រាជរដ្ឋាភិបាល​ប្រកាស​លុប​​ចោល​គម្រោង​​សង់​ផ្លូវ​ល្បឿន​លឿន​ពី​ ភ្នំពេញ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

ប្រភព ៖ ភ្នំពេញ ប៉ុស្តិ៍ / ថ្ងៃពុធ ទី៦ ខែមេសា ឆ្នំាំ២០១៦, ដោយ and

4-HunSen_8 (1)
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធអគារ​​រដ្ឋបាល​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ។ ហេង ជីវ័ន

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​លុប​ចោល​គម្រោង​​​​​​សាង​​សង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​​កាន់​ព្រលាន​​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បាន​បញ្ជា​ឲ្យ​កែលម្អ​ផ្លូវ​​ដែក​ពី​ស្ថានីយ​រថភ្លើង​ទៅ​គីឡូម៉ែត្រ​​លេខ​ ៦ ធ្វើ​ជា​ផ្លូវ​​កៅស៊ូ​សម្រាប់​​ធ្វើ​​ដំណើរ​​​វិញ​ដើម្បី​​បញ្ចប់​ការ​តវ៉ា និង​​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​​រង​ផលប៉ះពាល់​ដោយសារ​គម្រោង​នេះ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្រោយពី​ប្រជាពលរដ្ឋ​​មកពី​សហគមន៍​ចំនួន​ ៨ ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​​រថភ្លើង​បាន​​តវ៉ា​នៅ​​មុខ​ក្រសួង​សាធារណការ​ និង​​ដឹកជញ្ជូន​ជាច្រើន​លើក​ច្រើន​សា​នា​ពេល​កន្លង​​មក​ដើម្បី​​ទាមទារ​ឲ្យ​ក្រសួង​ និង​អ្នក​ពាក់ព័ន្ធ​បើក​វេទិកា​សាធារណៈ​​បង្ហាញ​​ពី​ទំហំ​ផលប៉ះពាល់​ដោយសារ​​ការ​​អភិវឌ្ឍ​​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​​​​​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម និង​​ទាមទារ​ធ្វើ​វេទិកា​សាធារណៈ​បន្ត​​ទៀត​ព្រោះ​លោក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទេ​នាំ​តែ​ពិបាក។

លោក​ថ្លែង​ថា៖ ​«មាន​​ក្រុមហ៊ុន​ដល់​ទៅ​បី​បួន​​​កំពុង​​សិក្សា​ធ្វើ​អា Express way ពី​នឹង​ទៅ​ពោធិ៍​ចិនតុង​មិន​ទាន់​បាន​អី​ផង​​​​ធ្វើ​បាតុកម្ម​ទាមទារ​ធ្វើ​វេទិកា​​សាធារណៈ​ឥឡូវ​បើ​យើង​អត់​ធ្វើ​មិន​បាច់​​ធ្វើ​វេទិកា​សាធារណៈ​ទេ​ព្រោះ​មិន​ដឹង​និយាយ​ពី​អី»។

បើ​ទោះ​ជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ត្រូវ​លុប​ចោល​តែ​លោក​​​​​បាន​បញ្ជា​ឲ្យ​កែលម្អ​ផ្លូវ​ដែក​​ពី​ស្ថានីយ​រថភ្លើង​ទៅ​គីឡូម៉ែត្រ​លេខ​ ៦ ធ្វើ​​ជា​ផ្លូវ​កៅស៊ូ​វិញ។ ​

លោក​ថា៖ «ផ្លូវ​​ហ្នឹង​មិន​​ដែល​​​ប្រើ​ណា​បើ​អត់​​ដែល​ប្រើ​ទេ​លុប​​​ផ្លូវ​រថភ្លើង​​ហ្នឹង​ចោល​​ទៅ​ហើយ​យើង​ធ្វើ​ផ្លូវ​ឲ្យ​វា​​បាន​ធំ​ដើម្បី​រំដោះ​​ចរាចរណ៍​​ចូល​ក្រុង​​​ភ្នំពេញ»។

យោង​តាម​​​របាយការណ៍​​​របស់​ឧបនាយក​រដ្ឋមន្ត្រី​​ប្រចាំ​ការ​លោក គាត ឈន់ ដាក់​ជូន​លោក​​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្តីពី​ការ​បង្កើត​​​ក្រុម​​ការងារ​សិក្សា​លើ​គម្រោង​​វិនិយោគ​សាងសង់​ផ្លូវអាកាស​ល្បឿន​លឿន​កាលពី​ថ្ងៃ​ ២៨ ​​​​​​មករា​បាន​ឲ្យ​​ដឹង​​ថា​មាន​ក្រុមហ៊ុន​​ ៣ ដែល​​​​ស្នើសុំ​​វិនិយោគ​រួមមាន​ក្រុមហ៊ុន OCIC ដែល​គ្រោង​ចំណាយ​ទុន​វិនិយោគ ២១៥ លាន​ដុល្លារ​ ក្រុមហ៊ុន​​ហឺណាន​របស់​ចិន​គ្រោង​ចំណាយ​​​​​ទុន​វិនិយោគ​ជិត ២៦០ ​​​លាន​ដុល្លារ និង​​ក្រុម​ហ៊ុន​ Hohibbah Engineering។ តាម​ការ​សិក្សា​ជា​​បឋម​គឺ​​​មាន​​​ពលរដ្ឋ​ជាង​​ ១ ​ពាន់​​គ្រួសារ​ដែល​អាច​រង​​​ផលប៉ះពាល់​ហើយ​​ការ​ចំណាយ​លើ​​ការ​​ដោះស្រាយ​មាន​ទំហំ​​ធំ។

តំណាង​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​អ្នកស្រី ឃួន សារិន បាន​​​គាំទ្រ​​ចំពោះ​​ការ​ប្រកាស​​របស់​​​​រដ្ឋាភិបាល​ដែល​លុប​​ចោល​​គម្រោង​​សាងសង់​ផ្លូវ​ល្បឿន​​​លឿន​នេះ​តែ​អ្នកស្រី​ថា​ការ​​អភិវឌ្ឍ​​​ផ្លូវ​ដែក​ទៅ​គីឡូម៉ែត្រ​លេខ​ ៦​ ធ្វើ​ជា​ផ្លូវ​កៅស៊ូ​ក៏​មាន​ផលប៉ះពាល់​ដល់​លំនៅឋាន​ពលរដ្ឋ​មួយ​ចំនួន​​​​​ដែរ។ អ្នកស្រី​បាន​និយាយ​ថា៖ ​«តែ​បើ​សិន​​ថា​​ត្រូវ​អភិវឌ្ឍ​​​ប៉ះពាល់​អ៊ីចឹង​​ធ្វើ​​ម៉េច​ឲ្យ​​ប្រជាជន​ទទួល​សំណង​​សមរម្យ​​ទៅ​តាម​អ្វី​​ដែល​ប្រជាជន​ចង់​បាន​»។

អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​​ហឺណាន លោក Liu Yong បាន​ថ្លែង​ថា​លោក​បាន​ឮ​ព័ត៌មាន​នេះ​តែ​​ក្រុមហ៊ុន​នៅ​មិន​ទាន់​ទទួល​​បាន​លិខិត​​ផ្លូវការ​ពី​​រដ្ឋាភិបាល​នៅ​ឡើយ។

លោក​ លឹម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួង​​​សាធារណការ​បាន​ថ្លែង​ថា​លោក​​​នៅ​​​ពុំ​ទាន់​បាន​ទទួល​​ព័ត៌មាន​នេះ​ទេ។

ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​លោក សៀ ភារម្យ បាន​សាទរ​ចំពោះ​ការ​លុប​​ចោល​​គម្រោង​នេះ។

លោក​ថា៖ «អ្វី​​ដែល​គាត់​ផ្អាក​ឈប់​សាងសង់​ផ្លូវ​ល្បឿន​នេះ​មាន​​ន័យ​ថា​គាត់​​​យល់​ពី​ទុក្ខ​លំបាក​របស់​​​ពលរដ្ឋ​ហើយ​ដូច្នេះ​​គោលការណ៍​ជ្រើសរើស​ទិសដៅ​ថ្មី​យ៉ាង​ណា​នោះ​ក៏​​គាត់​នឹង​រួម​បញ្ចូល​ទុក្ខ​លំបាក​របស់​​ពលរដ្ឋ​កាត់​បន្ថយ​ផលប៉ះពាល់​របស់​​ពលរដ្ឋ​បើ​មិន​ដូច្នោះ​ទេ​គឺ​មិន​​ខុស​​ពី​​អ្វី​​​​ដែល​គាត់​​ដេញ​ម្ចាស់​ឆ្នោត​ពី​ផ្ទះ​​ពី​​ដីធ្លី​ដោយសារ​តែ​ផ្លូវ​​មួយ​ខ្សែ​អ៊ីចឹង​ពលរដ្ឋ​ក្រីក្រ​​ច្រើន​ណាស់​ដែល​ជា​ម្ចាស់​ឆ្នោត​​ហ្នឹង​នឹង​ដេញ​គាត់​ចេញ​ពី​កៅអី​»។

ក្នុង​ពិធី​នោះ​ដែរ​លោក​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ស្តីបន្ទោស​ខ្លាំងៗ​ទៅ​ប្រធាន​​​មន្ទីរ​សាធារណការ​​រាជធានី​ភ្នំពេញ​លោក សាំ ពិសិដ្ឋ​ និង​​អាជ្ញាធរ​​ខណ្ឌ​ដែល​មិន​អើពើ​ជួសជុល​ផ្លូវ​ខូច​ខណៈ​ដែល​មាន​​ពលរដ្ឋ​​មួយ​​​ចំនួន​បាន​​​រអ៊ូរ​ទាំង​ពី​បញ្ហា​ផ្លូវ​ថ្នល់​នេះ។​

លោក​ថា៖«ឯណា​ សាំ ពិសិដ្ឋ?​ មាន​​​ភ្នែក​​​មើល​ផ្លូវ​​អត់ និយាយ​​​​ត្រង់ៗ​ជាមួយ​គ្នា​ម៉ង​ឧស្សាហ៍​ដើរ​មើល​ផង​កុំ​នៅ​​​ចង​​ក្រវាត់​ក​នៅក្នុង​ហ្នឹង​អី​ខ្ញុំ​និយាយ​ត្រង់​តាំងពី​ពេល​លោក​ឯង​ឡើង​មក​គឺ​ផ្លូវ​វា​យ៉ាប់​អា​ធ្វើ​ផ្លូវ​​ថ្មី​ហ្នឹង​វា​បាន​ដែរ​ខ្ញុំ​​អរ​ហើយ​តែ​​​អាចាស់​ហ្នឹង​ម៉េច​​មិន​ព្រម​ជួសជុល​ប្រយ័ត្ន​ថ្ងៃ​ណា​មួយ​​​អស់​បុណ្យ​​អស់​ស័ក្ដិ»។

លោក សាំ ពិសិដ្ឋ មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ៕