំទ្រច្រើនពីអតិថិជន៕