មិន​មាន​ការ​ផ្តល់​មូលនិធិ​អេឌីប៊ី​បន្ថែម​ដល់​គម្រោង​ផ្លូវ​ដែក​ដែល​ជាប់​គាំង​ទេ

ដោយ៖ហ្សមប៊រ ភីធឺរ៍, ខេមបូឌា ដេលី,  ថ្ងៃទី១១ខែមីនា ឆ្នាំ២០១៥

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​មក​ធ្វើ​ទស្សន​កិច្ច លោក តាកេហ៊ីកុ ណាកាវ (Takehiko Nakao) បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា នឹង​មិន​មាន​ប្រាក់​ថែមទៀត​ពី​ធនាគារ​នេះ​ដើម្បី​បញ្ចប់​គម្រោង​ដែល​ជាប់​ គាំង​និង​ក្ស័យធន ដើម្បី​ស្ថារ​បណ្តាញ​ផ្លូវ​ដែក​ចាស់​របស់​ប្រទេស​កម្ពុជា គឺ​គម្រោង​មាន​ទឹក​ប្រាក់​១៤២​លាន​ដុល្លារ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​ផ្តួចផ្តើម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ សំខាន់។

CD 003

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប្រើ​ប្រាក់​ភាគច្រើន​សម្រាប់​គម្រោង​នេះ។ រីឯ​ផ្លូវ​ភាគ​ខាង​ត្បូង​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ​កំពុង​ដំណើរការ​ នោះ កិច្ចការ​ភាគច្រើន​លើ​កំណាត់​ផ្លូវ​ដ៏​វែង ពី​រាជធានី​ដល់​ក្រុង​ប៉ោយប៉ែត​នៅ​ព្រំដែន​ថៃ មិន​ទាន់​ធ្វើ​នៅឡើយ​ទេ។ គេ​ប្រមាណ​ថា​ ត្រូវការ​យ៉ាងហោចណាស់​​ទឹក​ប្រាក់​៧៥​លាន​ដុល្លារ​ដើម្បី​ធ្វើ​បញ្ចប់​ផ្លូវ ​ដែក​មួយ​ខ្សែ​នេះ។

ប៉ុន្តែ​នៅ​ឯ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ អង្គារ លោក ណាកាវ បាន​មាន​ប្រសាសន៍​ថា ប្រាក់​នឹង​មិន​បាន​មក​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ចំណែក​នៅ​សេសសល់​នៃ​ហិរញ្ញវត្ថុ​របស់​យើង នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ថែទាំ​ផ្លូវ​ដែក​ដែល​មាន​ស្រាប់ គឺ​ផ្នែក​ភាគ​ខាង​ត្បូង​និង​ផ្នែក​ដែល​ជួស​ជុល​រួចរាល់​នៃ​ខ្សែ​ភាគខាង​ជើង។ នោះ​ជា​ស្ថាន​ភាព​បច្ចុប្បន្ន”។

លោក ណាកាវ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​ផែនការ​ណាមួយ ដែល​រដ្ឋាភិបាល​មាន​សម្រាប់​ការ​បញ្ចប់​ការងារ​ជាមួយ​នឹង​មូលនិធិ​ផ្សេងទៀត​ ទេ ហើយ​ថា គម្រោង​នោះ​មិន​ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុង​អំឡុង​ជំនួប​របស់​លោក​នៅ​ ថ្ងៃ​នោះ ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ផ្សេងទៀត​ទេ។

កាលពី​ខែ​ធ្នូ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បញ្ចេញ​ឲ្យដឹង​នូវ​ផែនការ​កម្ចី​រយៈ​ពេល​ប្រាំ​ឆ្នាំ​សម្រាប់​ប្រទេស​ កម្ពុជា មាន​ទឹកប្រាក់​៨០០​លាន​ដុល្លារ ក្នុង​នោះ​មាន​ទាំង១៤៨​លាន​ដុល្លារ​សម្រាប់​គម្រោង​ពាណិជ្ជកម្ម​និង​ដឹក​ ជញ្ជូន។ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស ​លោក អេរិក ស៊ិដវិក ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​អង្គារ​ដែរ បាន​មាន​ប្រសាសន៍​ថា មិន​មាន​ថវិកា​នឹង​ត្រូវ​ចំណាយ​លើ​ការ​បញ្ចប់​គម្រោង​ផ្លូវដែក​ទេ ពីព្រោះ​រដ្ឋាភិបាល​មិន​បាន​ស្នើ​សុំ។

លោក ស៊ិដវិក មាន​ប្រសាសន៍​ថា “យើង​មិន​​បាន​ទទួល​សំណើ​ពី​រដ្ឋាភិបាល​ទេ។ ដូច្នេះ​ពេល​ដែល​អ្នក​ឃើញ​ផ្លូវ​ដឹក​ជញ្ជូន គឺ​ទឹក​ប្រាក់​១៤៨​លាន​ដុល្លារ​សម្រាប់គម្រោង​នោះ ទាំង​នេះ​គឺ​សម្រាប់​គម្រោង​ដែល​បាន​ពិភាក្សា​គ្នា​រួច​ហើយ​ជាមួយ​ រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ត្រូវ​ការ​សម្រាប់​គម្រោង​ទាំង​នេះ។ ដូច្នេះ​រហូត​ដល់​ពេល​នេះ យើង​មិន​បាន​ទទួល​សំណើ​ណាមួយ​សម្រាប់​គម្រោង​នោះ​ទេ”។

គម្រោង​ផ្លូវ​ដែក​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិ​ មនុស្ស​ជាច្រើន​ទាក់ទិន​នឹង​ប្រជាពល​រដ្ឋ​៤.០០០​គ្រួសារ ដែល​បាន​បាត់បង់​ទាំង​អស់​ឬ​មួយ​ផ្នែក​នៃ​ដី​ធ្លី​របស់​ខ្លួន​នៅ​តាម​បណ្តោយ ​ផ្លូវ​ដែក ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវ​ដែក។

បន្ទាប់ពី​ធ្វើ​ការ​វាយ​តម្លៃ​ឯករាជ្យ​មួយ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាលពី​ឆ្នាំ​មុន​បាន​ទទួល​ស្គាល់​ការ​មាន​កំហុស​ដ៏​ ធំ​ក្នុង​ការ​រៀបចំ​និង​អនុវត្ត​គម្រោង​នេះ ជា​កំហុស​ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​ជាច្រើន​ដែល​បាន​បាត់​បង់​ដី​ធ្លី​ កាន់តែ​ធ្លាក់​ខ្លួន​ក្រីក្រ​ទៅៗ ដែល​ជា​ការ​បំពាន​គោល​នយោបាយ​ធនាគារ​នោះ។ ក្រោម​ផែនការ​ជំនួយ​សម្រេច​ដោយ​រដ្ឋាភិបាល​នោះ គ្រួសារ​ទាំង​នោះ​មាន​ឈ្មោះ​ទទួល​សំណង​បន្ថែម​ដើម្បី​ប៉ះប៉ូវ​ការ​ខាតបង់​ របស់​ខ្លួន។

លោក ណាកាវ ដែល​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ បាន​មាន​ប្រសាសន៍​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កំពុង​ធ្វើការ​សម្រេច​ថាតើ​ត្រូវ​ផ្តល់​សំណង​បន្ថែម ​របៀបណា​នៅ​ឡើយ។

ជម្រើស​មួយ​ដែល​ធនាគារ​នេះ​កំពុង​ពិចារណា ហើយ​ក៏​ត្រូវ​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ដែរ​នោះ គឺ​ត្រូវ​ផ្តល់​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ថែម​ទៀត​ដល់​គ្រួសារ​ដែល​ត្រូវ​គេ ​បង្ខំ​ឲ្យ​ចាក​ចេញ​ធ្វើ​ឲ្យ​មាន​​បំណុល​ថ្មី ដោយសារតែ​ការ​បណ្តេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ៕ និត

Advertisements

ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​សាង​សង់​ផ្លូវ​ដែក​កំពុង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​កើត​​​ភូមិ​គ្រឹះ​សម្តេច​ហ៊ុន សែន

ដោយ៖ផ្កាយព្រឹក, កោះសន្ដិភាព,ថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈ ២០១៥

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ នេះ​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​​ប៉ះ​ពាល់​ដោយ​សារ​ការ​សាង​សង់​ផ្លូវ​ដែក​ប្រមាណ​ជាង​៤០​នាក់​បាន​និង​កំពុង​​ប្រមូល​ផ្តុំ​​គ្នា​តវ៉ា​នៅ​​ចំណុច​ក្បែរ​ធនា​គារ​ADB ខាង​កើត​​ភូមិ​គ្រឹះ​សម្តេច​ហ៊ុន​ សែន ដោយ​មាន​លើក​បដា និង​ស្រែក​តាម​មី​ក្រូ​​​ទាម​ទារ​ឱ្យ​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី​ (ADB)ដែល​ទទួល​សាង​សង់​ផ្លូវ​នេះ​ផ្អាក​គម្រោង​សាង​សង់​ផ្លូវ​ដែក​សិន​ និង​សិក្សា​ពី​ផល​ប៉ះ​ពាល់​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ជាមុន​សិន​។

ពេល​នេះ​គេ​មិន​ទាន់​ឃើញ​ខាង​ធនា​គារ​ចេញ​មក​​​​​​​អន្តរា​គមន៍​នៅ​ឡើយ​ ហើយ​ការ​តវ៉ា​នេះ​ធ្វើ​ឡើង​ដោយ​​មិន​មានការ​បង្ក្រាប​ពី​អាជ្ញា​ធរ​ទេ​៕

 

ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ទាមទារ​ឲ្យ​ADB​ផ្ដល់ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​តាម​ការសន្យា​​

ដោយ៖ណាត សុភាព, ភ្នំពេញប៉ុស្ដិ៍ុំ,ថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈ ២០១៥

VOD 002

ប្រជាសហគមន៍​ផ្លូវ​រថភ្លើង​តវ៉ា​មុខ​ធនាគារ​អភវឌ្ឍន៍​អាស៊ី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (រូបភាព៖ កាន់ វិច្ឆិកា)

ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​មាន​គ្នា​ប្រមាណ​៦០​នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​មុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ដើម្បី​ទាមទារ​ឲ្យ​ធនាគារ​នេះ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​​ផ្លូវ​រថភ្លើង​​តាម​ការ​សន្យា ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ។​

​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ ធនាគារ ADB បាន​សន្យា​ជាមួយ​ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​មករា ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ។​

​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ធ្វើ​ការតវ៉ា​នៅ​ព្រឹក​នេះ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ADBមិន​បានរៀបចំឲ្យ​មាន​កិច្ច​ប្រជុំ​​ផ្ដល់​ព័ត៌មាន​ដូច​ការសន្យា​ទេ ដោយ​មន្ត្រី​នៅ​ធនាគារ​នេះ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា មន្ត្រី​បរទេស​ដែល​ទទួល ខុសត្រូវ​លើ​កិច្ចការ​នេះ​ត្រូវមាន​ភារៈកិច្ច​ទៅ​ក្រៅប្រទេស ។​

​ពលរដ្ឋ​ឲ្យដឹង​ទៀតថា រហូតមកដល់​ពេលនេះ ពួកគេ​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​ពីADB ​នៅឡើយ ទើប​ពួកគេ​នាំគ្នា​ធ្វើ​ការតវ៉ា​ជាថ្មី ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ ផ្តល់​ព័ត៌មាន​ឲ្យបាន​ជាក់លាក់ពី​ចំនួន​ម៉ែត្រ​ដែល​ត្រូវ​កំណត់​ចេញពី​ផ្លូវ​រថភ្លើង​ទៅ​ផ្ទះ​របស់​ពួកគេ ខណៈ​ពួកគេ​ព្រួយបារម្ភ​ពី​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ។​

​សហគមន៍​ទាំងនោះ​រួមមាន សហគមន៍​ភូមិ​២ ភូមិ​១៧ ភូមិ​១០៤ ភូមិ​១០៥ ភូមិ​២៣ សហគមន៍​រួមចិត្ត​តែមួយ និង​សហគមន៍​អភិវឌ្ឍន៍​ថ្មី​ជាដើម ។​
​ក្រុម​ប្រជា​សហគមន៍​បាន​ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​ពួកគេ​នៅតែ​មិន​ទទួលបាន​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​សាងសង់​ផ្លូវ​រថ​ភ្លើង​នេះ ។​

​ភ្លាមៗ​នេះ VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​បាន​នៅឡើយ​ទេ ។​

​គួរបញ្ជាក់​ថា ក្រុមហ៊ុន Toll Royal Railway និង​ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង  បាន​ទទួល​គម្រោង​សាងសង់​បណ្ដាញ​ផ្លូវដែក​កម្ពុជា ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​២​ខ្សែ គឺ​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ  និង​ពី​ភ្នំពេញ​ទៅ​បន្ទាយមានជ័យ ។ គម្រោង​សាងសង់​ផ្លូវដែក​នេះ បាន​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៣០០០​គ្រួសារ ។​

​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រុមហ៊ុន Toll Group ប្រកាសថា​បាន​លក់​ភាគហ៊ុន​៥៥​ភាគរយ​របស់ខ្លួន​នៅក្នុង​គម្រោង​សម្បទាន​ក្រុមហ៊ុន Toll Royal Railway ឲ្យទៅ Royal Group  របស់លោក គិត ម៉េង ដោយ​អះអាង​ថា មូលហេតុ​នៃ​ការសម្រេចចិត្ត​ដកខ្លួន​ចេញ ដោយសារ​ប្រាក់ចំណូល​ដែល​ទទួលបាន កាន់តែ​ទាប​ជាង​ការរំពឹងទុក រួម​ទាំង​ការបរាជ័យ និង​ការពន្យារពេល​ក្នុង​ការងារ​កែលម្អ​ផ្លូវដែក ៕

VOA 003

 

 

ADB សន្យា​ផ្តល់​ព័ត៌មាន​ទៅ​ប្រជា​សហគមន៍​ស្តី​ពី​ការសង់​ផ្លូវ​រថភ្លើង​នៅ​ដើម​សប្តាហ៍​ក្រោយ​​

ដោយ៖ណាត សុភាព,VOD សំឡេងប្រជាធិបតេយ្យ,  ថ្ងៃទី១៦ខែមករា ឆ្នាំ២០១៥

adb_citizen_protest_150116_-sopheap--2015-01-16

ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​នៅ​ថ្ងៃ​សុក្រ​នេះ សន្យា​ជាមួយ​ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០​សប្តាហ៍​ក្រោយ​ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ ។​

ការសន្យា​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​ចំនួន​៨ និង​មាន​អ្នកចូលរួម​ប្រមាណ​៥០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​ធានា​គារ​អភិវឌ្ឍន៍អាស៊ី​នៅ​ព្រឹក​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ ផ្តល់​ព័ត៌មាន​ឲ្យបាន​ជាក់លាក់ ពី​ចំនួន​ម៉ែត្រ​ដែល​ត្រូវ​កំណត់​ចេញពី​ផ្លូវ​រថភ្លើង​ទៅ​ផ្ទះ​របស់​ពួកគេ ខណៈ​ពួកគេ​ព្រួយបារម្ភ​ពី​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ។ សហគមន៍​ទាំងនោះ​រួមមាន សហគមន៍​ភូមិ​២ ភូមិ​១៧ ភូមិ​១០៤ ភូមិ​១០៥ ភូមិ​២៣ សហគមន៍​រួមចិត្ត​តែមួយ និង​សហគមន៍​អភិវឌ្ឍន៍​ថ្មី​ជាដើម ។​

ខណៈ​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​នេះ មន្ត្រី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ម្នាក់​សន្យា​ជាមួយ​តំណាង​ប្រជា​សហគមន៍ ទាំងនោះ​ថា និង​ផ្តល់​ព័ត៌មាន​នៅ​ថ្ងៃ​២០ ខែ​មករា​នេះ ។​

​អ្នកស្រី នី សន្តោស តំណាង​ប្រជា​សហគមន៍​ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ដែល​ជួប មន្ត្រី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​ផ្ទាល់ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​មុខ​ធានា​គារ​នោះ​ថា មូលហេតុ​ដែល​ពួកគេ​មក​ធានា​គារ គឺ​ដើម្បី​ឲ្យ​មន្ត្រី​ស្ថាប័នេះ​ផ្តល់​ព័ត៌មាន​ជុំវិញ​ការសង់​ផ្លូវ​រថភ្លើង​ឲ្យបាន​ច្បាស់ ជៀសវៀង​មាន​បញ្ហា​ប្រឈម​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​នៅ​ថ្ងៃ​ខាង​មុខ ។ អ្នកស្រី​ថា «​យើង​ចង់​ដឹង​ព័ត៌មាន​ពិត​ពី​ការអភិវឌ្ឍ​គម្រោង​ផ្លូវ​ដែក​ហ្នឹង ប៉ះពាល់​ក្នុងអំឡុង​ប៉ុន្មាន​ម៉ែត្រៗ ឲ្យ​យើង​មាន​ព័ត៌មាន​ច្បាស់​ជា​ក់លាក់​ក្នុង​ចិត្ត ដើម្បី​ឲ្យ​ពួក​យើង​អស់​សង្ស័យថា ឥឡូវ​វា​ប៉ះប៉ុន​នេះហើយៗ​ពិតប្រាកដ​មក មិន​ចង់ឲ្យ​មាន​ម្តង​៣,៥​ម៉ែត្រ ម្តង​១០​ម៉ែត្រ ម្តង​២០​ម៉ែត្រ​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ ប៉ុន្តែ​យើង​ក៏​សង្ឃឹម​ថា ប្រហែល​យើង​អាច​នឹង​ជួប​គ្នា​ដោយ​ជោគជ័យ ដោយសារ​យើង​ក៏​មិន​ចង់​ឲ្យ​វា​មាន​ភាព បាត់​កម្ម​អ្វី​ច្រើន​ដែរ​» ។​

​តំណាង​សហគមន៍​អភិវឌ្ឍន៍​ថ្មី លោក អ៊ឺង សំបូរ ថ្លែង​នៅ​កន្លែង​ប្រមូលផ្តុំ​នោះ​ថា លោក​ស្នើ​ឲ្យ​ធានា​គារ​អភិវឌ្ឍន៍អាស៊ី​កំណត់​ថ្ងៃ​ប្រជុំ​សាធារណៈ នៅ​ថ្ងៃ​២៣ ខែ​មករា​នេះ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដូចជា តំណាង​ក្រុមហ៊ុន Toll Group ក្រុមហ៊ុន Royal Group តំណាង​ប្រជា​សហគមន៍ សង្គម​ស៊ីវិល​ជា​អ្នកបកប្រែ អ្នកបច្ចេកទេស​ថត​វី​ឌី​អូ និង​ភាគី​(ADB)​ ។

លោក អ៊ឺង សំបូរ ព្រមាន​ថា បើ​ធានា​គារ​អភិវឌ្ឍន៍អាស៊ី​មិន​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ប្រជា​សហគមន៍​ទេ នោះ​ពួកគេ​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ខាង​មុខ «​បើ​គ្មាន​ដំណោះស្រាយ យើង​នឹង​ធ្វើ​បាតុកម្ម​ហើយ ។ យើង​ធ្វើ​បាតុកម្ម​ហ្នឹង​មិនមែន​ធ្វើ​នៅក្នុង​តែ​កម្ពុជា​ទេ បានន័យថា យើង​ធ្វើ​ទាក់ទង​នឹង​មិត្តភក្តិ​យើង​ទាំងអស់​នៅក្នុង​អាស៊ី​ហ្នឹង ព្រោះ​អី​សហគមន៍​យើង​មាន​មិត្តភក្តិ​នៅក្រៅ មាន​នៅ​ថៃ ហ្វីលីពីន ដើម្បី​ដាក់​សម្ពាន​លើ​ធនាគារ ADB នេះ ជូន​នូវ​ព័ត៌មាន​ពិត និង​ធានា​ពី​សិទ្ធិ​ប្រជាពលរដ្ឋ​នៅក្នុង​ពេល​គម្រោង​ផ្លូវ​ដែ​កចប់ ព្រោះ​អី​រាល់ថ្ងៃ​ព័ត៌មាន​នៃ​ការអភិវឌ្ឍ​ផ្លូវដែក​ហ្នឹង​គឺ​អត់​មាន​ទេ អ្នកខ្លះ​ថា ១០​ម៉ែត្រ អ្ន​ខ្លះ​ថា ២០​ម៉ែត្រ អ្នកខ្លះ​ថា ៣,៥​ម៉ែត្រ អ៊ីចឹង​ព័ត៌មាន​ហ្នឹង​ស្រពិចស្រពិល ធ្វើឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ការបារម្ភ​ខ្លាំង អត់​សប្បាយចិត្ត​នឹង​ការអភិវឌ្ឍ​បែបនេះ​ទេ​» ។​

ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ ថ្លែងថា ធនាគារ​ត្រូវតែ​ផ្តល់ជូន​ព័ត៌មាន​តាម​ការស្នើសុំរ​បស់​ប្រជា​សហគមន៍​ទាំងនោះ បើ​ភាគី​មាន​ចេតនា​លាក់បាំង​ព័ត៌មាន គឺ​ប្រាស់ចាក​ពី​បេសកកម្ម​របស់​ខ្លួន «​ធនាគារ​អភិវឌ្ឍន៍អាស៊ី​គួរតែ​ផ្តល់​ជូន អត់​មាន​អី​ដែល​ត្រូវ​លាក់លាម​ដល់​ប្រជា​សហគមន៍​ដែល​គាត់​រង​ផលប៉ះពាល់ ដល់​ការអភិវឌ្ឍ​របស់​គម្រោង​ផ្លូវ​រថភ្លើង​ដែល​ឧបត្ថម្ភ ឬ​ជំនួយ​ពី​ធនាគារ ADB នេះ​ទេ ។ ហើយ​ប្រសិន​ជា​គាត់​មាន​ចេតនា​លាក់លាម ឬ​មិន​ចង់​បង្ហាញ​អំពី​ព័ត៌មាន​ដល់ សហគមន៍​ដែល​គាត់​ចង់បាន​នេះ ខ្ញុំ​គិតថា ADB ប្រហែល​ជា​ប្រាសចាក​ពី​បេសកកម្ម ឬ​ទស្សនវិស័យ​របស់​គាត់​ហើយ​» ។​

​សូមជម្រាបថា ក្រុមហ៊ុន Toll Royal Railway និង​ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង  បាន​ទទួល​គម្រោង​សាងសង់​បណ្ដាញ​ផ្លូវដែក​កម្ពុជា ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​២​ខ្សែ គឺ​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ  និង​ពី​ភ្នំពេញ​ទៅ​បន្ទាយមានជ័យ ។ គម្រោង​សាងសង់​ផ្លូវដែក​នេះ បាន​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៣០០០​គ្រួសារ ៕

 

គណៈប្រតិភូ​ផ្លូវដែកអាស៊ាន​​ចុះពិនិត្យមើលផ្លូវដែកដែលតភ្ជាប់គ្នា​រវាងកម្ពុជា-ថៃ

ដោយៈ វ៉ា វឌ្ឍនៈ, កោះសន្តិភាព,​ ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៤

គណៈប្រតិភូ​ផ្លូវដែកអាស៊ាន​​ចុះពិនិត្យមើលផ្លូវដែកដែលតភ្ជាប់គ្នា​រវាងកម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ ៖​ សេចក្តីរាយការណ៍​ពីក្រុងប៉ោយប៉ែត​បានឲ្យដឹងថា​ នៅព្រឹកថ្ងៃទី១៦​ តុលា ២០១៤នេះ ​គណៈប្រតិភូផ្លូវដែក​អាស៊ានមួយក្រុម​នឹងចុះមកពិនិត្យ​មើលការដ្ឋាន​ សាងសង់ផ្លូវដែក​ដែលតភ្ជាប់រវាងកម្ពុជា-ថៃ​នៅចំណុចស្រុក​អារញ្ញប្រទេសថៃ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ បានបញ្ជាក់ឲ្យដឹងទៀតថា ​ខណៈនេះដែរក្រុមដោះមីនថៃ ​បាននិងកំពុង​ពិនិត្យនិងដោះមីន​ទំាងនៅក្នុងទឹកដី​ថៃនិងកម្ពុជា ​ក្រោមស្ពានមិត្តភាពកម្ពុជា-ថៃ​ ហើយគណៈប្រតិភូ​នឹងមកដល់ក្នុង​ពេលបន្តិច​ទៀតនេះ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕

Railroad protesters lobby ADB

By Khouth Sophak Chakrya and Kevin Ponniah, The Phnom Penh Post, 02 September 2014

About 50 villagers who live near railway lines in Phnom Penh gathered outside the Asian Development Bank yesterday morning to again demand more detailed information about what will happen to them during forthcoming phases of a bank-funded railway rehabilitation project.

Long Chandy, who represents the Tuol Sangke (B) community in Russey Keo district, said families feared further project phases will require them to vacate their homes.

Phase one of the project will affect villagers within 3.5 metres of the tracks.

Chandy said villagers had seen documents saying families living within 20 metres of the lines would be affected in further phases.

But ADB country representative Eric Sidgwick said the project “only requires a corridor of impact (3.5 meters from the center line in Phnom Penh). The issues raised … were outside the scope of the Project.… We agreed to bring their questions to the Government.”

​ធនាគារ​អភិវឌ្ឍន៍អាស៊ី សន្យា​ឲ្យមាន​ជំនួប​ត្រីភាគី​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ និង​សហគមន៍​រងគ្រោះ​ផ្លូវ​រថភ្លើង​​

ដោយ ឡាយ​ សាមាន, VOD សំឡេងប្រជាធិបតេយ្យ, ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤

ប្រជាពលរដ្ឋតវ៉ានៅព្រឹកថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៤នេះ

ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) នៅ​ថ្ងៃ​ចន្ទ​នេះ សន្យា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ផ្លូវ​រថភ្លើង​ថា និង​ធ្វើ​ជា​អ្នកសម្របសម្រួល​ឲ្យមាន​ត្រីភាគី​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​នេះ​ឲ្យបាន​ឆាប់​។​

​ការសន្យា​នេះ​បន្ទាប់​ពី​ប្រធាន​ធនាគា​អភិវឌ្ឍន៍អាស៊ី អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ ៤​នាក់ ចូល​ជួប​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ផ្លូវ​រថភ្លើង​ជិត​២០០​នាក់ ប្រមូលផ្ដុំ​នៅ​មុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដោយ​មាន​លើក​បដា និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ទាមទារ​ឲ្យ​ធនាគារ​នេះ​ផ្ដល់​នូវ​ព័ត៌មាន​ច្បាស់លាស់​ពី​គម្រោង​នៃការអភិវឌ្ឍ​ផ្លូវ​រថភ្លើង ដោយសារ​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ពី​ការបណ្ដេញចេញ​ដោយ​បង្ខំ ព្រោះ​តែ​ព័ត៌មាន​ដែល​ពួកគាត់​ទទួលបាន​មិន​ដូចគ្នា។​

តំណាង​ប្រជាពលរដ្ឋ លោក ឡុង ចាន់​ឌី មានប្រសាសន៍ ក្រោយ​ចូលជួប​ពិភាក្សា​ថា ខាង​ប្រធាន​ធនាគារ នៅតែ​ផ្តល់​ចម្លើយ​ដដែល​ថា​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​ត្រូវការ​តែ ៣, ៥ ម៉ែត្រ​កន្លះ​ពី​គម្លាត​ផ្លូវ​ប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងណា​លោក​បញ្ជាក់ ភាគី​ធនាគារ សន្យា​នឹង​ធ្វើ​ជា​អ្នកសម្របសម្រួល​ឲ្យមាន​ត្រីភាគី​ជា​មួយ​អ្នកពាក់​ព័ន្ធ​គឺ​ខាង​រដ្ឋាភិបាល ក្រុមហ៊ុន​ថូ​ល Tolll និង​ប្រជាពលរដ្ឋ​។ លោកបញ្ជាក់ថា តំណាង​ប្រជាពលរដ្ឋ នឹង​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ធ្វើ​ជា​លិខិត​លាយ​លក្ខ​អក្សរ​ដាក់​ទៅ​ធនាគារ ADB ជាថ្មីទៀត​ឲ្យធ្វើជា​អ្នកសម្របសម្រួល​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​អ្នកស្រី នី សន្តោស មានប្រសាសន៍ថា ប្រសិនបើ​មិន​មានព័ត៌​មានជាក់លាក់​ពីការអភិវឌ្ឍ​នេះ​ទេ នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មាន​ភាពភ័យខ្លាច ដោយ​ការបណ្តេញចេញ​បង្ខំ​។ អ្នកស្រីបញ្ជាក់ថា ពួកគាត់​នឹង​មក​ធនាគារ ADB ម្តង​ទៀត​ប្រសិនបើ​មិនទាន់​មាន​ដំណោះស្រាយ​។​

​ពលរដ្ឋ​ដែល​ឈរ​តវ៉ា​នៅ​ខាងក្រៅ​អ្នកស្រី មាស ស្រីមុំ មានប្រសាសន៍ថា គាត់​មាន​ការភ័យខ្លាច​ពី​ការអភិវឌ្ឍ​នេះ​ដោយ​បាន​ទទួលដំណឹង​ផ្សេងៗ​គ្នា​គឺ​ពី​ការ​ក្រុមហ៊ុន​ថូ​ល Toll ត្រូវការ ១០​ម៉ែត្រ រដ្ឋាភិបាល ២០​ម៉ែត្រ ចំណែក ធនាគារ ADB ត្រូវការ ៣,៥ មែត្រ​កន្លះ ដែល​ករណី​នេះ​ជា​បញ្ហា​កង្វល់​របស់​ពលរដ្ឋ​។ អ្នកស្រីបន្តថា រដ្ឋាភិបាល និង​ធនាគារ ADB ត្រូវ​សហការ​គ្នា​ត្រូវ​ផ្តល់​ភាពយុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ពី​ការអភិវឌ្ឍ​នេះ​។

​តាម​សេចក្តីរាយការណ៍​នានា ឲ្យដឹងថា ធនាគារ​អភិវឌ្ឍន៍អាស៊ី​នៅ​កម្ពុជា ADB ផ្តល់​កម្ចី លើគម្រោង​វិនិយោគ​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា​ចំនួន​២​ខ្សែ គឺពី​ផ្នែក​ខាងត្បូង​ភ្នំពេញ ទៅកំពុងផែ​ក្រុងព្រះសីហនុ មាន​ប្រវែង២៥៦​គីឡូម៉ែត្រ និង​ពី​ផ្នែក​ខាងជើង​ភ្នំពេញ ទៅ​ព្រំដែន​ថៃ​ក្រុង​ប៉ោយ​ប៉ែត ចម្ងាយ៣៨៣​គីឡូម៉ែត្រ តាំងពី​ឆ្នាំ​២០០៧​។ របាយការណ៍ ADB ឆ្នាំ​២០១២ បានឲ្យដឹងថា គម្រោង​នេះ នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ចំនួន​៤០០០​គ្រួសារ​នៅ​ទូ​ទាំង​ប​ប្រទេស ក្នុងនោះ​១០៥០​គ្រួសារ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​៕

ពលរដ្ឋ​រង​ផល​​ប៉ះពាល់​ពី​​ការ​ពង្រីក​ផ្លូវ​រទេះភ្លើង​ប្រមូល​ផ្ដុំ​នៅ​អេ.ឌី.ប៊ី

ដោយ ដែន អយុធ្យា, វិទ្យុអាស៊ីសេរី,​ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤

ជម្លោះ​ដី សហគមន៍​ផ្លូវ​រទេះ​ភ្លើង ៧៥

ពលរដ្ឋ​តំណាង​សហគមន៍​ផ្លូវ​រថភ្លើង ក្នុង​រាជធានី​ភ្នំពេញ ដែល​ឡើង​មក​តវ៉ា ផ្ដល់​បទសម្ភាសន៍​នៅ​មុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៤។

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ដែក​ចំនួន ៧​សហគមន៍ ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពីមុខ​ការិយាល័យ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឬ​ហៅ​កាត់ អេ.ឌី.ប៊ី (ADB) នៅ​ថ្ងៃ​ទី​២៦ សីហា បង្ហាញ​កង្វល់​បាត់បង់​លំនៅឋាន​ដោយសារ​គម្រោង​ស្ថាបនា​ផ្លូវ​ដែក​នៅ​កម្ពុជា។

បញ្ហា​នេះ​នាយក​ធនាគារ អេ.ឌី.ប៊ី បញ្ជាក់​ថា ផល​ប៉ះពាល់​ទាំង​អស់​ក្រោម​គម្រោង​នេះ ត្រូវ​អនុវត្ត​ដោយ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​អន្តរក្រសួង​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

តំណាង​សហគមន៍​ភូមិ ២៣ ស្ថិត​ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក អ្នកស្រី នី សន្តោស ឲ្យ​ដឹង​ថា តាំង​ពី​រដ្ឋាភិបាល​មាន​គម្រោង​ស្តារ​និង​អភិវឌ្ឍន៍​ផ្លូវ​ដែក​នេះ​មក ពួកគាត់​មិន​បាន​ដឹង​ព័ត៌មាន​លំអិត​ទេ ដូច្នេះ​ប្រជា​សហគមន៍​ស្នើ​សុំ​ឲ្យ​ធនាគារ អេ.ឌី.ប៊ី ជួយ​ផ្ដល់​ព័ត៌មាន​លំអិត​ទាក់ទង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ជូន​ដល់​ពលរដ្ឋ​ឲ្យ​ច្បាស់លាស់​មុន​នឹង​អនុវត្តន៍​គម្រោង​នេះ។

អ្នកស្រី​បន្ត​ថា សព្វ​ថ្ងៃ​នេះ​សហគមន៍​ចង់​ដឹង​ថា តើ​គម្រោង​ស្តារ​ផ្លូវ​ដែក​នេះ​ត្រូវការ​ដី​ស្រប​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ចំនួន​ប៉ុន្មាន​ម៉ែត្រ​ដើម្បី​អភិវឌ្ឍន៍។ ជាង​នេះ តើ​ភាគី​ពាក់ព័ន្ធ​ណា​ខ្លះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់៖ «អ្វី​ដែល​ពួក​ខ្ញុំ​ព្រួយ​បារម្ភ​ជាង​គេ​នោះ គឺ​ខ្ញុំ​អត់​ចង់​ចាក​ចេញ​ពី​ទីលំនៅ​ចាស់​ទេ។ ដូច្នេះ​ខ្ញុំ​ក៏​បាន​ឃើញ​ក្រុមហ៊ុន​ថូល គេ​ធ្វើ​របង​ចេញ​ពី​អ័ក្ស​រៃ ឬ​ផ្លូវ​ដែក​ហ្នឹង​ចេញ​ទៅ ១០​ម៉ែត្រ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​ខ្ញុំ​នៅតែ​ឆ្ងល់​ថា ចុះ​គម្រោង​ហ្នឹង​មិន​មែន​ត្រឹមតែ ៣​ម៉ែត្រ​កន្លះ ដូច​ខាង​អន្តរក្រសួង​និយាយ​ហ្នឹង​ទេ? អ៊ីចឹង​អ្វី​ដែល​ពួក​ខ្ញុំ​ព្រួយ​បារម្ភ​នៅ​តែ​ព្រួយ​បារម្ភ​ថា តើ​នៅ​ថ្ងៃ​ណា​មួយ​នោះ​គេ​នឹង​បណ្ដេញ​ពួក​ខ្ញុំ​ចេញ​ពី​សហគមន៍»។

ចំណែក​អ្នកស្រី ឆាយ គឿន មក​ពី​សហគមន៍ ១០៤ និង ១០៥ នៅ​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក មាន​កង្វល់​ថា រហូត​មក​ទល់​ពេល​នេះ សហគមន៍​ផ្លូវ​រទេះភ្លើង​ក្នុង​រាជធានី​ភ្នំពេញ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក ឬ​ការ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

អ្នកស្រី​បន្ត​ថា សព្វថ្ងៃ​នេះ សហគមន៍​ខ្លាច​គម្រោង​ស្ដារ​ផ្លូវដែក​នៅ​កម្ពុជា នាំ​ឲ្យ​ក​គាត់​បាត់បង់​លំនៅឋាន ឬ​រង​នូវ​ការ​បណ្ដេញ​ទាំង​បង្ខំ ដូច​រដ្ឋាភិបាល​ធ្លាប់​អនុវត្ត​កន្លង​មក៖ «ខ្ញុំ​ឮ​សូរ​រាជ​រដ្ឋាភិបាល​គាត់​និយាយ​ថា ការ​បណ្ដេញ​ចេញ​ហ្នឹង​គាត់​នឹង​ខំ​ឲ្យ​ស្ថាប័ន​របស់​គាត់​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ តែ​ខ្ញុំ​ដូចជា​មិន​សូវ​ទុកចិត្ត​ត្រង់​ហ្នឹង? អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​មក​ដល់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី ហ្នឹង ដែល​គាត់​ជា​អ្នក​ឧបត្ថម្ភ​គម្រោង​អភិវឌ្ឍន៍​ពិភពលោក​ហ្នឹង គាត់​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង កុំ​ឲ្យ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង។ ឲ្យ​ប្រជាពលរដ្ឋ​បាន​រស់​នៅ​ទីក្រុង​ដូច​នៅ​ប្រទេស​នានា​ដែរ»។

ទាក់ទិន​បញ្ហា​នេះ លោក អៀង វុទ្ធី នាយក​អង្គការ​សមធម៌​កម្ពុជា ដែល​ឃ្លាំមើល​សកម្មភាព​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​របស់​រដ្ឋាភិបាល​ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ លោក​ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ពិចារណា​ដោះស្រាយ​សំណង ឬ​សំណូមពរ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​អនុវត្ត​គម្រោង​នេះ។

​លោក​បន្ត​ថា បើ​សិន​ផ្នែក​ពាក់ព័ន្ធ​មិន​បាន​ដំណោះស្រាយ​សំណង​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​ឲ្យ​ត្រឹមត្រូវ​ទេ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​អនាគត។

គេហទំព័រ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បង្ហាញ​ថា គម្រោង​ស្ថាបនា​ផ្លូវ​រទេះភ្លើង ២​ខ្សែ ពី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ និង​ពី​ភ្នំពេញ ទៅ​ខេត្ត​បន្ទាយមានជ័យ មាន​ចម្ងាយ​ជាង ៤០០​គីឡូម៉ែត្រ។

ការ​ស្ថាបនា​នេះ លោក អៀង វុទ្ធី ឲ្យ​ដឹង​ថា បាន​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ៤​ពាន់​គ្រួសារ ហើយ​កន្លង​មក​នេះ មាន​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ បាន​ព្រម​ទទួល​យក​សំណង និង​ព្រម​ចាក​ចេញទៅ​រស់​នៅ​ទីតាំង​ថ្មី។

លោក​បន្ត​ថា គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង និង​ផល​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​មិន​ទាន់​ដោះស្រាយ​នេះ បាន​កើត​មាន​តាំងពី​ឆ្នាំ​២០១១ មក​ម្ល៉េះ។

បញ្ហា​នេះ លោក អៀរីក ស៊ីដវិច (Eric Sidgwick) នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា បាន​សរសេរ​លិខិត​ឆ្លើយតប​ទៅ​តំណាង​សហគមន៍​រង​ផល​ប៉ះពាល់​នៃ​គម្រោង​ស្ដារ​ផ្លូវ​ដែក​បង្ហាញ​ថា ធនាគារ អេ.ឌី.ប៊ី គឺ​ជា​ដៃគូ​ផល់​ហិរញ្ញប្បទាន​មួយ​សម្រាប់​គម្រោង​ស្ដារ​ឡើង​វិញ​ផ្លូវដែក​នៅ​កម្ពុជា។ លោក​បន្ត​ថា គម្រោង​នេះ​មាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​របស់​រដ្ឋាភិបាល​ជា​អ្នក​អនុវត្តន៍។

​ជាង​នេះ​រាល់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ទាំង​អស់​ក្រោម​គម្រោង​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​អន្តរ​ក្រសួង​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នេះ សម្រាប់​ខ្សែ​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ គឺ​មាន​ទំហំ ៧​ម៉ែត្រ ៣​ម៉ែត្រ​កន្លះ​ម្ខាងៗ ពី​អ័ក្ស​នៃ​ផ្លូវ​រថភ្លើង។ សម្រាប់​ទំហំ​នៃ​ខ្សែ​រថភ្លើង​នៅ​ផ្នែក​ខាង​ជើង និង​ផ្នែក​ខាង​ត្បូង​គឺ​ទំហំ​នៃ​ផល​ប៉ះពាល់​មាន​ចាប់​ពី ៨ ទៅ ១០​ម៉ែត្រ នៅ​ទី​ជនបទ និង​៧​ម៉ែត្រ​នៅ​ក្នុង​ក្រុង​មាន​ដូចជា ក្រុង​ពោធិ៍សាត់ បាត់ដំបង ក្រុង​សិរីសោភ័ណ និង​ខេត្ត​ព្រះសីហនុ ជាដើម៕

ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​តវ៉ា​មុខ​ការិយាល័យ ADB

ដោយ ឃុត សុភចរិយា, ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤

ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ផ្លូវ​ដែក ក្នុង​រាជធានី​ភ្នំពេញ​តវ៉ា​មុខ​ស្នាក់​ការ ADB។

ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ផ្លូវ​ដែក ក្នុង​រាជធានី​ភ្នំពេញ​តវ៉ា​មុខ​ស្នាក់​ការ ADB។ ផា លីណា

ភ្នំពេញៈ ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​ជាង ៣០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​កម្ពុជា ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ជាក់​អំពី​វិសាលភាព​គម្រោង​ស្ដារ​និង​អភិវឌ្ឍ​ផ្លូវ​ដែក ពិសេស​ក្នុង​រាជធានី​ភ្នំពេញ។

តំណាង​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​គម្រោង​នេះ អ្នក​ស្រី នី សណ្ដោស បាន​រៀប​រាប់​ថា កាល​ពី​ថ្ងៃ ទី១៣ ខែ​សីហា ឆ្នាំ​២០១៤ លោក Eric Sidgwick នាយក​ធនាគារ ADB ប្រចាំ​កម្ពុជា បាន​ឆ្លើយ​តប​ជា​លាយ​លក្ខណ៍​អក្សរ​អំពី​ដំណើរ​ការ​អនុវត្ត​គម្រោង​ស្ដារ​និង​អភិវឌ្ឍន៍​ផ្លូវ​ដែក ជំហាន ទី១ ដែល​មាន​ការ​ព្រម​ព្រៀង​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ព្រម​ទាំង​មាន​ការ​គាំទ្រ​ពី​គណៈ​កម្មការ​អន្តរ​ក្រសួង តាំង​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា អនុម័ត​គម្រោង​នេះ​ក្នុង ឆ្នាំ​២០០៩។

លោក​ស្រី​បញ្ជាក់​ថា ក្នុង​លិខិត​ឆ្លើយ​តប​នោះ ដំណាក់​កាល​ជំហាន​ដំបូង​នៃ​គម្រោង​នេះ គឺ​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ផ្ទះ​នៅ​លើ​និង​នៅ​អម​ផ្លូវ​ដែក​ទាំង​អស់​ធ្វើ​ការ​រុះរើ និង​ដក​ថយ​ចេញ​ពី​អ័ក្ស​ផ្លូវ​ដែក​ទាំង​សង​ខាង​ក្នុង​ចម្ងាយ ៣,៥ ម៉ែត្រ​ប៉ុណ្ណោះ ដើម្បី​សម្រួល​ដល់​ដំណើការ​រៀបចំ​ស្ដារ​និង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ឡើង​វិញ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​ជំហាន​បន្ទាប់ ដែល​នឹង​ត្រូវ​អនុវត្ត​បន្ត​នោះ​ទេ។

អ្នក​ស្រី​និយាយ​ថា៖ «ព័ត៌មាន​ដែល​គាត់​ផ្ដល់​ឲ្យ​យើង​ខ្ញុំ​នៅ​ពេល​នេះ​ជា​ព័ត៌មាន​ដដែលៗ ដែល​ពួក​យើង​បាន​ដឹង​រួច​មក​ហើយ​តាម​រយៈ​មន្ត្រី​គណៈ​កម្មការ​ចម្រុះ​អន្តរ​ក្រសួង​នា​ពេល​កន្លង​មក។ អ្វី​ដែល​ពួក​ខ្ញុំ​ចង់​ដឹង​គឺ ព័ត៌មាន​លម្អិត​ស្ដី​ពី​វិសាលភាព​នៃ​គម្រោង​ទាំង​មូល និង អំពី​ដំណាក់​កាល​នៃ​ការ​អនុវត្តន៍​គម្រោង​ក្នុង​ជំហាន​បន្ទាប់ ទី២ និង ទី៣ ព្រោះ​បច្ចុប្បន្ន​យើង​ខ្ញុំ​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​ប្រយោល​ពី​គម្រោង​នេះ»។

លោក ឡុង ចាន់ឌី តំណាង​ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​ជម្លៀស​ពួក​គាត់​ពី​លំនៅឋាន​នៅ​ពេល​ការ​អនុវត្ត​ជំហាន ទី២ ចូល​មក​ដល់។

លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ ទី២០ ខែ​មិថុនា កន្លង​ទៅ ក្រុម​ហ៊ុន​ថូល ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​គម្រោង​ស្ដារ​និង​អភិវឌ្ឍ​ផ្លូវ​ដែក​ពី​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ផ្សាយ​សេចក្ដី​ជូន​ដំណឹង​ជា​សាធារណៈ ដោយ​បាន​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ ក្រុង​ព្រះ​សីហនុ ត្រូវ​រុះរើ​ផ្ទះ​ចេញ​ពី​អ័ក្ស​ផ្លូវ​ដែក​សង​ខាង​ក្នុង​ចម្ងាយ ១០ ម៉ែត្រ​ដោយ​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​ចង​ព្យួរ​អ្វី​ទាំង​អស់​រួម​ទាំង​សត្វ​ចិញ្ចឹម និង ក្មេង​លេង​នៅ​ក្នុង​បរិវេណ​ដែល​កំណត់។ ក្នុង​ករណី​មិន​គោរព​សេចក្ដី​ណែនាំ​នេះ ក្រុម​ហ៊ុន​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់ ដែល​អាច​កើត​មាន​ជាយថាហេតុ នោះ​ឡើយ។

លោក​បាន​ថ្លែង​ថា៖ «បើ​យ៉ាង​ដូច្នេះ​មែន​នោះ យើង​ខ្ញុំ​ដែល​មាន​ផ្ទះ​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​មួយ​ខ្សែ​នេះ នឹង​ត្រូវ​គេ​ជម្លៀស​ចេញ​ទៅ​ទីតាំង​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ នេះ​ជា​ហេតុ​ផល​ដែល​យើង​ខ្ញុំ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ ហើយ​ទាម​ទារ​ឲ្យ ADB ជួយ​អន្តរាគមន៍​សម្រប​សម្រួល​ទៅ​ភាគី​ក្រុម​ហ៊ុន ក៏​ដូច​ជា​គណៈកម្មការ​អន្តរ​ក្រសួង ដែល​តំណាង​ឲ្យ​ភាគី​រដ្ឋាភិបាល មេត្តា​ជួប​ប្រឹក្សា​យោបល់ និង​ផ្ដល់​ព័ត៌មាន​លម្អិត​ស្ដី​ពី​គម្រោង​ដល់​យើង​ខ្ញុំ​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​គិត​បារម្ភ​និង​ភ័យ​ខ្លាច​បន្ត​ទៀត»។

ទោះ​ជា​បែប​ណា​ការ​ជួប​ប្រជុំ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​រយៈ​ពេល​ខ្លី នៅ​មុខ​ការិយាល័យ ADB ប្រចាំ​កម្ពុជា ក្រោម​ការ​ឃ្លាំ​មើល​របស់​ក្រុម​សមត្ថកិច្ច​នគរបាល និង​សន្តិសុខ​សណ្ដាប់​ធ្នាប់ ខណ្ឌ​ដូនពេញ ប៉ុន្តែ មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ទេ។

រយៈ​ពេល ៣០​នាទី ក្រោយ​មក​ក្រុម​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​រំសាយ​ទៅ​កាន់​លំនៅឋាន​រៀង​ខ្លួន​វិញ បន្ទាប់​ពី​បាន​ប្រគល់​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​ពួក​គាត់ ជូន​ទៅ​បុគ្គលិក​ម្នាក់​ដែល​បម្រើ​ការ​នៅ​ការិយាល័យ ADB ដោយ​បាន​ជម្រាប​ផង​ដែរ​ថា នៅ​ថ្ងៃ ទី០១ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ពួក​គាត់​ទាំង​អស់​គ្នា​នឹង​វិល​មក​ជួប​ប្រជុំ​គ្នា​ម្ដង​ទៀត​នៅ​ទី​នេះ ដើម្បី​សុំ​ជួប​ប្រឹក្សា​យោបល់​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​គណៈ​កម្មការ​អន្តរ​ក្រសួង ដោយ​មាន​ការ​សម្រប​សម្រួល​ពី ADB ជុំវិញ​ការ​អនុវត្ត​គម្រោង​នេះ​ក្នុង​ជំហាន​បន្ត​បន្ទាប់៕