ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​១៦​គ្រួសារ​ព្រម​ទទួល​ដំណោះស្រាយ​ដីធ្លី​ពី​សាលា​ក្រុង

ប្រភព ៖ វិទ្យុអាសុី សេរី / ថ្ងៃច័ន្ទ ទី១០ ខែមេសា ឆ្នំា២០១៦, ដោយ​ អ៊ុំ រង្សី

acf35b50-1745-4c74-9ace-20700d49e187
កិច្ច​ប្រជុំ​ស្ដីពី​ការ​ចាប់​ឆ្នោត​ដី​ឡូត៍​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ភូមិ​១ សង្កាត់​ស្រះចក ចំនួន ១៦​គ្រួសារ នា​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Um Rainsey

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​តំបន់​បឹងកក់ ក្នុង​ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ចំនួន ១៦​គ្រួសារ ព្រម​ទទួល​ដំណោះស្រាយ​ពី​សាលា​ក្រុង​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំ​កន្លង​មក។ ទាក់ទិន​បញ្ហា​នេះ សង្គម​ស៊ីវិល​សាទរ​ដែល​អាជ្ញាធរ​មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ​នោះ​ឲ្យ​បាន​ចប់។

សាលា​រាជធានី​ភ្នំពេញ អះអាង​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​តំបន់​បឹងកក់​ចំនួន ១៦​គ្រួសារ នឹង​ទទួល​បាន​ដី​ទំហំ ៤​ម៉ែត្រ​គុណ​នឹង ១៦​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ការ​ចាប់​ឆ្នោត​ដី​ឡូត៍​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ភូមិ​១ សង្កាត់​ស្រះចក ចំនួន ១៦​គ្រួសារ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ នេះ ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ អភិបាល​ខណ្ឌ​ដូនពេញ និង​ពលរដ្ឋ ១៦​គ្រួសារ តែ​មិន​ឃើញ​វត្តមាន​សង្គម​ស៊ីវិល​ចូលរួម​ឃ្លាំ​មើល​នោះ​ទេ។

ថ្លែង​ក្នុង​ពិធី​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​នៃ​លទ្ធផល​ដោះស្រាយ​បញ្ហា​បញ្ចប់​ជម្លោះ​ក្នុង​តំបន់​បឹងកក់ តាម​រយៈ​ការ​ចាប់​ឆ្នោត ហើយ​ប្រជាពលរដ្ឋ ១៦​គ្រួសារ នឹង​ទទួល​បាន​ដី​ទំហំ ៤​ម៉ែត្រ​គុណ​នឹង ១៦​ម៉ែត្រ​ដូច​គ្នា។ លោក​អះអាង​ទៀត​ថា ក្រោយ​ពី​ចាប់​ឆ្នោត​ដី​ឡូត៍​នេះ​រួច សាលា​រាជធានី​ភ្នំពេញ នឹង​ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ ដើម្បី​ឈាន​ទៅ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ពេល​ឆាប់ៗ​នេះ។ ចំណែក​គ្រួសារ​ដែល​នៅ​សេសសល់ សាលា​រាជធានី​ភ្នំពេញ នឹង​ខិត​ឈាន​ទៅ​បញ្ចប់៖ «ការ​ចាប់​ឆ្នោត​ថ្ងៃ​នេះ គាត់​នឹង​មាន​អត្តសញ្ញាណ​ច្បាស់លាស់​ក្នុង​ការ​កាន់​កាប់​ដី​ឡូត៍​របស់​ពួក​គាត់​ទៅ​ថ្ងៃ​អនាគត»

តំណាង​គ្រួសារ​ពលរដ្ឋ ១៦​គ្រួសារ​ដែល​យល់​ព្រម​ចាប់​ឆ្នោត​ទទួល​យក​ដី​ឡូត៍​ក្នុង​តំបន់​បឹងកក់ ពី​សាលា​ក្រុង​ទំហំ ៤​ម៉ែត្រ​គុណ​នឹង ១៦​ម៉ែត្រ លោក ចាន់ ពុទ្ធិស័ក្ត ឲ្យ​ដឹង​ថា ការ​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ពី​សាលា​ក្រុង​នៅ​ពេល​នេះ ដោយសារ​ប្រជាពលរដ្ឋ​ទាំង ១៦​គ្រួសារ​មិន​ចង់​បន្ត​ជម្លោះ​ដីធ្លី​នេះ​បន្ត​ទៀត។ លោក​ថា ដំណោះស្រាយ​នេះ​មិន​ទាន់​ឆ្លើយ​តប​នឹង​អ្វី​ដែល​គ្រួសារ​ទាំង ១៦​គ្រួសារ បាន​ទាមទារ​កន្លង​មក​ទំហំ ៤​ម៉ែត្រ​គុណ​នឹង ១៨​ម៉ែត្រ​នោះ​ឡើយ៖ «តាម​ពិត​គ្រួសារ​ខ្លះ​គាត់​មិន​បាន​ពេញ​ចិត្ត​នឹង​ទំហំ ៤ គុណ ១៦​ម៉ែត្រ​នេះ ព្រោះ​គ្រួសារ​ខ្លះ​មាន​សមាជិក​គ្រួសារ​ច្រើន ហើយ​មាន​ទំហំ​ដី​ធំ ដូច​ខ្ញុំ​ផ្ទាល់​មាន​ទំហំ​រហូត​ដល់ ៧៥​ម៉ែត្រ»

យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​បឹងកក់​រូប​នេះ ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ដំណោះស្រាយ​នេះ ព្រោះ​មិន​មាន​វត្តមាន​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ពី​នីតិវិធី​បោះឆ្នោត និង​ធ្វើ​ជា​សាក្សី​ជូន​ពលរដ្ឋ​ក្នុង​រឿង​នេះ។

ករណី​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ដែល​តែង​ឃ្លាំ​មើល​បញ្ហា​ជម្លោះ​ដី​ក្នុង​តំបន់​បឹងកក់ ក៏​សម្ដែង​ការ​សោកស្ដាយ​ដែល​សាលា​រាជធានី​ភ្នំពេញ មិន​បាន​ផ្តល់​ឱកាស​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ពិនិត្យ និង​ឃ្លាំ​មើល​នីតិវិធី​បោះឆ្នោត​នេះ ប៉ុន្តែ​យ៉ាង​ណា លោក​ស្វាគមន៍​ចំពោះ​ដំណោះស្រាយ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ក៏​អះអាង​ថា នឹង​បន្ត​ឃ្លាំ​មើល​រហូត​ពលរដ្ឋ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​គ្រប់​គ្រួសារ៖ «មាន​ជំនឿ​ថា សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​ហើយ សាលា​ក្រុង​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ជំនឿ​ឡើង​វិញ»

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា នៅ​មាន​ពលរដ្ឋ ៦​គ្រួសារ​ទៀត​នៅ​តំបន់​នេះ ដែល​មិន​ទាន់​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ ដោយសារ​ពួក​គាត់​ទាមទារ​ឲ្យ​សាលា​ក្រុង គិត​លើ​ទំហំ​ដី​ដែល​គាត់​រស់នៅ និង​ដី​បឹង​ដែល​គាត់​ធ្លាប់​ប្រកប​មុខ​របរ។

ទោះ​បី​ជា​យ៉ាង​ណា ពលរដ្ឋ ១៦​គ្រួសារ​ដែល​ព្រម​ទទួល​យក​ដី​ទំហំ ៤​ម៉ែត្រ​គុណ​នឹង ១៦​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ នៅ​តែ​អះអាង​ថា នឹង​នៅ​តែ​បន្ត​ជួយ​តវ៉ា​គ្នា​រហូត​គ្រួសារ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​បឹងកក់ ទទួល​បាន​ដំណោះស្រាយ​ទាំងអស់​គ្នា៕