រថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុនឹងចាប់ផ្តើមដាក់ឲ្យដំណើរការជាផ្លូវការបីថ្ងៃក្នុងមួយសប្តាហ៍

ប្រភព ៖ វិទ្យុបារំាងអន្តរជាតិ / ថ្ងៃសៅរិ៍ ទី២៣ ខែមេសា ឆ្នំា២០១៦

royal_railway

លោក ស៊ុន ចាន់ថុល និង គណៈប្រតិភូ ធ្វើដំណើរទស្សនកិច្ចស្ថានីយ៍រថភ្លើង

សេវារថភ្លើងដឹកអ្នកដំណើរទៅមក ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នឹងដំណើរការជាផ្លូវការ រយៈពេលបីថ្ងៃក្នុងមួយសប្តាហ៍ គឺជារៀងរាល់ថ្ងៃសុក្រ សៅរ៍ និង ថ្ងៃអាទិត្យ។ នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ។ សូមបញ្ជាក់ថា ការដាក់ឲ្យដំណើរការខ្សែរថភ្លើងឲ្យជាបន្តទៀតនេះ គឺធ្វើឡើងបន្ទាប់ ពីការដាក់ឲ្យសាកល្បងខ្សែរថភ្លើង អស់រយៈពេលប្រមាណជា ១០ ថ្ងៃ នៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និង ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កាលពីថ្ងៃទី ២២ មេសា បានជួបពិភាក្សាគ្នាអំពីការផ្តល់សេវាផ្លូវដែកពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ។  ជាលទ្ធផល នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ លោក John Guiry បានបញ្ជាក់ថា ខ្សែរថភ្លើងដឹកអ្នកដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នឹងដាក់ឲ្យដំណើរការបីថ្ងៃក្នុងមួយសប្តាហ៍ ពោលចាប់ថ្ងៃសុក្រ ដល់ ថ្ងៃអាទិត្យ។

ការធ្វើដំណើរចាកចេញពីស្ថានីយ៍អ្នកដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ក្នុងរយៈចម្ងាយប្រមាណជា ២៦៦ គីឡូម៉ែត្រ ដោយមានការឈប់សំចតនៅស្ថានីយ៍ចំនួនពីរក្នុងខេត្តតាកែវ និង កំពត ត្រូវបាន នាយកប្រតិបត្តិក្រុមហ៊ុន ឲ្យដឹងថា នឹងត្រូវចំណាយពេលប្រមាណ ជា ៧ ម៉ោង ទើបទៅដល់គោលដៅ និង សំបុត្ររថភ្លើងមានតម្លៃ ២៤០០០ រៀល។

ពាក់ព័ន្ធនឹងការធ្វើដំណើរដែលនឹងចំណាយពេលរហូតដល់ទៅ ៧ ម៉ោង លោក ស៊ុន ចាន់ ថុល បានស្នើឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ធ្វើការជាមួយក្រសួងក្នុងការកំណត់លទ្ធភាពនៃការបង្កើនល្បឿនមាន សុវត្ថិភាពដើម្បីកាត់បន្ថយពេលវេលានៃការធ្វើដំណើរ មកនៅត្រឹមប្រហែល៥ ម៉ោង។

ជាមួយគ្នានេះផងដែរ រដ្ឋមន្រ្តីក្រសួងសាធារណៈនិងដឹកជញ្ជូន ក៏បានស្នើឱ្យក្រុមហ៊ុន វាយតម្លៃលទ្ធភាពនៃការផ្តល់សេវាដឹករថយន្តផ្ទាល់ខ្លួនរបស់អ្នក ធ្វើដំណើរនៅលើរថភ្លើង ដើម្បីឱ្យអ្នកដំណើរអាចមានរថយន្តរបស់ពួកគេប្រើប្រាស់នៅពេលដល់ គោលដៅ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ មិនទាន់ឆ្លើយតបយ៉ាងណានោះទេ ប៉ុន្តែ លោក Guiry បានស្វាគមន៍គំនិតនេះ និងសន្យាថានឹងធ្វើការសិក្សាបន្ថែមទៀតដើម្បីពិនិត្យមើលលទ្ធភាព នេះ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ កាលម្សិលមិញ ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការស្តារឡើងវិញនូវផ្លូវរថភ្លើងភាគខាង ជើងពីរាជធានីភ្នំពេញទៅប៉ោយប៉ែតដើម្បីតភ្ជាប់ផ្លូវដែក ទៅកាន់ផ្លូវដែករដ្ឋនៃប្រទេសថៃ និង ការពិនិត្យ និងពន្លឿនការស្តារឡើងវិញនូវផ្លូវរថភ្លើងភាគខាងជើងនេះឲ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន។

គួរជម្រាបជូនផងដែរថា នៅថ្ងៃទី ៣០ មេសា ខាងមុខនេះ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងធ្វើដំណើរ តាមរថភ្លើង ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ។ នេះជាលើកទី១ហើយ សម្រាប់នាយករដ្ឋមន្រ្តី ធ្វើដំណើរតាមរថភ្លើង ក្រោយពីដាក់ឲ្យដំណើរការ នាពេលថ្មីៗនេះ៕